អ្នកនាំពាក្យបក្សកាន់អំណាច៖ នយោបាយមានស៊ីអត់សែន មានសែន អត់ស៊ី ឥឡូវពិតជា មានសែន អត់ស៊ីមែន!

65

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ បានបញ្ចេញ​ទស្ស​នៈ​បន្ថែមបន្ទាប់​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នៅឯពិធីបើកការដ្ឋាន​សាង​សង់ស្ពានឆ្លងទន្លេមេគង្គថ្មី តភ្ជាប់​ពី​​ខេត្តកំពង់​ចាម ទៅត្បូងឃ្មុំ ដែលបាន​ថ្លែងរម្លឹកពីនយោបាយ មានស៊ី​អត់​សែន មាន​សែន​អត់ស៊ីនោះថា អ្នក​ណា​​ក៏ដឹងដែរថា សម រង្ស៊ី ដែលត្រូវជាកូនជនក្បត់ជាតិ សម សារី បាន​ឈានជើងចូល​មកកម្ពុជា​ធ្វើនយោ​បាយ​នា​​ឆ្នាំ ១៩៩៣ បន្ទាប់ពីមានកិច្ចព្រមព្រៀងនយោ​បាយ​ស្តីកម្ពុជា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១​មក​ម៉្លេះ។

លោក សុខ ឥសាន បានបន្តថា ការមកធ្វើនយោបាយរបស់ សម រង្ស៊ី មិន​មែនដោយ​សារ សម រង្ស៊ីមានឧត្តម​គតិស្នេហាជាតិ ស្រឡាញ់ប្រជាជនកម្ពុជា​ទេ តែជាការមកធ្វើនយោ​បាយ ដោយសារគំនុំ​សងសិក និងការចងកំហឹងតែប៉ុណ្ណោះ ដូច្នេះហើយបាន​ជា សម រង្ស៊ី ធ្វើ​នយោបាយទទួលតែភាពបរាជ័យរហូត។ លោក បានបន្ថែម​ថា ដល់​ចាញ់ច្រើនដង សម រង្ស៊ីកើតក្តីក្តៅក្រហាយកាន់តែខ្លាំង ហើយក៏បានដាក់ចេញនូវ​ពាក្យស្លោកមួយឃ្លា​ថា បើមាន​ស៊ី អត់សែន បើមានសែន អត់ស៊ី ក្នុងការប្រកួតប្រជែងការ​បោះ​ឆ្នោត​លើទីលានប្រជាធិប​តេយ្យ​នៅកម្ពុជា។

ផ្អែកតាមពាក្យស្លោករបស់ទណ្ឌិត សម រង្ស៊ីនេះហើយ ទើប សម រង្ស៊ី ទទួល​តែការបរាជ័យរហូត ហើយសម្តេច​តេជោ ហ៊ុន សែនវិញ បានឈ្នះឆ្នោត​ជាប់រហូតមករាល់អាណត្តិ ដែលធ្វើឲ្យសម រង្ស៊ីអស់សង្ឃឹមយ៉ាង​ខ្លាំង បណ្តាលឲ្យសម រង្ស៊ីកាន់តែក្រ​ពុល​មុខ ធ្វើនយោ​បាយ​កាន់តែបាត់ម្ចាស់ការ នាំឲ្យវង្វេង​សា្ម​រតី រហូតដល់និយាយមិនដឹង​ទិសតំបន់ ប៉ះ​ពាល់​សិទ្ធិ​របស់អ្នកដទៃ ត្រូវគេប្តឹងឲ្យជាប់​គុក២ ឆ្នាំ និងបង់ប្រាក់ពិន័យ៨ លាន​រៀល​ថែមទៀត​ផង។ ក្រៅពីនេះ ទណ្ឌិត សម រង្ស៊ី បាននិងកំពុងប្រឈមមុខនឹងពាក្យ​​បណ្តឹងជាច្រើនករណី​ទៀត។

លោក សុខ ឥសាន បានបន្តទៀតថា ដោយមិនហ៊ានប្រឈមមុខនឹងពន្ធនាគារក៏សម រង្ស៊ី រត់ចេញ​ទៅក្រៅប្រទេស រស់នៅនីរទេសខ្លួន និងពនេចររហូតដល់សព្វថ្ងៃ។ ឥឡូវ​ទៅបង្កើត​របស់ហៅថា ចលនាសង្គ្រោះជាតិ ប៉ុន​ប៉ងញុះញង់ឲ្យមានការបះបោរប្រឆាំងនឹងជាតិសាសន៏ឯង ដែលជា​សកម្ម​ភាពឧទ្ទាមនិយម និង​ជាអំពើភេរវកម្មយ៉ាងច្បាស់ក្រឡែត។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានចំអកថា នេះហើយជាលទ្ធផលនៃ​នយោ​បាយរបស់ សម រង្ស៊ី ដែលបាននិយាយថា « មានសែន អត់ស៊ី មានស៊ី​អត់​សែន »។ ឥឡូវមាន សែន អត់ស៊ី តាមសំណូមពរហើយ នៅចង់បាន​អីទៀត?

ចែករំលែក

បញ្ចេញយោបល់