អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងវត្តនទីលាជារាម ហៅវត្តបឹងលាច

ថ្ងៃពុធ ទី ១៤ មីនា ២០១៨​
51

នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ លោក សរ ចំរុង អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងវត្តនទីលាជារាម ហៅវត្តបឹងលាច នៅភូមិបឹងលាច ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបីប្រភេទ មន្ត្រីរាជការ លោកតាលោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក សេក ប៊ុនហេង អភិបាលស្រុកបានរាយការណ៍នូវសមិទ្ធិផលនានាដែលសម្រេចបាន និងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺដោយមានការផ្តួចផ្តើមពីព្រះតេជគុណ លី ប៉ោង(អតីត)ចៅអធិការវត្ត ដោយកសាងកាលពីឆ្នាំ២០០៨ ហើយរួចជាស្ថាពរនៅឆ្នាំ២០១៧ រួមមាន សាលាឆាន់ កុដិ បង្គន់អនាម័យ របងព័ន្ធជុំវិញ ចាក់ដីបំពេញទីធ្លាវត្ត និងធ្វើជញ្ជាំងទប់ដី ដែលសរុបចំណាយអស់ទឹកប្រាក់ចំនួន ៤៩លានរៀល និង៥៦,៦៦០ដុល្លា។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងការកោតសរសើរចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រ ចូលរួមចំណែកកសាងរហូតដល់បានសម្រេចជាស្ថាពរនូវសមិទ្ធផលនានាជាច្រើនថែមទៀត នេះគឺជាការចូលរួមចំណែកដ៏ថ្លៃថ្លាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន សមស្របទៅនឹងការរីកចម្រើនរបស់សង្គមជាតិយើង ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានភាពប្រាកដនិយមរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ដោយឡែកការរីកចម្រើនក្នុងផ្នែកពុទ្ធចក្របានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពប្រាកដនិយម នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដោយផ្អែកលើមូលដ្ឋានថែរក្សាប្រពៃណីជាតិ និងលើកំពស់តម្លៃសីលធម៌សង្គម ។

ជាចុងក្រោយ លោកអភិបាលខេត្តក៏បានចូលបច្ច័យក្នុងពិធីបុណ្យចំនួន ៥លានរៀល និងលោកតាលោកយាយ៣៥នាក់ ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ៕

បញ្ចេញយោបល់