ព្រះ​រាជ​ពិធី​បើកកម្មវិធី “បំបែកឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក”

51

នៅថ្ងៃអង្គារ​ ១៣រោច​ ខែមាឃ​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​នេះ​ លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ស្ត្រី​ទី១ នៃ​កម្ពុជា​ និង​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ដង្ហែ​ព្រះ​រាជ​ដំណើរ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ក្នុង​ព្រះ​រាជ​ពិធី​បើក​កម្ម​វិធី​ “បំបែក​ឯត​ទគ្គ​កម្ម​ ក្រមា​វែង​ជាង​គេ​​នៅ​លើ​ពិភព​លោក”​ ស្ថិត​នៅ​វាល​ព្រះ​មេរុ​ រាជ​ធា​នី​ភ្នំពេញ​។

កម្មវិធី “បំបែកឯតទគ្គកម្ម ក្រមា​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក” គឺ​ជា​សក្ខី​ភាព​មួយ ក្នុង​ចំណោម​លទ្ធភាព​ដែល​ប្រជា​ជាតិ​ខ្មែរ​អាច​ធ្វើ​អ្វី​ៗ​រួម​ជា​មួយ​គ្នា និង​រួម​គ្នា​ទាំង​អស់​គ្នា ក្នុង​ស្មារ​តី “ជឿថា​ខ្មែរ​ធ្វើ​បាន”។ កម្ម​វិធី​នេះមាន​គោល​ដៅ៖
– ​លើក​កម្ពស់​មោទ​ន​ភាព​ជាតិ និង​កិត្យា​នុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរ​ជាតិ​តាម​រយៈ​ការ​ចូល​រួម និង​រួម​គ្នា​បង្កើត​ស្នា​ដៃ​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ ដែល​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​នឹង​ដឹក​នាំ ហើយ​ធ្វើ​ជា​ម្ចាស់​នៃ​ស្នា​ដៃ​នេះ។
– បង្ក​បរិយា​កាស​រួម​ចំណែក​ពី​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ដើម្បី​រួម​គ្នា​ថែរក្សា និង​លើក​ស្ទួយ​មរតក​វប្បធម៌​ប្រពៃណី​ខ្មែរ ជាមួយ​ក្រមា​ដែល​មាន​ភាព​សាមញ្ញ និង​ជិត​ស្និទ្ធ​បំផុត​ក្នុង​ជីវិត​ខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ។
– ជំរុញ​សាម​គ្គី​ភាព ឯក​ភាព​ជាតិ ក្នុង​ស្មារតី “ជឿ​ថា​ខ្មែរ​ធ្វើ​បាន” ក្រោម​ដំបូល​នៃ​ការ​រួម​គ្នា​បង្កើត​ស្នា​ដៃ​ដ៏​ធំ​មួយ និង​ដែល​នឹង​បន្ត​​បង្កើត​​ស្នា​ដៃ​​ថ្មី​ៗ​ដទៃ​ទៀត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៕

ចែករំលែក

បញ្ចេញយោបល់