ទស្សនៈ​មិត្ត​អ្នកអាន​៖ អភិវឌ្ឍក៏ខុស មិនអភិវឌ្ឍក៏ខុស

29

ដោយ​សារ​​តែប្រទេស​ជាតិ​​មាន​​សុខ​សន្តិភាព​ និង​ស្ថេរភាព​ពេញលេញ​​ទូទាំង​ប្រទេស បាន​ធ្វើ​ឲ្យ​​កម្ពុជា​ទទួល​បាន​នូវ​ទំនុក​ចិត្ត​កាន់តែ​ខ្ពស់ពី​ធុរកិច្ច​ជន​ និង​វិនិយោគិន​ទាំង​ក្នុង​និង​​ក្រៅ​​ប្រទេស​​។ ការ​​រក្សា​​បាន​នូវ​សុខ​​​សន្តិភាព​​និង​​ស្ថេរភាព​​នយោបាយ​​នេះ ​គឺ​ពិត​ជាកត្តា​ចំបង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​​យ៉ាង​ប្រាកដ​។​ សុខ​សន្តិ​ភាព​និង​ការអភិវឌ្ឍ​ ​មិនត្រឹមតែជួយលើកស្ទួយកិត្តិយសកម្ពុជា នៅ​លើ​ឆាក​​អន្តរជាតិ​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​ថែម​ទាំង​ជាកត្តា​ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរកាន់តែច្រើន​ឲ្យ​ចូល​​មក​កម្សាន្ត និង​ប្រកប​ធុរកិច្ច​នៅកម្ពុជា​ដើម្បីបង្កើតការងារ​ពហុវិស័យ​ និង​​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ថែម​ទៀត​។

រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​លេចធ្លោរ​​លើ​វិស័យ​សេដ្ឋកិច្ច​នៅក្នុង​តំបន់ ​ដោយ​រក្សា​កំណើន​បាន​ក្នុង​រង្វង់​៧%​ ជាប្រចាំ​ ក្នុង​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​។​​​ ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ​២០១៧ គឺ​នៅ​​តែ​​មាន​​សញ្ញា​​វិជ្ជ​មាន​​ល្អ​​គួរ​​ឲ្យ​​កត់​​សម្គាល់​ដដែល។ សញ្ញា​ល្អ​ដោយសារ​តែ​លំហូរ​ទុន​វិនិយោគ​មក​ពី​បរទេស​មក​ធ្វើការ​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​មាន​កំណើន​ល្អ​ប្រសើរ​ជាមួយ​នឹង​ទុន​វិនិយោគ​រាប់​ពាន់​​លាន​​ដុល្លារ​អាមេរិក​។ ​យោង​តាម​របាយការណ៍​ផ្លូវការ​មួយដែល​ទទួល​បាន​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់​ថា ស៊ីឌីស៊ី (CDC) ក្នុង​​​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៧ ការ​វិនិយោគ​​ផ្ទាល់​ពី​បរទេស​ មាន​​​ទំហំ​​​ទឹក​​ប្រាក់​​​​ចំនួន​​​ប្រមាណ​ជាង ៥.២​ពាន់លាន​ដុល្លារ​អាមេរិក ពោល​គឺ​បាន​កើន​​​ឡើង​​ប្រមាណ​​ជាង ៤៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០១៦ ដែល​​ការ​វិនិយោគ​​​ផ្ទាល់​​​ពី​បរទេសនេះ​​មាន​ទឹក​​ប្រាក់​ចំនួន​តែ​ជាង ៣.៦ ពាន់​​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ ​មាន​ប្រទេសជាច្រើន​​​ដែលចូល​មក​វិនិយោគ​នៅកម្ពុជា​​ ដោយ​សារ​តែ​ចំណុច​យុទ្ធសាស្ត្រ​៦​យ៉ាង ដែល​កម្ពុជា​​មាន​​ និង​ដែល​អំណោយ​ផល​សម្រាប់​អ្នក​រក​ស៊ី​មក​ពី​ក្រៅ​ប្រទេស​។ ចំណុច​អំណោយ​ផល​ទាំង​៦ នោះ​​រួម​មានដូចជា៖ ទី១​​ កន្លែង​​ផ្ដល់​​សេវា​​ដល់​​អ្នក​​វិនិយោគ​ ឬហៅថា​ (ច្រក​ចេញ​ចូល​តែ​មួយ​)​ ​ដែល​មាន​​​​ស្ថាប័ន​​​​ក្រុម​​ប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​(CDC)​ ជា​អ្នក​​ទទួល​ខុស​​ត្រូវ​ខាង​​ទំនាក់​ទំនង​​វិនិយោគ​​​ពី​​ក្រៅ​ប្រទេស​​​​​។ ទី២​​ សិទ្ធិ​ពិសេស​របស់​អាស៊ាន និង​ប្រទេស​ដៃគូ ដែល​រឿង​នេះ​វា​ជា​កត្តា​ទាក់​ទាញ​​​ចម្បង​​មួយ​ដែល​​​កម្ពុជា​​បើក​ចំហ។ កត្តា​ទាក់​ទាញមួយទៀត​គឺ​​កម្ពុជា ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន មាន​គោល​នយោបាយ​​​​លើក​លែង​​ពន្ធ​គយ ដែល​ជា​ប្រការ​មួយផ្តល់​ផល​ចំណេញ​​គួរសម​សម្រាប់​​​សហគ្រិន​។ ម្យ៉ាង​ទៀត ពាណិជ្ជករ​​​ក៏​អាច​ជួល​បុគ្គលិកពី​ប្រទេស​ខ្លួន​​​ ឬ​​អ្នក​ជំនាញ​​បរទេស​​ដទៃ​ទៀត​​​ក្នុង​អាស៊ាន​​ឲ្យ​​ធ្វើការ​នៅ​​កម្ពុជា​​ដែរ បើ​សិន​​ជា​​រក​អ្នក​​ជំនាញ​ក្នុង​ស្រុក​ខ្មែរ​​មិន​បាន ដោយ​ផ្អែក​លើ​ច្បាប់​​លំហូរ​ពលកម្ម​សេរី​ក្នុង​តំបន់​​អាស៊ា​ន​​។​​ ទី៣​ ស្ថិរភាព​​ផ្នែក​​នយោបាយ​ ព្រោះរយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​​នេះ កម្ពុជា​មាន​ស្ថិរភាព​​នយោបាយ ​និង​ស្ថានភាព​​សង្គម​​គួរ​​ឲ្យ​​ទុក​​ចិត្ត​​។ ទី៤ កំណើនសេដ្ឋកិច្ចកម្ពុជា​មាន​ការ​កើន​ឡើង​ជា​មធ្យម ៧​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ។ ការ​កើន​ឡើង​នៃ​ប្រាក់​​ចំណូល​នេះ​ជា​ចំណុច​ដែល​បង្ហាញ​ថា ពលរដ្ឋ​កម្ពុជា​មាន​លទ្ធភាព​ទិញ​ទំនិញ​ខ្លាំង​ជាង​មុន មាន​លុយ​ចាយ​ច្រើន​​ជាង​​មុន ហើយ​​វិនិយោគគិន​ក៏​អាច​យក​ឱកាស​​នេះ​​កើប​​លុយ​​ពី​ស្រុក​ខ្មែរ​​បាន​​ដែរ។ ទី៥ ច្បាប់​​​អំណោយ​ផល​ដល់​ការ​វិនិយោគ ដូច​ជា​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ មាន​សភា​ពាណិជ្ជកម្ម​ជួយ​សម្រួល​ដល់​ការ​រក​ស៊ី ហើយ​ក៏​អំណោយ​​ផល​ដល់​អ្នក​មាន​លទ្ធភាព​រក​ស៊ី​ដែរ។ ទី៦​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ មាន​ភាព​ប្រសើរ​ និង​ជា​ការ​ទាក់​​ទាញ​​សម្រាប់​វិនិយោគិន​ ។

