វិភាគនយោបាយ៖ ដំរីស្លាប់ យកចង្អេរទៅបាំង!!

43

នៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៨ អង្គការ ANFREL (បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ) ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានចេញ
សេចក្តីប្រកាសព័ត៌មានមួយ គួរឱ្យអស់សំណើចថា ខ្លួនមិនបានដឹងពីការរៀបចំបង្កើតបន្ទប់ស្ថានភាព និងអះ
អាងថា ខ្លួនមិនលូកលាន់ក្នុងកិច្ចការបោះឆ្នោតកម្ពុជាឡើយ។ ​ប្រសិនបើការអះអាងនេះជាការពិត នោះគឺជា
ការលាងជម្រះខ្លួន និងបង្ហាញពីការមិនចុះសម្រុងគ្នានៅក្នុងចំណោមសមាជិកនៃអង្គការនេះ និងប្រកាសដក
ខ្លួនចេញពីគម្រោងផែនការទុច្ចរិត ដែលសមាជិកក្រុមប្រឹក្សាភិបាលខ្លះនៃអង្គការនេះ បានឃុបឃិតគ្នារៀបចំ ហើយសមាជិកផ្សេងទៀតនៃអង្គការនេះដែលមានឯករាជភាព និងអព្យាក្រឹត្យភាពពិតប្រាកដ មិនចង់ឱ្យជន
ឱកាសនិយមមួយចំនួនយកឈ្មោះអង្គការអាន់ហ្វ្រែល មកប្រឡូកប្រឡាក់ជាមួយផលប្រយោជន៍នយោបាយ
ដូចដែលសមាជិកខ្លះនៃអង្គការនេះបានធ្វើនាពេលកន្លងមកនោះទេ។ នៅក្នុងរចនាសម្ព័ន្ធរបស់ខ្លួន អង្គការអា ន់ហ្វ្រែលមានសមាជិកជាអង្គការសង្គមស៊ីវិលមកពីប្រទេសនានាក្នុងទ្វីបអាស៊ីក្នុងនោះកម្ពុជាមានអង្គការខុម ហ្វ្រែល និងអង្គការនិកហ្វិកដែលធ្វើការងារនៅការតានដានដំណើរការបោះឆ្នោតជាសមាជិក។

ថ្មីៗនេះ មានព័ត៌មានលេចធ្លាយចេញពីចំណោមមន្ត្រីអង្គការ ANFREL ថា ដោយសារតែបន្ទប់ស្ថានភាពតាមដានការបោះឆ្នោតដែលបានបង្កើតឡើងក្នុងអំឡុង​ពេល​​​នៃការ​បោះឆ្នោត​នៅឆ្នាំ២០១៣ និងបោះឆ្នោតក្រុមប្រឹក្សា​ឃុំសង្កាត់ នៅឆ្នាំ២០១៧ នឹងមិន​មាន​វត្តមាន​នៅកម្ពុជាទៀតដោយ​សារតែក្រសួងមហាផ្ទៃ
អះអាងថាខុសច្បាប់និងមិនអនុញ្ញាតឱ្យបន្តសកម្មភាព ដូច្នេះបន្ទប់ស្ថានភាពនេះ​ នឹងត្រូវផ្លាស់ប្តូរ​ទៅតាំងទី
នៅទីក្រុងបាងកក។ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ត្រូវបានតែងតាំង​ជាប្រធានថ្មីនៃអង្គការ ANFREL បន្ថែមលើតួនាទីជានាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល ហើយអង្គការនេះក៏បានសម្រេចផ្តល់ការិយាល័យមួយឱ្យអង្គការសង្គមស៊ីវិលកម្ពុជាធ្វើជាទីស្នាក់ការ​សម្រាប់បន្ទប់ស្ថានភាពផងដែរ។ មិនមែនត្រឹមតែលោក គល់ បញ្ញា តែម្នាក់ប៉ុណ្ណោះទេ​ដែលធ្វើ​សកម្ម​ភា​ព​នេះ គឺលោក គួយ ប៊ុនរឿន អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានប្រភព​ព័ត៌មាន​ទម្លាយឱ្យដឹងថា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោក គល់ បញ្ញា និងអ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បីរៀបចំផែនការសម្រាប់អុកឡុកដំណើរការបោះឆ្នោតនាពេលខាង​មុខ ក្រោមខ្សែញាក់របស់​ចៅហ្វាយ​​បរទេសរបស់ខ្លួន ក្រុមអ្នកនយោបាយក្រៅច្បាប់ និងក្រុមក្បត់ជាតិ​មួយចំនួន​នៅ​ឯ​ក្រៅ​ប្រទេស ដែលកំពុង​ដើរ​បំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន។

