ទស្សនៈវិភាគ៖ យុទ្ធនាការផ្សាយព័ត៌មានក្លែងក្លាយ ~ Faked News របស់បណ្តាញព័ត៌មានប្រឆាំង !

30

ការផ្សាយព័ត៌មានពេញពិភពលោកថា មានមនុស្សស្លាប់ ៦នាក់ និងរបួសជាង ៤០ នាក់ដោយការបាញ់ប្រហារ​របស់អាជ្ញាធរក្នុងខេត្តក្រចេះ ដោយវិទ្យុអាសេរីព្រឹកថ្ងៃសុក្រទី ៩ ខែមីនា ហ៊ានបំប៉ោងរហូតដល់​ថាអ្នកស្លាប់​បានកើនឡើងដល់ ៨នាក់ គឺជាការប្រឌិតព័ត៌មានដ៏អាក្រក់បំផុតក្នុងចេតនាបង្ខូចឈ្មោះរាជរដ្ឋាភិបាល និងដុតបញ្ឆេះកំហឹងពលរដ្ឋឲ្យប្រឆាំងអាជ្ញាធរ។ ករណីនេះ ជាឧទាហរណ៍ថ្មីដ៏សំខាន់ មួយទៀត​ដែលបង្ហាញ​ពីកង្វះវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរនៃពពួកមនុស្សបីប្រភេទដែលមហាជនត្រូវតែប្រុងប្រយ័ត្ន៖

ទី១៖ គឺកង្វះវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន៖ ក្នុងអាជីពជាអ្នកសារព័ត៌មាន គេបង្រៀនឲ្យអ្នកប្រកប​អាជីពនេះ​ប្រុងប្រយ័ត្នខ្លាំងណាស់ដើម្បីកុំឲ្យព័ត៌មានរបស់ខ្លួនខុសពីព្រោះការផ្សាយព័ត៌មានខុស ជាពិសេសក្នុងរឿង​រសើបៗអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងធំធេងដល់សង្គម ឬដល់មនុស្សដែលទទួលរងផលប៉ះពាល់។ អ៊ីចឹងហើយបានជាគេបង្រៀនអ្នកកាសែតឲ្យចេះវិធីផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈការសាកសួរប្រភពឲ្យបានច្រើនខុសគ្នា ហើយប្រសិនបើប្រភពនិយាយខុសគ្នា គេមិនអាចសន្និដ្ឋានបានឡើយថាអ្វីជាការពិតនោះ?

ប៉ុន្តែ តាមរយៈសំណុំរឿងនៅខេត្តក្រចេះ គេបានមើលឃើញយ៉ាងច្បាស់ថា​សារព័ត៌មានដែលបម្រើ​នយោបាយឲ្យក្រុមប្រឆាំងខ្វះវិជ្ជាជីវៈយ៉ាងខ្លាំង។ កាសែតភ្នំពេញប៉ុស្តិ៍ ហ៊ានសរសេរព័ត៌មានភ្លាមៗថា មនុស្សស្លាប់ ៦នាក់ និងរងរបួស ៤០នាក់ ដោយអាជ្ញាធរបាញ់សម្លាប់ក្នុងខេត្តក្រចេះ។ រឿងធំដល់ម្លឹង ភ្នំពេញប៉ុស្តិ៍ដែលជាកាសែតបរទេសមួយដែលធ្លាប់តែអួតខ្លួនថា ឯករាជ្យ និងវិជ្ជាជីវៈបែរជា​ស្រង់សម្តី​មនុស្សម្នាក់ជាមន្ត្រីអង្គការសង្គមស៊ីវិល ហើយមន្ត្រីនោះទៀតសោតមិនបានស្ថិតក្នុងហេតុការណ៍ទេ គឺគ្រាន់តែលឺគេថា ក៏ថាតាមគេប្រាប់អ្នកកាសែត? និយាយរួម ទាំងអ្នកកាសែត ទាំងប្រភព គឺមិនស្ថិតក្នុង​ហេតុការណ៍ទាំងអស់ហើយចេះអង្គុយសរសេរបិទភ្នែកទៅកើត? បែបនេះគេហៅថាកាសែតខ្ចប់មមិសមាន់ មិនមែនកាសែតវិជ្ជាជីវៈឡើយ។

