អ្នកវិភាគចៅចាក់ស្មុក៖ យុទ្ធសាស្រ្តផ្គរលាន់ឯជើងមេឃ

43

ខណៈដែលប្រធានបទនៃការអំពាវនាវពីមេដឹកនាំនៃចលនាសង្រ្គោះជាតិលោក សម រង្ស៊ី និងមន្រ្តីរបស់ខ្លួន កុំឲ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមក្នុងការ បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កំពុងតែក្តៅគកុក រយៈពេលចុងក្រោយនេះ បានធ្វើឲ្យស្ថាប័ន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសក្តែងៗថា ដំណើរការបោះឆ្នោតនៅតែប្រព្រឹត្តទៅជាធម្មតា តាមការកំណត់របស់ច្បាប់ គ្មានការកែប្រែនោះឡើយ។

ជុំវិញប្រធានបទនេះនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ អ្នកវិភាគល្បីឈ្មោះមួយរូបចៅចាក់ស្មុក បានចេញមកវិភាគតាមរយៈបណ្តាញព័ត៌មាន Fresh News ចំនួន ៧ចំណុច ដើម្បីបង្ហាញពីផលវិជ្ជមាន និងអវិជ្ជមាននៃការអំពាវនាវនេះ។

១៖ នៅថ្ងៃទី០៨ ខែមេសា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនលោក សម រង្ស៊ី បានអំពាវនាវឲ្យអ្នកស្រឡាញ់ប្រជាធិបតេយ្យ អ្នកដែលគាំទ្រអតីតបក្សសង្គ្រោះជាតិ កុំឲ្យទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយទន្ទឹមនឹងនេះលោក សម រង្ស៊ី ក៏បានអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិទៅចូលរួមសង្កេត ការណ៍បោះឆ្នោត ប្រសិនបើពុំមានឈ្មោះគណបក្សសង្រ្គោះជាតិនៅលើសន្លឹកឆ្នោតទេ នោះ។ សារអំពាវនាវនេះត្រូវបានមជ្ឈដ្ឋានប្រឆាំងនាំគ្នាបន្ទរគ្រប់មាត់ ដោយហាក់ដូចជាស្ថិតក្នុងរបៀបវារៈ នៃយុទ្ធនាការមួយដើម្បីរួមគ្នាសាកល្បងបំផ្លាញការបោះឆ្នោត។

២៖ ចំពោះអ្នកវិភាគនយោបាយសារអំពាវនាវនេះ ជាសារនយោបាយបែបរម៉ាំងរម៉ោកមួយដែលក្រៅពីការអស់សង្ឃឹម សារនេះបានបង្ហាញអំពីបរាជ័យយ៉ាងជូរចត់ក្នុងយុទ្ធនាការដាក់ក្បាលអង្វរចៅហ្វាយនាយបរទេសឱ្យយកបាតជើងជាន់ពីលើ ដើម្បីជួយប្រស់ឱ្យខ្មោចគណបក្សសង្រ្គោះជាតិរស់ឡើងវិញ។ លោក សម រង្ស៊ី ដឹងខ្លួនឯងច្បាស់ណាស់ថា គណបក្សសង្រ្គោះជាតិ បានក្លាយទៅជាខ្មោច ហើយខ្មោចដែលជិតស្អុយទៅហើយ មានតែបូជា មិនអាចប្រស់ឱ្យរស់ឡើងវិញនោះទេ។

៣៖ លោក សម រង្ស៊ី តែងលើកឡើងជាច្រើនលើកច្រើនសាថា ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់បាត់ហើយ ហើយចង់ស្តារប្រជាធិបតេយ្យនេះឡើងវិញ ខណៈ តាមការពិត ប្រជាធិបតេយ្យនៅកម្ពុជាកំពុងមានដំណើរទៅមុខជាប្រក្រតីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយការបោះឆ្នោតនឹងប្រព្រឹត្តជាធម្មតាតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ ចំពោះអ្នកវិភាគនយោបាយ ការអំពាវនាវរបស់លោក សម រង្ស៊ី ខាងលើ គឺមានបំណង សម្លាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ច្រើនជាងការស្តារប្រជាធិបតេយ្យដែលលោក សម រង្ស៊ី តែងយកធ្វើប្រធានរឿងដើម្បីបំភ័ន្តសាធារណៈមតិជាតិ និងអន្តរជាតិ។ គ្រប់គ្នាដឹងច្បាស់ណាថា ប្រជាធិបតេយ្យ គឺត្រូវអនុវត្តតាមរយៈការបោះឆ្នោត។ គ្មានការបោះឆ្នោត គឺគ្មានប្រជាធិបតេយ្យ។ ហាមាត់ថា ធ្វើអ្វីៗដើម្បីប្រជាធិបតេយ្យ តែសកម្មភាព គឺការបំផ្លាញប្រជាធិបតេយ្យទៅវិញ។ ពិតជាមនុស្ស ដែលមានសម្តីខុសពីចិត្តមែន។