ប្រសិនបើអង្គការអាន់ហ្វ្រែលថាខ្លួនមិនមានពាក់ព័ន្ធណាមួយក្នុងផែនការដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជាទេ តើមិនពាក់ព័ន្ធនៅក្នុងកម្រិតណា? ចុះលោក គល់ បញ្ញា ដែលគេបានដឹងថាជាអ្នក បង្កបញ្ហាជាច្រើនក្នុងបំណងរំខាន បំផ្លាញនិងបង្ខូចការបោះឆ្នោតនាពេលកន្លងទៅ ដែលជាប្រធាននៃអង្គការ អាន់ហ្វ្រែលនាពេលនេះ និងអង្គការនិកហ្វិកជាសមាជិកដែលបានសហការជាមួយអង្គការខុមហ្វ្រែលចេញនូវ របាយការណ៍ប្រឌិតអំពីការបោះឆ្នោតនៅកម្ពុជា តើមេដឹកនាំនិងសមាជិកនៃអង្គការទាំងពីរនេះ ពិតជាច្បាស់
ទេថា នឹងមិនប្រើ​ប្រាស់ឥទ្ធិពលរបស់អង្គការអាន់ហ្វ្រែលក្នុងការបំពេញកិច្ចការរបស់ខ្លួន និងដើម្បីធ្វើជាឡប់
ឡែបិទបាំងនូវគម្រោងការដ៏អាក្រក់ទាំងឡាយដែលខ្លួនបានរៀបចំ​ដើម្បីរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតនៅដែលកម្ពុជាគ្រោង ធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះក្នុងនោះរួមទាំងការគាំទ្រឱ្យមានការ
បង្កើតបន្ទប់ស្ថានភាពតាមដានការបោះឆ្នោត ដែលពួកគេធ្លាប់បានបង្កើតដោយជោគជ័យ នៅក្នុងអំឡុងពេល
នៃការបោះឆ្នោតសភាអាណត្តិទី៥ នាខែកក្កដា ឆ្នាំ ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ ខែ
មិថុនា ឆ្នាំ ២០១៧។

