ចុម្មាយភិក្ខុ សាន មុន្នី ចំពោះ ញោម សម រង្ស៊ី​៖ បុណ្យ និង​បាប សាង​ឡើង​​ដោយ​​កិលេស

54

ដោយ​​ឃើញ​​មានការអំពាវនាវ តាមបណ្តាញព័ត៌មាន​ថានៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ នឹង​មាន​​កម្ម​វិធី​បុណ្យ​ផ្កាសាមគ្គី នៅប្រទេសអូស្ត្រាលីនោះ អាត្មាភាព និងពុទ្ធបរិស័ទ្ធ​នៅ​កម្ពុជា​ក៏ចង់​ចូល​រួម​ចាប់​មគ្គ​ផល​​​ដែរ ប៉ុន្តែចម្លែកត្រង់ថាបច្ច័យដែលប្រមូលបានពីបុណ្យផ្កាសាមគ្គីនេះ មិន​យក​​ទៅ​​កសាង​ក្នុង​វិស័យ​ព្រះ​ពុទ្ធ​សាសនាទេ តែ​បែរ​ជា​យក​ទៅ​ជួយ​ចល​នា​សង្គ្រោះ​ជាតិ​របស់​ញោម សម រង្ស៊ី​ ដើម្បី​​ជួយ​​ប្រោស​​ជីវិត​នយោបាយ​របស់​គាត់​ទៅ​វិញ​។

បើ​​តាម​​ពុទ្ធ​​ប្បញ្ញត្តិ ពុទ្ធ​បរិស័ទ្ធ​ទាំង​ឡាយ​ណា ដែល​យក​សាសនា​ទៅ​ប្រើ​​ប្រាស់ ដើម្បី​បោក​បញ្ឆោត​ញាត្តិ​ញោម​ ក្នុងន័យ​កេង​បន្លំ​​បច្ច័យ​ដែល​ប្រមូល​បាន​មក​ធ្វើ​ជា​ប្រយោជន៍​បុគ្គល​ខ្លួន​នោះ​នឹង​ទទួល​នូវ​បាបកម្ម​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​ ដូចជា​ត្រូវ​ទទួល​ទណ្ឌកម្ម​ស្រុះក្នុងខ្ទះខ្លាញ់​យ៉ាង​វេទនា​នៅ​ពេល​ស្លាប់​ទៅ​ ដើម្បី​ជំរះ​នូវអំពើ​បាប​ដែល​ខ្លួន​បាន​សាង​កាល​នៅរស់​ជា​ដើម​។ អាត្មាមិនទោមនស្ស និង​ការ​ធ្វើ​បុណ្យ​សន្សំ​កុសល​របស់​ញាតិ​ញោម​​​ឡើយ ប៉ុន្តែអាត្មា​ក៏មិនគាំទ្រ​ញាតិញោម​ដែល​យក​សាសនា​មក​លេង​សើច​ ធ្វើ​ជា​មុខ​របរ​រៃ​អង្គាសបច្ច័យ ដើម្បី​ដោះស្រាយ​ជីវភាព​ នយោបាយ​ប្រចាំថ្ងៃ​របស់​អ្នក​នយោបាយ​អនា​ថា​ គ្មានគោលដៅ តត្រុក​រំខាន​បរទេស​​ឱ្យវាយ​បំបែក​ឆ្នាំង​បាយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ​ដែរ​។

