ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងលើកទី២

39

ស្វាយរៀង​៖លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន​ វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពីធីបើក ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងលើកទី២ ឆ្នាំ២០១៨ នៅបរិវេណស្តូបរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោក្រុងស្វាយរៀង​ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ។
ក្នុងពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុគណៈកម្មាធិការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

សូម​បញ្ជាក់​ថា​ ព្រឹត្តិការសង្ក្រាន្តស្វាយរៀងមាន រយៈពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង។ ការរៀបចំឡើងឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះគឺជាលើកទី២ ហើយដែលថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ដែលមានគោលបំណងដូចខាងក្រោម៖
១-ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២
២-ដើម្បីបង្ហាញ ការថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទំលាប់ប្រពៃណី ដ៏រុងរឿងរបស់ខ្មែរយើង
៣-ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះដែរ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងលោកស្រីព្រមទាំងប្រតិភូអមដំណើរ​បានអញ្ជើញទស្សនាការតាំងពិព័រណ៌ផលិតផលនានា រួមទាំងទីតាំងតំបន់ត្រជាក់ចិត្ត តំបន់ល្បែងប្រជាប្រិយ និងទីតាំងសួនកុមារផងដែរ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះ ក៏មានការប្រគុំតន្ត្រី សម័យបុរាណ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត ៕

ចែករំលែក

បញ្ចេញយោបល់