គេនៅចាំបានថា នៅក្នុងការបោះឆ្នោតនាពេលកន្លងទៅ គល់ បញ្ញា និងអង្គការខុមហ្វ្រែលព្រមទាំងក្រុមអង្គការសង្គមស៊ី វិលបរទេសមួយចំនួនដែលអះអាងថា ខ្លួនជាស្ថាប័នឯករាជ្យ អព្យាក្រឹត និងធ្វើការប្រកប​ដោយ​​វិជ្ជាជីវៈ ប៉ុន្តែ​ជាក់ស្តែង​អង្គការនេះ ធ្លាប់ប្រើឧបាយកលទុច្ចរិត បម្រើមហិច្ឆតានយោបាយឱ្យគណបក្សប្រឆាំង ដោយមាន​ការ​ឃុបឃិត​ជាមួយអង្គការបរទេសមួយចំនួនទៀត ក្នុង​ការបំភ្លៃការពិត និងប្រឌិតទិន្នន័យ ដើម្បី​បំពុលនិងបង្ខូច​បរិយាកាស​បោះឆ្នោត និង​បដិសេធលទ្ធផលនៃការបោះឆ្នោត នាពេលកន្លងមក ដូចជាបាន​​ប្រឌិត​ទិន្នន័យ​​ថា​ អ្នក​បោះឆ្នោត​ជាង ​១,២៥ លាននាក់ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ចំណែកវិទ្យាស្ថាន​ NDI ​ក៏​បាន​ប្រឌិតថា​ អ្នក​បោះឆ្នោត​ជាង​ ១,០៤ លាន នាក់ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែលទិន្នន័យនេះ​បង្ហាញ​ពី​​ភាព​ស៊ី​សង្វាក់គ្នារវាងអង្គការទាំងពីរ។ ជាងនេះទៀត មួយថ្ងៃមុនថ្ងៃបោះឆ្នោត ដែលជាថ្ងៃស្ងប់ស្ងាត់ អង្គការ COMFREL បានបញ្ចេញព័ត៌មាន​បំផ្លើសថា ទឹក​ខ្មៅ​​សម្រាប់ជ្រលក់ម្រាមដៃសម្គាល់អ្នកបោះឆ្នោតរួច គឺជាទឹកខ្មៅដែលអាចលាងសម្អាត​ចេញបានក្នុង​រយៈ​ពេល ​​តែ​ប៉ុន្មាន​នាទីប៉ុណ្ណោះ។ នេះជាលើកទីមួយហើយ ដែលបញ្ហាទឹកខ្មៅ​ត្រូវបានលើក​ឡើង​​នៅមុន​ពេល​បោះឆ្នោត​ឆ្នាំ២០១៣។

ការអះអាងនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយមាន​ចេតនា​​ធ្វើឱ្យ​មហាជន​យល់​ច្រឡំនិងសង្ស័យថា អ្នកបោះឆ្នោតម្នាក់អាចបោះឆ្នោតបានច្រើនដង។  នេះគឺជាការវាយប្រហារផ្នែកចិត្តសាស្ត្រ​ ដែល​​ជះឥទ្ធិពល ​ដល់​ការសម្រេច​ចិត្ត​របស់អ្នកបោះឆ្នោត ឱ្យមាន​​សមានចិត្តនិងងាកមកបោះឆ្នោតឱ្យគណបក្ស​ប្រឆាំង​​វិញ ឬធ្វើឱ្យ​មហាជន​មាន​មន្ទិលសង្ស័យ ចំពោះដំណើរការនិងលទ្ធផលនៃការបោះឆ្នោត ពីព្រោះពួកគេ​អាចជឿថា​ គណបក្ស​ប្រជាជន​ប្រើល្បិចបន្លំសន្លឹកឆ្នោត។ កលល្បិច​នេះ គឺជាផែនការរៀបចំទុកជាមុន ហើយ​ធ្វើ​ឡើងតែមួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត ដើម្បីជួយគណបក្ស​ប្រឆាំងឱ្យ​ទទួល​បានជ័យជម្នះ នៅថ្ងៃបោះឆ្នោត ឬអាច​ទុក​ប្រើប្រាស់ជាលេស​ ដើម្បី​តវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅ​ពេល​​ចាញ់​ឆ្នោត។ តាមពិតទឹកខ្មៅនេះត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​និង​ប្រើប្រាស់សម្រាប់​សម្គាល់​អ្នក​បោះឆ្នោត​រួច ដោយ​​ប្រទេស​ជាច្រើន ដូចជា ឥណ្ឌា អាហ្វហ្គានីស្ថាន សឹង្ហបុរី ថៃ ម៉ាឡេស៊ី អាហ្រ្វិកខាងត្បូង នីហ្សេរីយ៉ា ជាដើម​។

