លោក អៀង មូលី ដឹកនាំវេទិកាសាធារណៈដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋាននៅវត្តក្រាំងគងពិសី ខេត្តកំពង់ស្ពឺ

44

កំពង់ស្ពឺ៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ បានដឹកនាំវេទិកាសាធារណៈ ដើម្បីដោះស្រាយក្តីកង្វល់ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមូលដ្ឋាន នៅវត្តក្រាំងគងពិសី ក្នុងភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមាន​ការចូលរួមពីប្រជាពលរដ្ឋប្រមាណ ៧០០នាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលចូលរួមក្នុងវេទិកា លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្នុងពិភពលោកមានតែប្រមាណ ១០ប្រទេសប៉ុណ្ណោះ ដែលមានកំណើនសេដ្ឋកិច្ចលើ៧% ហើយមានខ្មែរយើងក្នុងនោះផងដែរ។ ដូច្នេះ ប្រជាពល​រដ្ឋ​យើងបានទទួល​ផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចនេះ ដោយមានកម្រិត​ជីវ​ភាព​សមរម្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវកៅស៊ូ អគ្គិសនី និងទឹកស្អាតប្រើប្រាស់។

លោកទេសរដ្ឋមន្រ្តីបានបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្មែរយើងមាន ១២រូប ចុះហត្ថលេខា ដែលលោកជាហត្ថលេខីមួយរូប។ ទម្រាំបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើង​ចរចាច្រើនណាស់។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ហើយ។ តាមកិច្ចព្រមព្រៀងយើងមានអ៊ុនតាក់ មានការបោះឆ្នោត មានរដ្ឋធម្មនុញ្ញ និងបានបង្កើតរបបរាជាធិប​តេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើមិនសុខចិត្តអាចប្តឹងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ។ គណបក្សសង្រ្គោះជាតិត្រូវរំលាយហើយ គឺចប់ហើយ កុំសង្ឃឹមថារស់រានមានជីវិតឡើងវិញ។ ការដែលបក្សត្រូវរំលាយ គឺដោយសារប្រធានបក្សថាទទួលបញ្ជាពីបរទេសឱ្យមកធ្វើ​នយោ​បាយ​ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅស្រុកខ្មែរ។ ឥឡូវពួកគាត់ទៅអំពាវ​នាវ​ឱ្យគេ​ឈប់​ទិញ​ឥវ៉ាន់ពីកម្ពុជា នោះហើយគឺជាទង្វើក្បត់ជាតិ។ ហើយគេនាំគ្នាបង្កើតចល​នា​សង្រ្គោះជាតិ នោះគឺជាចលនាឧទ្ទាមហើយ ដែលជាអំពើក្បត់ជាតិផងដែរ។ ស្រុកខ្មែរគ្មាន​វិបត្តិនយោបាយទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ដោយសារពួកគាត់ខំពន្យុះ​អ្នកស្រុកឱ្យស្អប់រាជរដ្ឋាភិបាល ដើម្បីធ្វើបដិ​វត្តន៍ពណ៌។

សព្វថ្ងៃរាជរដ្ឋាភិបាលក៏បានខិតខំដំឡើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមាន បេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករ-កម្មការិនីឈឺ ឬមានគ្រោះថ្នាក់ការងារមានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់កម្មករយើងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យជឿជាក់លើការដឹកនាំរបស់​រាជរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន ជាប្រមុខ។ យើងមានសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋខ្មែរនឹងទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច៕

ចែករំលែក

បញ្ចេញយោបល់