និយាយពីអាស៊ីសេរីវិញ គ្រាន់តែឃើញភ្នំពេញប៉ុស្តិ៍ចេញភ្លាម ខ្លួនក៏ប្រញាប់បង្ហោះភ្លែតតាមវេបសាយ​ដែរ​នូវព័ត៌មានដូចគ្នាបេះបិទនេះ។ មិនត្រឹមតែក្នុងវេបសាយឯណា រហូតដល់ម៉ោងផ្សាយព័ត៌មានពេល​យប់ក៏​ចេញមាតិកាដូចគ្នានឹងភ្នំពេញប៉ុស្តិ៍ដែរដោយគ្មានញញើតបើទោះបីជាអាជ្ញាធរខេត្តចេញមុខបដិសេធព្រោងព្រាតហើយក៏ដោយ។ មិនត្រឹមតែមិនយកប្រភពពីអាជ្ញាធរមកប្រើប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីសេរីបែរជាចំអកឲ្យ​សារព័ត៌មានដែលចុះផ្សាយសេចក្តីបដិសេធរបស់អាជ្ញាធរថាជាសារព័ត៌មានគាំទ្ររបបដឹកនាំក្រុងភ្នំពេញ ហើយថាគេបំភ្លៃព័ត៌មានទៅវិញ។ ខ្លួននៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីកន្លែងកើតហេតុ ហើយហ៊ានចុះផ្សាយព័ត៌​មានដ៏ធំមួយដោយគ្មានការផ្ទៀងផ្ទាត់ទាល់តែសោះ ហើយបានធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់ ដើម្បីទម្លាក់កំហុសលើគេ គឺជាកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចអត់ឱនបាន។ ជុន ច័ន្ទបុត្រ ដែលគេស្គាល់ថា ជាអ្នកនយោបាយគាំទ្របក្សប្រឆាំងយ៉ាងងប់ងល់តែពាក់ស្លាកកាសែត បានសម្ភាសន៍ពលរដ្ឋ​ម្នាក់ពីរាប់ម៉ឺនគីឡូម៉ែត្រ ហើយអ្នកនិយាយប្រាប់ទៀតសោត និយាយត្រឡប់ត្រឡិន ម្តងថា ឃើញអ្នកស្លាប់​ពីរនាក់នៅនឹងមុខហើយត្រូវអាជ្ញាធរដឹកចេញទៅបាត់ ម្តងថា រកឃើញសាកសពពីក្នុងព្រៃអស់ហើយ រីឯ​អាជ្ញាធរ​ក៏ដកថយអស់ហើយដែរ…។ ប៉ុន្តែ បុគ្គល ជុន ច័ន្ទ្របុត្រ នេះ នៅតែមិនចោលចរិត​សប្បាយ​ចិត្តនឹង​ការលាបពណ៌ដល់រដ្ឋាភិបាល ហើយក៏នៅបន្តប្រើប្រាស់ប្រភពដែលគួរឲ្យ​សង្ស័យនេះមក​ធ្វើជាប្រភព​ពិតរបស់ខ្លួនដើម្បីបំភាន់អ្នកស្តាប់ និងបង្ខូចឈ្មោះអាជ្ញាធររាជរដ្ឋាភិបាលយ៉ាងកំរោលបំផុត។ លើសពីនេះទៅទៀត លុះព្រឹកឡើងថ្ងៃទី ៩ មីនាទៅហើយ អាស៊ីសេរីមិនត្រឹមតែមិនយក​ចិត្តទុកដាក់​ចំពោះ​ការបដិសេធរបស់អាជ្ញាធរប៉ុណ្ណោះទេ គេថែមទាំងបំប៉ោងព័ត៌មានថា អ្នកស្លាប់កើនដល់ ៨ នាក់ហើយ? ប៉ុន្តែ សូម្បីរូបថតមួយសន្លឹកដែលបង្ហាញពីសាកសពក៏គ្មានដែរ? អាក្រក់ជាងនេះដើម្បីបិទបាំង​ការផ្សាយព័ត៌មាន​កុហក​ក្លែងក្លាយគ្មានភស្តុតាង វិទ្យុគ្មានវិជ្ជាជីវៈ​មួយនេះថែម​ទាំងបានចោទអាជ្ញាធរថា បំផ្លាញទូរស័ព្ទអ្នកថត​បានសាកសពថែមទៀត។ តើអ្នកសារព័ត៌មានអាស៊ីសេរីមានឈាម​ជាអ្នកអាជីពបន្តិចបន្តួចក្នុងខ្លួនដែរឬទេ​ទើបហ៊ានផ្សាយព័ត៌មានបែបនេះកើត? តើអស់លោកដឹងទេថា ខ្លួនមានកំហុសប៉ុណ្ណា? តើពួកអស់លោកមានវិប្បដិសារីខ្លះ​ទេពេល​ធ្វើ​ទង្វើបែបនេះ?

