ទស្សនៈពលរដ្ឋ៖ ស្ថានទូតអាមេរិកក៏បរាមុខពួករមិលគុណ៧ មករាដែរ!

46

ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃ ៧ មករា បានបង្ហោះសារអបអរសាទរខួបទី៣៩ ឆ្នាំ ថ្ងៃ ៧ មករា ១៩៧៩ ដោយរម្លឹកការចងចាំរបស់ខ្លួនចំពោះការស្លាប់របស់ប្រជាពលរដ្ឋខ្មែរពីរលាននាក់ និងពលរដ្ឋខ្មែររាប់លាននាក់ទៀតដែលបានទទួលរងការឈឺចាប់ដោយសាររបបខ្មែរក្រហម។ ស្ថានទូតអាមេរិកក៏បានចូលរួមប្រារព្ធទិវា ៧ មករា ជាមួយប្រជាជនកម្ពុជាផងដែរនៅថ្ងៃនេះដោយទទួលស្គាល់ការតស៊ូប្រកបដោយភាពវាងវៃ ក្លាហាន និងអំណត់ព្យាយាមរបស់ប្រជាជនកម្ពុជាដើម្បីរំដោះខ្លួនចេញពីរបបវាលពិឃាតនិងបានកសាងប្រទេសរបស់ពួកគេប្រកបដោយក្តីសង្ឃឹម និងបន្តដំណើរទៅរកការបង្រួបបង្រួមជាតិ។

សាររបស់ស្ថានទូតអាមេរិកគឺជាការទះកំភ្លៀងយ៉ាងដំណំចំពោះខ្មែរវង្វេងជាតិមួយក្រុមដែលរមិលគុណថ្ងៃ ៧មករា ហើយខំកាឡៃប្រវត្តិសាស្ត្រទៅជារឿងផ្សេង។ ក្រុមពួកវង្វេងជាតិទាំងនោះដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងអេង ឆៃអ៊ាង ព្រមទាំងបក្សពួកមួយក្តាប់តូចដែលតែងតែចេញមុខបង្កភាពប្រទូសរាយជាមួយថ្ងៃ ៧មករា និងជាមួយស្ថាបនិកថ្ងៃ ៧មករា ជារៀងរាល់ឆ្នាំដោយដើរបញ្ច្រាសទិសទាំងស្រុងពីចរន្តប្រជាពលរដ្ឋខ្មែរដែលចងចាំមិនភ្លេចនូវការឈឺចាប់ក្នុងរបបខ្មែរក្រហម និងដឹងគុណថ្ងៃ ៧មករា ដែលបានរំដោះពួកគេឲ្យរួចរស់ជីវិតពីសេចក្តីស្លាប់។ ៣៩ ឆ្នាំមកនេះ ទណ្ឌិត សម រង្ស៊ី, អេង ឆៃអ៊ាង និង ជនជាប់ចោទកឹម សុខា ព្រមទាំងបក្សពួក ក៏នៅតែមុខក្រាសដើរបញ្ច្រាសទិសដោយស្មារតីវង្វេងវង្វាន់ព្រោះតែមហិច្ឆតានយោបាយដ៏លេលាធ្វើឲ្យពួកគេលែងដឹងខុសត្រូវ។ សូម្បីតែសហគមន៍អន្តរជាតិក៏ទទួលស្គា​ល់អំពើប្រល័យពូជសាសន៍ខ្មែរក្រហម និងទទួលស្គាល់ការឈឺចាប់របស់ពលរដ្ឋខ្មែរដោយ​សាររបបនេះ។ វត្តមានតុលាការខ្មែរក្រហមដែលកើតចេញពីកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិគឺជាឧទាហរណ៍ស្រាប់។ នៅថ្ងៃនេះទៀត ស្ថានទូតអាមេរិកក៏ទទួលស្គាល់តម្លៃជាប្រវត្តិសាស្ត្ររបស់ថ្ងៃ ៧មករា និងចូលរួមប្រារព្ធទិវាចងចាំមួយនេះដែរ។ អភ័ព្វអ្វីតែខ្មែរវង្វេងជាតិមួយក្រុមដែលព្រះប្រោសមិនរួចនៅតែបន្តវង្វេងក្នុងវាលវដ្តសង្សារដ៏មហាធំធេងគ្មានថ្ងៃរកផ្លូវត្រូវឃើញឡើយ។

យ៉ាងណាក៏ដោយចុះ ភាពអស្មិមានៈ និងមោហ៍បាំងជញ្ជាំងបិទរបស់ក្រុមនេះបានរុញច្រានពួកគេឱ្យចាកផុតឆ្ងាយពីឆាកនយោបាយប្រទេសកម្ពុជាទៅហើយ។ មិនត្រឹមតែព្រលឹងប្រជាពលរដ្ឋខ្មែរជាងពីរលាននាក់ដែលស្លាប់ក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេដែលតាមផ្តន្ទាពួករមិល​គុណមួយក្រុមនេះ សូម្បីស្ថានទូតអាមេរិកពេលនេះក៏បានចូលរួមចំណែកបរាមុខក្រុមអគតិងប់ងល់នឹងមនោគមន៍វិជ្ជាបិសាចដែលត្រូវបានគេផាត់ចោលពីសង្វៀននយោបាយទៅហើយនោះផងដែរ។ នេះហើយជាសច្ចៈធម៌ដែលគ្មានអ្នកណាអាចកាឡៃបានឡើយ។ អ្នកព្យាយាមដើរបញ្ច្រាសពីការពិត និងព្យាយាមកាឡៃសច្ចៈធម៌ត្រូវទទួលរងទណ្ឌកម្មបែបនេះឯង។ នៅលើលោកនេះបាបកម្មពិតជាមានមែន សូមទណ្ឌិត សម រង្ស៊ី, អេង ឆៃអ៊ាង កឹមសុខា និងបក្សពួកចងចាំទុកចុះ! ជយោ!ស្មារតីថ្ងៃ៧មករាជាអមតៈ៕

ដោយ៖ កូនខ្មែរ

ចែករំលែក

បញ្ចេញយោបល់