បន្ទាប់ពីថ្ងៃរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតឆ្នាំ២០១៣ អង្គការ COMFREL របស់ គល់ បញ្ញា បានប្រកាសថាខ្លួន​​​គណនាឃើញថា គណបក្ស​ប្រជាជនកម្ពុជាទទួលបានសំឡេង ៤៩,៤៩% នៃ​សំឡេងឆ្នោតសរុប ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​​ ទទួល​បាន​សំឡេង ៤៣,០៥%។ យោងតាមការគណនានេះ ​គណបក្ស​ប្រជាជនកម្ពុជា ទទួលបាន ៦៧ អាសនៈ ចំណែកគណបក្ស​សង្គ្រោះជាតិ​ទទួល​បាន ​៥៦ អាសនៈ។ ការគណនា​ខុសគ្នា ០១ ​អាសនៈ​ របស់​អង្គការ COMFREL គឺ​ដោយ​សារ​មានទិន្នន័យបណ្តោះអាសន្នខុសគ្នា​​នៅខេត្ត​ក្រចេះ។ អង្គការ COMFREL អាច​​គណនាចំនួន​​អាសនៈសរុប​ទូទាំង​ប្រទេស​របស់គណបក្ស​នីមួយៗ​ តាម​ទម្រង់​បែប​បទ​​ ១១០៤ ដែលអ្នក​សង្កេតការណ៍របស់​​ខ្លួន​បាន​ទទួល​ពី​ការិយាល័យ​បោះឆ្នោត ឬតាមទម្រង់​បែបបទ​១១០២ ដែល​បាន​​​បិទ​នៅ​តាម​​ការិយាល័យ​បោះឆ្នោត​។ អង្គការ COMFREL បាន​ប្រកាស​លទ្ធផលបោះឆ្នោត ដែល​ផ្ទុយនឹង​ផែនការ​​បដិសេធ​លទ្ធផលនៃការ​បោះឆ្នោត ប៉ុន្តែលទ្ធផលនេះ​ត្រូវ​បាន​ចែកផ្សាយ​​លើ​​គេហទំព័រ​ផ្សេងៗ ហើយកាសែត​ ខេម បូឌា​ដេលី ក៏បាន​ចុះផ្សាយ​រួច​ហើយ​ដែរ។ ភ្លាមៗនោះ អង្គការ COMFREL ក៏បាន​ដក តួលេខនៃលទ្ធផលនេះចេញពីគេហទំព័ររបស់ខ្លួនភ្លាមៗ និងគាំទ្រ​ការប្រឌិត​​​​​លទ្ធផលនៃការ​​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ដែលថាខ្លួនបានឈ្នះការបោះឆ្នោត។

នៅស្ទើរ​គ្រប់​វេទិកាសាធារណៈ​ បក្ស​ប្រឆាំងបាន​​​ប្រើប្រាស់ទិន្នន័យប្រឌិត​របស់អង្គការ COMFREL និង​ វិទ្យាស្ថាន NDI ដែលចោទថា គ.ជ.ប. បានលុបឈ្មោះ​អ្នកគាំទ្រគណបក្សប្រឆាំង​រាប់លាន​នាក់ ​ចេញ​ពីបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដែល​ធ្វើឱ្យ​គណបក្ស​សង្គ្រោះជាតិ​​ចាញ់​ឆ្នោត។ មេដឹកនាំ​គណបក្ស​ប្រឆាំង​ សម រង្ស៊ី និងកឹម សុខា បាន​​បំផ្លើសការពិត​នៃ​លទ្ធផលបោះឆ្នោតថា គណបក្សប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត ដោយសារ​ការលួចបន្លំ​ ហើយ​ តាំង​ខ្លួនជាអ្នករក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។ គណបក្ស​នេះ​ក៏បាន​ញុះញង់ និង​កៀរគរ​​ប្រជាពល​រដ្ឋ​ ឱ្យចូលរួម​បាតុ​កម្ម​មួយ​ ដែល​គេហៅថា »មហា​បាតុកម្មសម្តែងឆន្ទៈរបស់ម្ចាស់​ឆ្នោត​»ដែលក្រោយមកគេដឹងថានេះ គឺជាផែនការបំផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និងមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងខ្លួនឯងឡើងដឹកនាំប្រទេសតាមបែបមធ្យោបាយមិនប្រជាធិបតេយ្យ។ ផែនការទុច្ចរិតនេះនៅតែបន្តមាន!