កន្លងមក​កាលញោម សម រង្ស៊ី​ ធ្វើ​ប្រធានបក្ស អាត្មាបានឮ និង​ឃើញ​ញាតិញោម​ច្រើន​ណាស់​ចូល​បច្ច័យ​ជាមួយ​គាត់​ដល់​រាប់សែន​ដុល្លារ​ឯណោះ ដើ​ម្បី​យក​ទៅ​កសាង​ស្ថានីយ៍ទូរទស្សន៍ ប៉ុន្តែ​មិន​មែន​​ដាក់​ថា​ជា​បុណ្យ​ផ្កា​សាមគ្គី​នោះទេ តែជាការរៃអង្គាសជាមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដូច្នេះ​គឺវា​សមស្រប​ហើយ​​ព្រោះ​មិនបានប្រឡូកប្រឡាក់នឹងសាសនានោះទេ ប៉ុន្តែ​ចម្លែកត្រង់ថា​បច្ច័យ​ទាំង​នោះ​ត្រូវ​រលាយ​សូន្យ​ទៅ​ហើយ​។ គួរឱ្យអនិច្ចា ពេលនេះ​បច្ច័យ​ដែល​ញាតិញោម​ចូល​រួម​ទាំង​ប៉ុន្មាន​ត្រូវ​រលាយ​បាត់​សូន្យ​ឈឹង​តែ​ម្តង​ និង​​មួយ​ចំនួនទៀតត្រូវបានថ្នាក់ដឹកនាំ​បក្ស​យក​ទៅ​ទិញ​ដីចំការ ផ្ទះ ឡាន និង​វីឡា​អស់​ទៅហើយ​។ ដូច្នេះ ការ​ប្រកាសផ្តើម​ធ្វើ​បុណ្យផ្កា​សាមគ្គី​ នៅ​លើក​​នេះ​ទៀត​ អាត្មា​អស់​ជំនឿ និង​សូម​អំពាវនាវ​ដល់ញាតិញោម​កុំ​ចំណាយ​ពេល និង​បច្ច័យ​របស់ខ្លួនតទៅទៀតអី ព្រោះ​បច្ច័យ​របស់​ញាតិ​ញោម​​មិនបាន​យកទៅប្រើ​ប្រាស់​សំរាប់​​កិច្ចការ​សង្គម​នោះទេ ផ្ទុយទៅវិញ​គឺដើម្បី​ផ្គត់ផ្គង់​ដំណើរ​ទេសចរណ៍របស់​ញោម​ រង្ស៊ី​ និង​ប្រពន្ធ​គាត់​ទៅ​វិញ​​ទេ​។ ម្យ៉ាងទៀត អាត្មាអាច​វាយតំលៃ​បាន​ថា​ ជីវិតនយោ​បាយ​របស់ញោម រង្ស៊ី​ គឺត្រូវ​ចប់​ហើយ​ ។ ចប់​ត្រង់​ថា បរទេស​ដែល​ធ្លាប់​ជួយ​បច្ច័យ​គាត់​ក៏​គេ​ឈប់​ជួយ​ផ្គត់ផ្គង់​ដែរ​ ទោះបីញោម សម រង្ស៊ី​ ត្រេចចរ​ទៅ​សុំគេ​ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយ​យ៉ាង​វេទនា​ក៏​ដោយ​ ក៏​គ្មាន​ប្រទេស​ណាគេជួយឧបត្ថម្ភទៀត​ដែរ ដោយ​សារ​តែ​អំពើ​ពុករលួយនៅ​​ផ្ទៃ​ក្នុង​អតីត​គណបក្ស​​ និង​ផល​ប្រយោជន៍​​បក្ខពួក​ ក្រុម​គ្រួសារ​​និយម​នេះឯង​​។ ទី២ ញោម រង្ស៊ី​ គ្មាន​តួនាទី​អ្វី​ដើម្បី​បញ្ជា​ថ្នាក់​ដឹក​នាំ​ និង​សកម្មជន​ក្នុង​បក្ស​គាត់​តទៅ​ទៀត​ទេ​។ ទី៣ ញោម រង្ស៊ី​ មិនហ៊ាន​ចូលស្រុក​ខ្មែរ​វិញ​ទេ​ ដោយ​សារ​តែ​កំពុង​មាន​ទោស​ជាប់​ខ្លួន​ជា​ច្រើនករណី​បែបនេះ​។ ទី៤ ញោម សម រង្ស៊ី​ អាយុ​កាន់​តែ​ច្រើន​ទៅ​ហើយ​ ចាស់​ក៏​ចាស់​ ប្រាជ្ញា​ស្មារតី​ក៏​ខ្សោយ​ទៅតាម​នោះ​ដែរ​ មិន​អាច​ប្រកួត​ជា​មួយ​ញោម​ ហ៊ុន សែន​ បាន​ទៀត​ទេ​។

ជា​ចុង​ក្រោយ អាត្មា​សូម​បិណ្ឌបាត្រ ញោម រង្ស៊ី​ សូម​បញ្ឈប់​យក​ព្រះពុទ្ធ​សាសនា ទៅ​លេង​សើច​ បោក​​ប្រាស់​ប្រជារាស្ត្រ​ខ្មែរ​ដើម្បី​ផលប្រយោជន៍នយោបាយ​របស់​ញោម​តទៅ​ទៀត​​។ ម្យ៉ាងទៀត បុណ្យ​និង​បាប ​គឺនៅ​ទន្ទឹម​គ្នា សាងឡើង​ដោយ​កិលេសរបស់​ញោម​នោះ​ហើយ​​ បើ​ញោម​ប្រើ​ឈ្មោះ​ថា​ជា​​បុណ្យ​ផ្កា​សាមគ្គី​ លុះត្រា​តែ​បច្ច័យ​ដែល​ប្រមូល​បាន​​យក​ទៅ​​កសាង​វត្តអារាម ឬ​សេនា​​សនៈ​ មិនមែន យក​ទៅ​កសាង​ចលនានយោ បាយ​ដែលជាចលនាឧទ្ទាមភេវរកម្ម​ខុស​ច្បាប់​ជាតិ​បែបនេះទេ វានឹង​ទទួល​នូវ​បាបកម្ម​​ចុះ​នរក​អវច្ចី​ខ្លាំងណាស់ ហើយ​ពេល​អស់​សង្ខារ ព្រះ​ពុទ្ធ​មិនអាច​ប្រោស​ឱ្យ​ចាប់​កំណើត​ជាថ្មី​បាន​ឡើយ​៕​

ចែករំលែក

បញ្ចេញយោបល់