វិទ្យាស្ថាន ពលរដ្ឋវិជ្ជា៖ ពិសពុលនៃការបង្កើតចលនាឧទ្ទាមក្រៅប្រទេស តាមរយៈទណ្ឌិត សម រង្ស៊ី ធ្វើជាតួឯក

61

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះផ្សាយអត្ថបទមួយមានចំណងជើងថា «ពិសពុលនៃការបង្កើតចលនាឧទ្ទាមក្រៅប្រទេស តាមរយៈទណ្ឌិត សម រង្ស៊ី ធ្វើជាតួឯក» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិដែលធាតុពិត ជាអង្គការចាត់តាំងនយោបាយរបស់អាមេរិកកាំង ជាកត្តាធ្វើឲ្យចលនាបដិវត្តន៍ពណ៌ នៅក្នុងសង្គមកម្ពុជា ត្រូវបរាជ័យ តែមិនមែនមានន័យថា អាមេរិកកាំង សុខចិត្តបញ្ឈប់គម្រោងចលនាបដិវត្តន៍ពណ៌នេះឡើយ។ មេគំនិតនៃចលនាបដិវត្តន៍ពណ៌នេះ បានរៀបនូវគម្រោងថ្មី ដោយប្តូរទាំងទម្រង់ ប្តូរទាំងយុទ្ធវិធី តែយុទ្ធសាស្ត្រនៅដដែល គឺ “ចលករនៃការផ្លាស់ប្តូរ” (Agent for Change)។ ការប្តូរជាទម្រង់ គឺប្តូរពីទម្រង់បែបអង្គការចាត់តាំង មានរចនាសម្ព័ន្ធជាក់លាក់ មកជាទម្រង់គ្មានអង្គការចាត់តាំង និយាយឲ្យងាយយល់ គឺជា “អង្គការគ្មានស្រមោល” ដែលមានឈ្មោះ “ចលនាសង្គ្រោះជាតិ”។ ទម្រង់នេះ មិនខុសពីទម្រង់នៃចលនាភេវរកម្មនិយមឡើយ។ ពោលគឺ មានតែក្បាលនៃគំនិតដែលចេញមុខដោយទណ្ឌិត សម រង្ស៊ី រីឯយន្តការ និងបណ្តាញ គឺគ្មានស្រមោល។ ចំពោះការប្តូរយុទ្ធវិធីវិញ គឺប្តូរពីការតតាំងជាទ្រង់ទ្រាយចេញមុខជាសាធារណៈ (ដូចជា បាតុកម្ម) មកជាភាពស្ងប់ស្ងាត់ តែមិនមែនមានន័យថា ទឹកបឹងស្ងប់ អត់មានក្រពើនោះឡើយ។ នេះជាពិសពុលថ្មីនៃសេណារីយ៉ូបដិវត្តន៍ពណ៌ដែលចលនាសង្គ្រោះជាតិ ត្រូវបានប្រកាសបង្កើតឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ដែលចៅហ្វាយនាយបរទេស ឲ្យទណ្ឌិត សម រង្ស៊ី ចេញមុខធ្វើជាតួឯក។ ចលនានេះ គឺជា “សត្រូវអត់ស្រមោល” របស់ប្រជាជនកម្ពុជា ក្នុងបំណងបំផ្លាញសន្តិភាព ស្ថិរភាព និងសេដ្ឋកិច្ច។ ថ្វីត្បិតតែចលនានេះ មិនមែនជាចលនាបែបអង្គការចាត់តាំងក៏ដោយ តែមានពិសពុលដ៏គ្រោះថ្នាក់ដល់ជាតិ និងប្រជាជន ព្រោះតែវាជាចលនាបំផុសសតិអារម្មណ៍បំបះបំបោរឲ្យប្រជាពលរដ្ឋខ្មែរ “ខឹងគោ វ៉ៃរទេះ” និងខឹងសម្បាងាកមកបម្រើយុទ្ធសាស្ត្រនយោបាយរបស់អាមេរិក ក្រោមពាក្យស្លោក “ចលករនៃការផ្លាស់ប្តូរ” (Agent for Change)។
ដើម្បីទប់ស្កាត់ “ចលនាសត្រូវគ្មានស្រមោល”នេះ គឺប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការ ត្រូវរួមគ្នាជ្រោងទង់ឯករាជ្យអធិបតេយ្យភាពជាតិ យ៉ាងមោះមុត និងម៉ឹងមាត់ក្រោមការដឹកនាំរបស់សម្តេចតេជោសែន ទប់ស្កាត់រាល់ទម្រង់នៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីសំណាក់បរទេសប្រតិកិរិយា ដើម្បីបុព្វហេតុពង្រឹងភាពជាម្ចាស់ប្រទេស ម្ចាស់នៃការសម្រេចជោគវាសនាប្រទេសជាតិខ្មែរដោយខ្មែរខ្លួនឯង៕


បញ្ចេញយោបល់