អភិបាលរងខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាលើការរៀបចំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ

34

សៀមរាប៖ នៅរសៀលថ្ងៃអង្គារ  ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោកស្រី យូ សុភា អភិបាលរងខេត្ត ទទួលបន្ទុកការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧១៩ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨ ស.ជ.ណ. អអ ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យលោកស្រីផ្ទាល់។

ការផ្សព្វផ្សាយប្រកាសនេះ មានគោលបំណងឱ្យជនអន្តោប្រវេសន៍ទាំងអស់ដែលមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច តួនាទី និងគោរពច្បាប់ នៃព្រះរាជណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្តក៏បានសំណូមពរដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជំរុញដល់បុគ្គលិករបស់ខ្លួនឱ្យមកបំពេញបែបបទតាមនីតិវិធីរបស់ព្រះរាជាណាចក្រកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់