ប្រការទាំង​នេះ​ហើយ​ ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ និង​មាន​កំណើន​ថេរជាប់ៗគ្នា​ ក្នុង​នោះ​ប្រទេស​ចិន​នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​ទី​១​​ ដែល​បាន​​បោះទុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ជាង​១.៤៣​​ពាន់លាន​​ដុល្លារ​អាមេរិកក្នុង​ឆ្នាំ​២០១៧​ កន្លងទៅនេះ​។​ ដោយ​សារ​តែ​វិនិយោគិន​ចិន​ បាន​​​បោះ​ទុន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​និរន្តរភាព​ដោយ​គ្មាន​ការ​បារម្ភបែបនេះ​ហើយ​ ទើប​មាន​ការ​រិះគន់​ពី​ក្រុម​ប្រឆាំង​អគតិ​​ថា​​ប្រទេស​​ចិន​​ កំពុង​បញ្ជូន​ប្រ​ជាជន​ចិន​មក​កម្ពុជា​ ដើម្បី​បង្ក​អស្ថេរភាព​​​ទៅវិញ​។​ នៅ​ពេល​​ដែល​​រាជរដ្ឋាភិបាល​​​ដឹកនាំ​គ្មាន​ការ​​អភិវឌ្ឍ​ គេរិះគន់​ថា​ដឹកនាំ​ប្រទេស​មិន​កើត​ ប៉ុន្តែ​ពេល​ដែល​រាជរដ្ឋាភិបាល​អូស​ទាញ​វិនិយោ​គិន​បាន​ច្រើន​មក​វិនិយោគ​ ក្រុម​ប្រឆាំង​បែរ​ជា​រិះគន់​​ថា ​​មាន​ការ​ព្រួយបារម្ភពី​បញ្ហា​សន្តិសុខ​ សុវត្ថិ​ភាព​វិញម្តង​។ តើ​ជាការ​រិៈគន់​ដើម្បី​ស្ថាបនា​ ឬ​ជា​ការ​រិៈគន់​​ដើម្បី​​អុជអាល​ បញ្ឆេះកំហឹង​រើស​អើង​ជាតិ​សាសន៍​?​​​

កម្ពុជា​ជាប្រទេស​ឯករាជ្យ​ មាន​អធិបតេយ្យ​ពេញលេញ​ ប្រកបដោយ​នីតិរដ្ឋ​។ ការ​វិនិយោគ​ និង​ប្រកប​របរ​រកស៊ី​របស់​ជន​បរទេស​ទាំង​អស់​ គឺស្ថិត​ក្រោម​ច្បាប់របស់​កម្ពុជា​ ដូច្នេះ​មិន​អាច​ចោទប្រកាន់​ថា​ការ​វិនិយោគ​ដោយ​គំហុក​របស់​វិនិយោគិន​ចិន​នាពេល​បច្ចុប្បន្ន​ ជារឿង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះទេ។​​ តាមពិត​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជាការ​ច្រណែនឈ្នានីស​​របស់​ក្រុម​ប្រឆាំង​ និង​ពួក​បច្ចឹម​ប្រទេសមួយចំនួន​ដែល​តែង​តែ​ព្យា​យាម​​ដាក់គំនាប​សេដ្ឋកិច្ច​មក​លើរាជរដ្ឋាភិបាល​ និង​ប្រទេស​កម្ពុជា​ នៅពេល​ដែល​ពួកគេ​ បាន​មើល​ឃើញ​ទំនាក់​​ទំនង​សេដ្ឋកិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​ កាន់​តែ​មាន​ភាព​ល្អប្រសើរ​ជាលំដាប់​បែបនេះ។ នៅពេល​ដែល​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​គួរ​ឱ្យ​កត់​​សម្គាល់​ បែរ​ជា​ក្រុម​ប្រឆាំង​​ និង​​ក្រុម​បរទេស​​លោក​​ខាងលិច​មួយ​ចំនួន​​ច្រណែន​​ និង​បាន​លើក​ពីការ​ជះឥទ្ធិពលមិនល្អ​​ និង​មនោគម​វិជ្ជា​កុំម្មុយនីស​​របស់​​ចិន​​​​មក​លើ​កម្ពុជា​​ទៅ​វិញ​។​