ទី២៖ កង្វះវិជ្ជាជីវៈរបស់អង្គការសង្គមស៊ីវិលចាយលុយជនបរទេស៖ និយាយពីក្រុមអង្គការសង្គម​ស៊ីវិលមួយ​ចំនួន​ជាពិសេសអង្គការដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សមានដូចជាអង្គការអាដហុកនេះជាដើម ខ្លួនឯងមិន​នៅក្នុងហេតុការណ៍សោះ ហើយគ្រាន់តែលឺគេថា ក៏ហ៊ានហារមាត់និយាយប្រាប់​អ្នកកាសែតដែរធ្វើដូចខ្លួន​ឯងបានឃើញនឹងភ្នែក។ ចុះបើមិនដឹង មិនបានឃើញ ម្តេចមិនប្រាប់គេតាមត្រង់ទៅថា មិនបានដឹងទេ ឬមិន​ទាន់បានទទួលព័ត៌មានទេ។ ម្តេចក៏ចូលចិត្តចង់ល្បីនឹងរឿងមិនពិតខ្លាំងម៉្លេះ រឺមួយក៍បានបើកប្រាក់​ខែពី​ជនបរទេស​​ហើយបាត់បង់អស់នូវមនសិការជាមនុស្ស និងឧត្តមគតិជាតិហើយបែរជា​សប្បាយនៅក្នុង​ការ​អនុវត្តផែនការទុច្ចរិតបំបែកបំបាក់ជាតិតាមរយះយុទ្ធនាការផ្សព្វផ្សាយពត៍មានកុហកក្លែងក្លាយ Dirty Faked News Campaign ? អស់លោកឃើញទេ ព័ត៌មានមិនពិតដែលអស់លោកនិយាយចេញ​ពីមាត់វាបង្កផល​ប៉ះពាល់យ៉ាងណាដល់អ្នកដទៃ? ឬក៏នេះជាចេតនា ជាអាជីពដូរបាយរបស់អស់លោក? មិនមែនមាន​តែម្នាក់​នេះទេ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀតក៏ប្រញាប់ចែកចាយព័ត៌មានមិនពិត​ក្លែងក្លាយព្រោងព្រាត​ក្នុងបណ្តាញសង្គម ដោយអ្នកខ្លះមិនត្រឹមតែចែកចាយទេ តែថែមទាំងធ្វើអត្ថាធិប្បាយខ្លួនឯង ដោយចោទ​អាជ្ញាធរថា បាញ់សម្លាប់ពលរដ្ឋដូចបាញ់សត្វចាប សត្វព្រាប ជាដើម។ តើឯណាទៅមនសិការវិជ្ជាជីវៈ​របស់អស់លោក? ឬមួយអស់លោកមកធ្វើការងារក្នុងអង្គការសង្គមស៊ីវិល គ្រាន់តែបន្លំខ្លួនយកប្រាក់ខែ បោកលុយពីបរទេសមកចាយ តែតាមពិតខ្លួនជាអ្នកនយោបាយសោះ? នេះជាកង្វះវិជ្ជាជីវៈនិង​អព្យាក្រិត្យ​ភាពយ៉ាងធ្ងន់ធ្ងររបស់អង្គការសង្គមស៊ីវិលមួយក្តាប់តូចទាំងនោះ។

