ខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំស្ដីពីការចុះអង្កេតសហគ្រាសនៅខេត្ត

45

ស្វាយរៀង៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំស្ដីពីការចុះអង្កេតសហគ្រាសនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលនៃ​គណៈ​អភិបាលខេត្តស្វាយរៀង និងលោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ លោកអភិបាល​រងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងស្វាយរៀង និងក្រុងបាវិត លោកប្រធាន អនុប្រធាន និងមន្ត្រីជំនាញនៃសាខាពន្ធដារខេត្ត លោកអធិការនៃអធិការដ្ឋាន​នគរបាលក្រុងស្វាយរៀង និងក្រុងបាវិត លោកនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងចៅសង្កាត់នៃក្រុងស្វាយរៀង និងក្រុងបាវិត ផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធ​ដារ បានជម្រាបជូនអំពីគោល​បំណង នីតិវិធី និងអត្ថប្រយោជន៍នៃការចុះអង្កេតសហគ្រាសដែលអនុវត្តដោយអគ្គនាយកដ្ឋានពន្ធដារ តាមរយៈចុះប្រមូលទិន្នន័យសហគ្រាស និងអាជីវ​កម្មដ្ឋាននានាក្នុងខេត្ត ដើម្បីផ្ទៀងផ្ទាត់ការចុះបញ្ជីពន្ធដារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ ក្នុងគោល​ដៅ​កៀរគរការប្រមូលពន្ធឱ្យបានកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ក្នុងឱកាសនោះផងដែរ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលក្នុងខេត្ត បានសម្ដែងនូវការចូលរួមគាំទ្រយ៉ាងពេញទំហឹងនៅក្នុងការជំរុញដំណើរការចុះអង្កេតសហគ្រាសដែលនឹងចាប់ផ្ដើមប្រតិបត្តិការនាពេលឆាប់ៗខាងមុខនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យ ។ ទន្ទឹមនេះ លោកអភិបាលខេត្តក៏បានណែនាំដល់ក្រុង សង្កាត់ និងសមត្ថ​កិច្ចពាក់ព័ន្ធនៃក្រុងទាំង២ ត្រូវចូលរួមសហការអនុវត្តការងារនេះឱ្យបានល្អប្រសើរ ដើម្បីស្រង់ព័ត៌មានសហគ្រាសទាំងអស់ដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ៕

ចែករំលែក

បញ្ចេញយោបល់