ក្រុមសង្គមស៊ីវិលដែលដឹកនាំមុខដោយលោក គល់ បញ្ញា គ្រោងរៀបចំ​ចលនាប្រឆាំងឱ្យបានច្រើននិងធំ ដើម្បីជាការបន្ថែមទម្ងន់ដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការឆ្លើយតបនឹងការទាមទាររបស់ក្រុមប្រឆាំងឱ្យលុប​ចោលសាលដីការបស់តុលាការកំពូល អនុញ្ញាតឱ្យខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងលុប​ចោល ការហាមឃាតអតីតសមាជិកខ្មោចគណបក្សសង្គ្រោះជាតិទាំង ១១៨ នាក់ឱ្យចូលរួមការបោះឆ្នោត​វិញ។ អង្គការ ANFREL ដែលដឹកនាំដោយលោក គល់ បញ្ញា ក៏នឹងប្រើប្រាស់ការរិះគន់នានា ដើម្បីស្នើកែទម្រង់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បច្ចុប្បន្ន ដោយពួកគេលើកឡើងថា មិនមែនជាស្ថាប័នដែលគួរ​ឱ្យទុកចិត្ត ព្រោះគ្មានតំណាងក្រុម​ប្រឆាំង​ជាដើម។ ក្រុមសង្គមស៊ីវិលទាំងនេះ នឹងវាយតម្លៃ ដើម្បីទម្លាក់តម្លៃ និងប្រសិទ្ធភាពការងាររបស់ គ.ជ.ប ដែលពួកគេធ្លាប់បានធ្វើនាពេលកន្លងទៅ ដោយបានបំភ្លៃ បផ្លើស បំប៉ោង និងបំភាន់ទិន្នន័យ ក៏​ដូច​ជា ប្រឌិតព័ត៌មានអកុសលផ្សេងៗជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ ពួកគេធ្វើឫកដូចជាខ្វាយខ្វល់ និង​យក​ចិត្តទុកដាក់​លើ​ភាព​​ត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត និងភាពជឿទុកចិត្តបាននៃការបោះឆ្នោតនៅកម្ពុជា​ណាស់ ប៉ុន្តែធាតុពិតគឺជាការអនុវត្តផែនការផ្តល់ឱកាស ដល់ក្រុមគណបក្សប្រឆាំងយកលេស ដើម្បីធ្វើ បាតុកម្ម​តវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោត ឡាំប៉ាមិនទទួលស្គាល់ការចាញ់ការបោះឆ្នោត និងផ្តល់​​​​​ឱកាស​ឱ្យក្រុមប្រឆាំងប្រើប្រាស់ការតវ៉ាលទ្ធផលបោះឆ្នោត ទៅជាបាតុកម្មបង្កចលាចល និងឈានដល់​ការផ្លាស់ប្តូរ​របបដឹកនាំ និងមេដឹកនាំនៃរដ្ឋាភិបាលស្របច្បាប់ តាមរូបភាពបដិវត្តន៍ពណ៌ និងប៉ុនប៉ងឡើង​កាន់​អំណាច​តាមមធ្យោបាយមិនប្រជាធិបតេយ្យ។ តាមប្រភពពីមន្ត្រីអង្គការ ANFREL នៅក្នុងការអនុវត្តផែនការទាំងនេះ អង្គការមានថវិកាគ្រប់គ្រាន់​ ហើយបាននិងកំពុងរៀបចំការងារទាំងនេះ។

