អភិបាលខេត្តពោធិ៍សាត់ ផ្តាំផ្ញើដល់អង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា

41

ពោធិ៍សាត់៖ លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃ​គណៈ​​អភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បានផ្តាំផ្ញើដល់អង្គ​បោះ​ឆ្នោត​ជ្រើសរើសសមាជិកព្រឹទ្ធសភាទាំងអស់ ធ្វើយ៉ាង​ណា​គូសឱ្យត្រូវ គូសឱ្យចំ និងសូម​កុំឱ្យអវត្ត​មាន។ ជាងនេះទៅទៀត គប្បីបន្តការ​យកចិត្តទុកដាក់ ក្នុងការបំពេញការ​ងារ​ទាំងផ្លូវរដ្ឋ និងទាំង​ផ្លូវមហាមេគ្រួសារ ត្រូវ​ផ្សព្វផ្សាយ និងផ្លាស់ប្តូរក្រមសីលធម៌ ដោយ​ប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ទាំង​៤ មានវប្បធម៌សាមគ្គីចែករំលែកដល់ថ្នាក់ក្រោម កុំ​យកតួនាទី ភារ​កិច្ច ដែល​​រដ្ឋប្រគល់ជូន ទៅធ្វើអាជីវកម្ម បក្ខពួកគ្រួសារនិយម មានការរើស​អើង និង​លាបពណ៌គ្នា ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជា​ពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ប្រមុខរាជរដ្ឋា​ភិបាលកម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិ​វឌ្ឍ​លើគ្រប់វិស័យ។

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល​ទី​៤ របស់គណបក្សប្រជាជនកម្ពុជា ភូមិភាគទី៧ មណ្ឌលពោធិ៍សាត់ នៅស្នាក់ការ​គណបក្សស្រុកបាកាន មានការចូលរួមដោយលោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បេក្ខជនសមាជិកព្រឹទ្ធសភា គណៈ​អចិន្ត្រៃយ៍គណបក្សខេត្ត ក្រុមប្រឹក្សាស្រុក ឃុំ និងថ្នាក់ដឹកនាំគណបក្ស ស្រុក ឃុំ ទូ​ទាំងស្រុកបាកាន ជាង​១០០​នាក់។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការ ដោយគ្មានការលើកលែងចំពោះប្រជាពលរដ្ឋ ក៏ដូចជាអ្នកមានធនធាន និងមានអំណាច ហ៊ានឈូសទន្ទ្រានដីបឹង និងដីផ្លូវសាធារណៈ ដើម្បីធ្វើស្រែ ឬធ្វើជាកម្ម​សិទ្ធិ ដែលប្រជាពលរដ្ឋភាគច្រើនស្អប់ខ្ពើមនឹងទង្វើរទាំងនោះ ត្រូវដកខ្លួនជាប្រញ៉ាប់ បើមិនដូច្នោះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។ ហើយមេភូមិ មេឃុំជាអាណាព្យាបាល ដែលនៅជិតបំផុត ត្រូវចូលរួមត្រួតពិនិត្យយន្តការនេះឱ្យបានម៉ត់​ចត់ ព្រោះវាពាក់ព័ន្ធទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋយើង។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រពឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ សម្រាប់គណបក្សប្រជាជនកម្ពុជា ភូមិភាគ៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) មានបេក្ខជនឈរឈ្មោះពេញសិទ្ធិ៩រូប និងបេក្ខជនបម្រុង៩រូប៕

ចែករំលែក

បញ្ចេញយោបល់