អភិបាលខេត្តព្រះវិហារ អំពាវនាវឱ្យប្រជាពលរដ្ឋពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ

15

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងពិធីសំនួរចម្លើយចែកមួកសុវត្ថិ​ភាពជូនប្រជាពលរដ្ឋចំនួនជាង ២០០នាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មាការសុវត្តិភាពចរារណ៍ផ្លូវគោកខេត្ត​ព្រះវិហារ បានលើកឡើងថា មួក​សុវត្ថិភាពស្តង់​ដារ​ជួយ​ដល់​អ្នកបើកបរម៉ូតូយ៉ាងច្រើន ជាពិសេសជួយ​ការ​ពារ និងសង្គ្រោះជិវិត និងពិការភាពរបស់​អ្នកធ្វើដំណើរដោយម៉ូតូ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានបន្ដថា គ្រោះថ្នាកចរាចរណ៍ ជាឃាតកលាក់មុខដែលបានសម្លាប់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ កើតឡើងដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ លោកថា មហន្តរាយដ៏ធំធេងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។

លោក អ៊ុន ចាន់ដា បានថ្លែងថា “ខ្ញុំអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បើកបរម៉ូតូដោយពាក់​មួក​សុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា មិនថាផ្លូវជិត ឬឆ្ងាយឡើយ ព្រោះ​គ្រោះថ្នាក់​ចរា​ចរណ៍​អាចកើតឡើងគ្រប់ពេលវេលា វាមិនដែលប្រកាន់ថា ទាល់តែផ្លូវឆ្ងាយ ទើបមានគ្រោះថ្នាក់នោះទេ”។

ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពរបស់ពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដោយពាក់​មួក​សុវត្ថិភាព ក៏ដូចជាការយកចិត្តទុកដាក់ចំពោះការរីកចម្រើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គម​ជាតិទាំងមូល និងការរស់នៅជួបជុំគ្រួសារប្រកបដោយសុខ​ដុមរមនា រដ្ឋមន្ត្រីក្រសួងសាធារណការ បានរិះរកគ្រប់មធ្យោបាយ ដើម្បីបានមួកសុវត្ថិភាព សម្រាប់ចែកជូនប្រជាពល​រដ្ឋឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

ក្នុងនោះដែរ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានធ្វើការសាកសួរអំពី “សំនួរចម្លើយ” ដល់ប្រជាពលរដ្ឋ និងចែកមួកសុវត្តិភាពជូនដល់ពលរដ្ឋ ដែល​បើកបរម៉ូតូពុំពាក់មួកចំនួន ៧២មួក ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់