៤៖ ប៉ុន្តែសារអំពាវនាវរបស់លោក សម រង្ស៊ី ខាងលើ គឺមិនអាចបង្អាក់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានឡើយ។ ទាំងរាជរដ្ឋាភិបាល ទាំង គ.ជ.ប បានប្រកាសរួចហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ កក្កដា ២០១៨ តាមការកំណត់ ហើយកិច្ចដំណើរការនៃការបោះឆ្នោតនេះ កំពុងប្រព្រឹត្តទៅស្របតាមប្រតិទិនការងារ ដែលក្នុងនោះ ការចុះឈ្មោះគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៤ ខែឧសភា ខាងមុននេះ។ ម្យ៉ាងទៀត យោងតាមច្បាប់បោះឆ្នោតរបស់កម្ពុជា ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺសិទ្ធិរបស់ពលរដ្ឋ ពុំមែនជាកាតព្វកិច្ចនោះទេ។ និយាយម្យ៉ាងទៀត ការមិនទៅបោះឆ្នោតរបស់ពលរដ្ឋ ឬអវត្តមានរបស់អ្នកសង្កេតការណ៍មួយចំនួន មិនប៉ះពាល់ដល់សុពលភាពនៃកិច្ចដំណើរការនៃការបោះឆ្នោតឡើយ។

ដរាបណាការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ជាធរមាន នោះការបោះឆ្នោតនឹងចាត់ទុកជាបានការ រដ្ឋសភានឹងចាប់ផ្តើមនីតិកាលថ្មី ហើយរាជរដ្ឋាភិបាលថ្មីនឹងចូលកាន់តំណែង ស្របតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ជាងនេះទៅទៀត គេត្រូវដឹងថា ការបោះឆ្នោតនេះ នឹងមានការគាំទ្រពីប្រទេសជាមិត្តជាច្រើន ហើ​យអ្វីដែលលោក សម រង្ស៊ី ដេកមិនលក់បក់មិនល្ហើយនោះ គឺវត្តមានដ៏ច្បាស់លាស់របស់ជប៉ុននៅក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ដែលមិនត្រឹមតែជួយធានាតម្លាភាព និងភាពត្រឹមត្រូវនៃការបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញអំពីការគាំទ្រដ៏រឹងមាំ និងច្បាស់លាស់របស់ជប៉ុនចំពោះកម្ពុជា និងចំពោះកិច្ចដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូចនេះ ការអំពាវនាវរបស់លោក សមរង្ស៊ី នឹងមិនប៉ះពាល់ដល់ការបោះឆ្នោតខាងមុខឡើយ។