ដើម្បី​លុបលាង​នូវ​ភាព​បរាជ័យ​ ក្នុង​ការ​ប្រើឥទ្ធិពល​បង្គាប់​បញ្ជា​របស់​ខ្លួនដោយគ្មាន​ប្រសិទ្ធភាព​​ ពួក​បច្ចឹម​ប្រទេស​ទាំង​នោះ មិន​ញញើត​ក្នុង​ការ​លូក​ដៃ​កកូរ​កកាយ​កិច្ច​ការ​ផ្ទៃក្នុង​របស់​កម្ពុជា​យ៉ាង​ងងើល​ឡើយ។​​ ​​ជា​ថ្នូរ​និងការ​ផ្តល់​ជំនួយ​របស់​ពួកគេមក​កម្ពុជា​លែង​មាន​​ប្រសិទ្ធភាព​​​​​​​​ ​ក្រុម​ប្រឆាំង​ និង​ក្រុម​​បច្ចឹម​ប្រទេស​មួយ​ចំនួន​នោះ​ បាន​​​​ព្យាយាម​​ញុះញង់​​ប្រជាជនកម្ពុជា​ឱ្យ​មាន​ការ​រើស​អើង​ជាតិសាសន៍​​វិញម្តង បើ​សូម្បី​តែ​​តែ​ជន​បរទេស​ដែល​ចូល​មក​កម្ពជា​ ជាវិនិយោគិន​ស្រ​ប​ច្បាប់​ក៏ដោយ​​។ តាម​ពិត​ការ​ហូរចូល​នៃ​វិនិយោគិន​ចិន​មក​ប្រទេស​កម្ពុជា​ គឺ​ជារឿង​ល្អទៅ​វិញ​ទេ​ ដោយ​ហេតុ​ថា​​បាន​ផ្តល់​នូវ​ការ​អភិវឌ្ឍ​ជាតិ​ និង​ការ​បង្កើ​ន​ការ​ងារ​ធ្វើ​ដល់​ប្រជាជន​កម្ពុជា​ ធ្វើ​ឱ្យ​ប្រជាជន​មាន​ចំណូល​កើន​ឡើង​ ដើម្បី​កាត់​បន្ថយនូវភាព​ក្រីក្រ​ពី​មួយឆ្នាំទៅ​មួយ​ឆ្នាំ​។

ជារួម​ វា​មិន​មែន​ជារឿង​ចម្លែក និង​គួរ​ឱ្យ​បារម្ភ​​នោះ​ទេ​ នៅពេល​ដែល​ប្រទេសមាន​ការ​អភិវឌ្ឍ​និង​រក្សាបាន​នូវ​កំណើន​សេដ្ឋកិច្ចដូច​ពេល​បច្ចុប្បន្ន​​។ យើង​ជាប្រជាជន​កម្ពុជា​ ត្រូវ​មាន​មោទនភាព​ចំពោះ​​សមិទ្ធ​ផល​​ដែល​យើង​កំពុងទទួល​បាន​​ដូច​ជាការ​កើន​​ឡើង​​នូវ​រោង​ចក្រ​ សហគ្រាស ផ្ទះសំណាក់​ និង​សណ្ឋាគារ​ធំៗ ខ្ពស់ៗ​ ដែល​ផ្តល់​លទ្ធភាព​ដល់​កូន​ចៅ​​​យើងអាច​ស្វែង​រក​ការ​ងារ​​បានកាន់​តែ​ល្អ​ប្រសើរ​​ និង​​ទទួល​បាន​​ប្រាក់​បៀរវត្សកាន់​តែ​ខ្ពស់​ ធ្វើឱ្យ​ជីវភាព​យើង​កាន់​តែ​ធូរ​ធារ​។ ដោយ​សារ​ប្រទេស​ជាតិ​​មាន​សុខសន្តិភាព​ គ្មាន​សង្គ្រាម​​ស៊ីវិល​ គ្មាន​ការ​បង្ហូរ​ឈាម​​រវាង​ខ្មែរ​​និង​ខ្មែរ​នេះ​ហើយ​ ទើប​មាន​វិនិយោគិន​​ជាច្រើន​ចូល​មក​បណ្តាក់​ទុន​ និង​​ភ្ញៀវទេសចរចូល​មក​ទស្សនា​កាន់តែច្រើន​កើនឡើង​ជា​លំដាប់​​​ពី​មួយឆ្នាំទៅមួយឆ្នាំ​ ដែលនឹង​ផ្តល់​ការងារ​ដល់​យើង​​គ្រប់គ្នា។ មានតែ​ក្រុម​ប្រឆាំង​ដោយ​ងងឹត​ងងល់​​ទេ​ ដែល​តែង​តែ​រិៈគន់​ និង​មិនដែល​​ផ្តល់​នូវ​​សច្ចៈ​ធម៌​​​​​​នៃ​ការ​អភិវឌ្ឍ​ជាតិ​ ដូចពាក្យ​ចាស់​ពោលថា​ ធ្វើក៏ខុស មិនធ្វើក៏ខុស ឬអាច​និយាយ​ថា​ «អភិវឌ្ឍក៏ខុស មិន​អភិវឌ្ឍក៏ខុស» ៕​

ដោយ សួន ចំរើន

ចែករំលែក

បញ្ចេញយោបល់