ទី៣៖ កង្វះវិជ្ជាជីវៈ ឬជាទម្លាប់អាក្រក់របស់អ្នកនយោបាយស្ទើរភ្លើង៖ វាពិតជាគួរឲ្យសង្វេគ និងគួរឲ្យ​អណោច​អធម៍ណាស់នៅពេលដែលលោក សម រង្ស៊ី ស្រាប់តែចេញសាររំលែកទុក្ខអ្នកស្លាប់ ៦នាក់ក្នុងព្រឹត្តការណ៍​ខេត្តក្រចេះ។ តើរំលែកទុក្ខអ្នកណាបើគ្មានមនុស្សស្លាប់ផងហ្នឹង? មិនត្រឹមតែលោក សម រង្ស៊ី មេដឹកនាំក្រុម​ឧទ្ទាម​តែម្នាក់ទេ ប៉ុន្តែ មានគូកនរបស់ សម រង្ស៊ី ជាច្រើនទៀត ក៏បានយកព័ត៌មានប្រឌិត កុហកក្លែងក្លាយមួយ​នេះទៅបំប៉ោងព្រោងព្រាតដែរដោយមិនខ្វល់ពីការផ្ទៀងផ្ទាត់រកការពិតអ្វីឡើយឲ្យតែខ្លួនបានចំណេញនយោបាយ។ តើអស់លោកមានខ្មាសគេ ខ្មាសខ្លួនឯងបន្តិចបន្តួចដែរឬទេនៅពេលបានធ្វើទង្វើថោកទាបបែបនេះ?

ជាការពិតណាស់ នេះជាឧទាហរណ៍ជាក់ស្តែងមួយ តែវាមិនមែនជាលើកទី១ទេ ដែលក្រុមប្រឆាំង​បានចងគ្នាជាបណ្តាញ មានអ្នកនយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន តែងតែផ្តុំគ្នាធ្វើរឿងបែបនេះ។ ភាគច្រើននៃព័ត៌មានរបស់គេគឺ ការប្រឌិត ឬបំប៉ោង បំភ្លៃ ដើម្បីតែកេងចំណេញនយោបាយ​ដោយបំភ្លេច​ចោលទាំងស្រុងនូវមនសិការវិជ្ជាជីវៈ។ ប៉ុន្តែ ករណីជាក់ស្តែងចុងក្រោយនេះ គឺជាការបកស្បែកមុខអ្នក​នយោបាយ សង្គមស៊ីវិល និងសារព័ត៌មាន ទុច្ចរិតជាពិសេស វិទ្យុអាស៊ីសេរី កាសែតភ្ម្នំពេញប៉ុស្ត ។ល។ ដើម្បីអោយសាធារណមតិជាតិ និងអន្តរជាតិបានឃើញយ៉ាងច្បាស់។ និយាយតាមបែបផ្សេង​គឺដោយសារ​តែពួកគេអស់លក្ខណ៍។ ករណីនេះទៀតសោតត្រូវបានក្រុមអ្នកវិភាគមើលឃើញថា អាចមិនមែនជាការ​ចៃដន្យទេ តែជាការរៀបចំឈុតឆាកជាបណ្តាញ​ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលដោយចេតនាតែម្តង​ជាពិសេស​ក្នុងពេលដែលអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺ លោកស្រី រ៉ូណាស្មីត កំពុងទស្សនៈកិច្ចនៅកម្ពុជា ក៏ដូចជាកៀកពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញទៅ​ទស្សនៈកិច្ចនៅប្រទេសអូស្ត្រាលីផងដែរ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច​គួរបើកការស៊ើប​អង្កេតឲ្យបាន​ស៊ីជម្រៅ​អំពីរឿងនេះ។

ក្នុងករណីការបកស្បែកមុខយ៉ាងជាក់ស្តែងបំផុតចំពោះអ្នកប្រឌិតព័ត៌មានដ៏អាក្រក់នេះកំពុងដំណើរការ គេកំពុងរង់ចាំមើលថា តើអ្នកណាខ្លះហ៊ានចេញមុខទទួលខុសត្រូវ? ទាំងអ្នកសារព័ត៌មាន ទាំងអង្គការ​សង្គមស៊ីវិល និងអ្នកនយោបាយដូចបានលើកឡើងខាងដើម តើមានសេចក្តីក្លាហានទេដែល​ត្រូវចេញ​មុខទទួលខុសត្រូវចំពោះកំហុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងររបស់ខ្លួន? វិទ្យុអាស៊ីសេរីត្រូវសុំទោសយ៉ាង​ដូចម្តេចចំពោះអ្នក​ស្តាប់របស់ខ្លួន? អង្គការសង្គមស៊ីវិលត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនចំពោះករណីនេះ? ចំណែកអ្នកនយោបាយវិញ តើមានមនសិការខ្មាសអៀនឬទេដែលបានធ្វើអំពើគួរឲ្យ​សង្វេគនិងអសីលធម៌​បែបនេះ?