៥៖ ចំពោះអ្នកតាមដានស្ថានការណ៍នយោបាយ សារអំពាវនាវរបស់លោក សម រង្ស៊ី គឺជាកំហុសខាងយុទ្ធសាស្រ្តនយោបាយយ៉ាងធ្ងន់ធ្ងរមួយទៀតរបស់លោក សម រង្ស៊ីហើយកំហុសនេះ មិនត្រឹមមិនអាចបំផ្លាញបក្សកាន់អំណាចមិនបាននោះទេ ថែមទាំងបានជួយដល់គណបក្សកាន់អំណាចឱ្យឈ្នះការបោះឆ្នោត ភ្លូកទឹកភ្លូកដីទៀតផង។ ជាការពិត ការអំពាវនាវនេះ គឺមានឥទ្ធិពលពិតប្រាកដទៅលើអតីតសកម្មជន និងអ្នកគាំទ្រមួយចំនួនដែលស្មោះស្ម័គ្រដាច់ខាត ចំពោះអតីតគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ។ គ្រប់គ្នាក៏ដឹងច្បាស់ណាស់ថា អ្នកទាំងនេះ មិនដែលបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានោះទេ។ ដូចនេះ ការអំពាវនាវកុំឱ្យអ្នកទាំងនេះ ចេញទៅបោះឆ្នោត គឺមានន័យស្មើនឹងការសម្លាប់គណបក្សផ្សេងទៀត ដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយចូលរួមក្នុងការបោះឆ្នោត។ ការអំពាវនាវរបស់លោក សម រង្ស៊ី គឺដាច់ខាតមិនចង្រៃដល់គណបក្សប្រជាជនកម្ពុជានោះ ហើយវាគឺជាលាភនយោបាយ សម្រាប់គណបក្សនេះទៅវិញទេ។

៦៖ អ្វីដែលលោក សម រង្ស៊ី បានធ្វើ គឺជារឿងលិប-លនយោបាយ ហើយបង្ហាញបន្ថែមទៀតថា លោក សម រង្ស៊ី គឺជាអណ្តើកនយោបាយក្នុងស្នូក។ ប្រសិនបើសារអំពាវនាវរបស់លោក សម រង្ស៊ី គឺជាជំហរនយោបាយច្បាស់លាស់ឥតកែប្រែ លោក សម រង្ស៊ី គួរសម្រេចរំលាយគណបក្សភ្លើងទៀនឱ្យបានឆាប់។ ការរំលាយគណបក្សភ្លើងទៀន គឺមិនត្រឹមតែបង្ហាញអំពីជំហរច្បាស់ថាបក្សនេះ មិនចូលរួមក្នុងការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្ហាញអំពីភាពស្មោះត្រង់ ក្នុងសម្ព័ន្ធភាពនយោបាយជាមួយក្រុមលោក កឹម សុខា ផងដែរ។ តែអ្នកវិភាគនយោបាយ យល់ច្បាស់ណាស់ថា លោក សម រង្ស៊ី មិនអាចដុតផ្ទះខ្លួនឯងនោះទេ ហើយល្បិចកលនយោបាយពិតប្រាកដ គឺរកច្រកសមហេតុផលសម្រាប់ឱ្យបក្សភ្លើងទៀនអាចចូលរួមក្នុងការបោះឆ្នោត ដើម្បីដណ្តើមប្រមូលកម្លាំងប្រឆាំងពីក្រុមលោក កឹម សុខា មកក្តាប់ក្នុងដៃវិញ។

៧៖ ពាក្យចាស់លោកពោលថា «កុំផ្កាប់បំពង់ រង់ចាំទឹកភ្លៀង» ហើយទឹកដែលពេញពាង ធ្លាប់យកមកហូបរាល់ថ្ងៃ ក៏កុំចាក់ចោល ដោយសារសំឡេងផ្គរលាន់ ដែលនៅឯជើងមេឃឯណោះ។ ពាក្យចាស់លោកក៏ពោលដែរថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ»។ អ្នកស្រែកចេះតែស្រែកទៅ ឯការបោះឆ្នោតក៏ចេះតែដំណើរការ ហើយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏នៅជាធម្មតា។ នីតិកាលទី ៦ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលក៏នឹងត្រូវចូលកាន់តំណែង ដើម្បីដឹកនាំកសាងសមិទ្ធផលថ្មីថែមទៀតជូនជាតិ និងប្រជាជនថែមទៀត។ ការធ្វើនយោបាយក្បត់ ជាតិឯង និងបំផ្លាញខ្មែរដូច្នេះ នឹងធ្វើឱ្យលោក សម រង្ស៊ី នៅជាប់ឈ្មោះជាអ្នកនយោបាយចាញ់ចាស់វស្សារូបនេះ បន្តចាញ់លុះថ្ងៃអវសាននៃជីវិត៕

ដោយ៖ ចៅចាក់ស្មុក
ស្រុកចុងកាល ខេត្តឧត្តរមានជ័យ  ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨

 

ចែករំលែក

បញ្ចេញយោបល់