តាមរយៈតួនាទីបន្ថែមថ្មីមួយទៀតរបស់លោក គល់ បញ្ញា ក្នុងនាមជាប្រធានអង្គការ ANFREL គឺ​បាន​បង្ហាញយ៉ាងច្បាស់ថា សកម្មភាពរបស់លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល នាពេលកន្លងទៅ​មិនបាន​បម្រើផលប្រយោជន៍ដល់កម្ពុជានោះឡើយ ប៉ុន្តែគឺជាការធ្វើតាមខ្សែញាក់​របស់បរទេសមួយចំនួន​ដែល​មិនចង់ឱ្យប្រជាពលរដ្ឋខ្មែរ បានសុខ និងចង់ចាប់បង្ខំឱ្យកម្ពុជាទទួលយកនូវលទ្ធិប្រជាធិបតេយ្យ​ល្អ​ឥត​ខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួនក៏មិនអនុវត្តបានផង។ នេះក៏បង្ហាញយ៉ាងច្បាស់ថា បស្ចិមប្រទេស​មួយ​ចំនួន​ ដែលធ្លាប់បានលូកដៃ កកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា មិនទាន់​បញ្ចប់​នូវផែនការ​ដ៏អាក្រក់​ក្នុង​ការ​​ផ្លាស់ប្តូររបបដឹកនាំ និងមេដឹកនាំដែលខ្លួនមិនពេញចិត្ត ឬមិនមាននិន្នាការគាំទ្រខ្លួននៅឡើយទេ។ លោក គល់ បញ្ញា ដឹកនាំអង្គការ ANFREL គឺជាបន្ទប់ស្ថានការណ៍សង្គ្រាមថ្មីមួយ។ ការ​គាំទ្រ​ផ្នែកនយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍បោះឆ្នោត​នៅក្រៅប្រទេស​ គឺជាការ​បន្តផែនការ​ទុច្ចរិត​ប្រឆាំងនឹងកម្ពុជា ហើយជនជាតិកម្ពុជាដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួន​បាននិងកំពុង​បម្រើមហិច្ឆតាបរទេសបំផ្លាញជាតិខ្លួនឯងយ៉ាងច្បាស់ក្រឡែតមិនអាច​ប្រកែក​បានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់ពួកគេ គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយ ចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើ ឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យមានពហិការ បង្ខូចការបោះឆ្នោត  និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោត សកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។

ដូច្នេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ខ្លួន មិនជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការរំខាន បំផ្លាញ និងបង្ខូចការបោះឆ្នោតនៅកម្ពុជា អង្គការអាន់ហ្វ្រែល ត្រូវហ៊ានអារកាត់ចំពោះក្រុមជនទាំងឡាយ ឬអង្គការសង្គមស៊ីវិលណាដែលថ្លើមធំហ៊ានយកកេរ្តិ៍ឈ្មោះរបស់អង្គការនេះទៅធ្វើជាផលប្រយោជន៍ បម្រើនយោបាយក្រុម
ខ្លួន។ តែបើអ្វីៗពិតដូចជាព័ត៌មានដែលលេចធ្លាយមែន ហើយបែរជាអង្គការអាន់ហ្វ្រែលចេញមកបដិសេធការពារទាំងទទឹងទិសតាមរយៈសេចក្តីថ្លែងការណ៍រៀបចំឡើងដោយអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា នោះប្រៀបបាននឹងសត្វដំរីងាប់យកចង្អេរទៅបាំងដូច្នោះដែរ ហើយការពិត ផែនការរំខាន បង្ខូច និងបំផ្លាញការ
បោះឆ្នោតនៅតែមានក្នុងរូបភាពលាក់កំបាំងក្រោមលេសការបោះឆ្នោតត្រឹមត្រូវ សេរី យុត្តិធម៌និងលទ្ធិប្រជា
ធិបតេយ្យ ហើយទង្វើនេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

ដោយ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៨

ចែករំលែក

បញ្ចេញយោបល់