គេមិនរំពឹងថា សារព័ត៌មានបែបអាស៊ីសេរី ~ ភ្នំពេញប៉ុស្ដ ទទួលស្គាល់កំហុសឡើយពីព្រោះការប្រឌិត បំភ្លៃ ដើម្បីបំភាន់ មិនត្រឹមតែជាជំនាញរបស់ពួកគេស្រាប់ទៅហើយប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ផែនការ​នៃយុទ្ធនាការរបស់​ពួកគេក្នុងការផ្យាយពត៍មានក្លែងក្លាយ Faked News Spread ផងដែរដើម្បីបង្កអស្ថេរភាពនិង​ភាពវឹកវរ​ចលាចល​ក្នុង​សង្គមដើម្បីបង្កើតឪកាសអោយពួកប្រឆាំង និងចៅហ្វាយនាយបរទេស​អាចលូកដៃចូល​មកកកូរ​កកាយ​ក្នុងប្រទេសជាតិបាន។ ចំណែកអ្នកនយោបាយដូចលោក សម រង្ស៊ី នេះក៏មានជំនាញខ្ពស់​ក្នុងរឿង​បែប​នេះស្រាប់ហើយដែរ។ ដូច្នេះមិនរំពឹងថាមនុស្សពីរជំពូកនេះចេះខ្មាសអៀនហើយទទួលកំហុសនោះឡើយ។ ប៉ុន្តែ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលត្រូវលុបលាងកំហុសរបស់ខ្លួន ដោយហ៊ានទទួលស្គាល់ការពិតថា ពិតជាគ្មានមនុស្សស្លាប់ទេក្នុងហេតុការណ៍នេះ ហើយត្រូវហ៊ានថ្កោលទោសចំពោះអ្នកប្រឌិតព័ត៌មាន ឬហ៊ាន​ដាក់ទោសចំពោះមន្ត្រីរបស់ខ្លួនណាដែលខ្វះវិជ្ជាជីវៈ។ កន្លងទៅ គេមិនដែលបានឃើញអង្គការសង្គម​ស៊ីវិល​ណាហ៊ានធ្វើបែបនេះទេ។ គេចាំតែចេញសេចក្តីថ្លែងការណ៍ថ្កោល​ទោសអាជ្ញាធររដ្ឋាភិបាលតែប៉ុណ្ណោះទោះ​ជារឿង​នោះពិតឬមិនពិតយ៉ាងណា តែបើក្រុមផ្សេងជាគ្នា គេធ្វើខុសវីញ គឺគេនៅស្ងៀម គេធ្វើនៅបន្តអូស​ក្រឡាថា មិនទាន់ទទួលបានព័ត៌មានជាក់លាក់ ឬនៅបន្តស៊ើបអង្កេតសិន។ នេះជាទម្លាប់របស់អង្គការសង្គម​ស៊ីវិលដែលទទួលលុយពីប្រទេសលោកខាងលិចហើយធ្វើសកម្មភាពនៅកម្ពុជា។ ក្នុងករណីចុងក្រោយនេះ ក៏ទំនងជាមិនខុសគ្នាដែរ។

សរុបទៅ មហាជនកាន់តែអស់ជំនឿលើបណ្តាញផ្សាយព័ត៌មាន សង្គមស៊ីវិល និងអ្នកនយោបាយគ្មាន​អាជីព​ទាំង​នោះទៀតហើយ។ នេះជាទណ្ឌកម្មដែលពួកគេត្រូវទទួលក្រោមរូបភាព កម្មដែលអ្នកសាងយ៉ាងណា អ្នកត្រូវទទួលផលយ៉ាងនោះ៕ ម៉្យាងវីញទៀត កូនខ្មែរ ក៍សំណូមពរអោយរដ្ឋាភិបាលពិនិត្យ​រៀបចំច្បាប់ដើម្បី​ទប់ស្កាត់ប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ Anti-Faked News Legislation ដើម្បីធានារក្សាបាន នូវស្ថេរភាព​សង្គមនិងការឯកភាពជាតិយូរអង្វែង៕

ដោយ៖ កូនខ្មែរ

ចែករំលែក

បញ្ចេញយោបល់