ទស្សនៈពលរដ្ឋ៖ ៧មករា បរាមុខពួកមានឈាមមេដឹកនាំរបបខ្មែរក្រហមដែលនៅសេសសល់!

91

ទោះជា ៣៩ ឆ្នាំបានកន្លងផុតទៅហើយក៏ដោយ ក៏ប្រជា ពលរដ្ឋខ្មែរនៅតែចងចាំមិនភ្លេចខួបកំណើតទី២របស់ខ្លួន គឺថ្ងៃ ៧ មករា ១៩៧៩ ដែលយើងទាំងអស់គ្នាបានរួចរស់ពីសេចក្តីស្លាប់ប្រៀបដូចជាបានចាប់កំណើតសារជាថ្មី។ ខណៈដែលពលរដ្ឋខ្មែរពេញនគរតែងប្រារព្ធទិវាចងចាំនៃថ្ងៃ៧ មករា មិនដែលភ្លេច ថ្ងៃ៧មករានេះក៏ជាទិវាអន្ទងព្រលឹងពួកប្រឆាំងក្រៅច្បាប់ដែលមានឈាមពួកមេដឹក នាំប្រល័យពូជសាសន៍ឲ្យចេញមុខបង្ហាញសាធារណៈជនខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិឲ្យឃើញយ៉ាងច្បាស់ក្រឡែត ពោលគឺ ៧មករា បរាមុខពួកខ្មែរ ដែលមានឈាមប្រល័យពូជសាសន៍នៅសេសសល់។

ឲ្យតែទិវា ៧ មករា មកដល់ ពួកនេះដែលបង្កប់ខ្លួននៅ ក្នុងសង្គមខ្មែរ តែងតែនៅមិនសុខឡើយ ហើយចេញមុខមកអួតប្រាប់គេឯងដោយមិនដឹងខ្លួនថា ពួកគេមានឈាមជ័រជាជនក្បត់ជាតិ និងមានកំហឹងខ្លាំងណាស់ចំពោះអ្នកដែលបានវាយផ្តួលរំលំរបបដឹកនាំរបស់ពួក គេ។ កំហឹងឈឺចាប់របស់ពួកនេះកើតឡើងដោយសារមានអ្នកមករារាំងមិនឲ្យពួកគេសម្រេចបាននូវមហិច្ចតាដ៏ គ្រោះថ្នាក់បំផុតរបស់ពួកគេចំពោះប្រជាជាតិនិងប្រជា ជនខ្មែរ។

ដោយសារតែឈាមជ័រពណ៌ខ្មៅកខ្វក់របស់ពួកមេដឹកនាំនៃរបបប្រល័យពូជសាន៍ដុតរោលខ្លួនប្រាណពួកគេខ្លាំងពេក បានជាពួកជនទាំងអស់នោះមិនអាចទ្រាំបានហើយហារមាត់និយាយប្រឆាំងថ្ងៃ ៧ មករា ទាំងទទឹង ទិសបើទោះបីជាពួកគេដឹងថា ពលរដ្ឋខ្មែរទូទៅស្អប់ខ្ពើមរបបនេះយ៉ាងណាក៏ដោយ។ ពួកដែលបៀមឈាមឃាត ករប្រល័យពូជសាសន៍បាននិងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនប្រឆាំងថ្ងៃ ៧ មករា និងប្រឆាំងអ្នកដែលនាំមកនូវថ្ងៃ ៧ មករាជារៀងរហូតមក។ បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅច្បាស់ជាអាចយល់បានថា ពួកនោះជាអ្នកណា? គឺពួកអតីតបក្សប្រឆាំងដែលទើបត្រូវបានតុលាការកំពូលរំលាយចោល ហើយកំពុងធ្វើសកម្មភាពក្រៅច្បាប់។
អ្វីដែលពួកនេះបានធ្វើរហូតមកដល់បច្ចុប្បន្នបានបង្ហាញច្បាស់ណាស់ថា ជាអំពើសងសឹកចំពោះអ្នកដែលបានវាយផ្តួលរំលំរបបខ្មែរក្រហម។ តាំងពីកកើតបក្សប្រឆាំងនៅកម្ពុជាដឹកនាំដោយលោក សម រង្ស៊ី ដែលបច្ចុប្បន្នមានងារជាទណ្ឌិត និងកំពុងរត់គេចពីសំណាញ់ច្បាប់កម្ពុជា គណបក្សនេះតែងតែប្រឆាំងយ៉ាងប្តូរផ្តាច់ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសប្រឆាំងលោកនា​យករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាស្ថាបនិកថ្ងៃ ៧ មករា។

ពួកគេខំកាឡៃ កែច្នៃសច្ចធម៌ប្រវត្តិសាស្ត្រនៃថ្ងៃ ៧ មករាឲ្យទៅជារឿងផ្សេងទាំងពួកគេខ្លួនឯង និងសាច់ញាតិរបស់ពួកគេសុទ្ធតែបានរួចរស់ជីវិតដោយសារថ្ងៃ ៧ មករា ក៏ដោយ។ ពួកគេហារមាត់ជេរថ្ងៃ ៧ មករា និងជេរស្ថាបនិកថ្ងៃ ៧ មករាដោយឥតកោតក្រែង។ ពួកគេខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបំផ្លាញអ្នកនាំមកនូវថ្ងៃ ៧ មករា។ ពួកនេះក៏បានធ្វើឲ្យមានអរិយភាពជាមួយប្រ​ទេ​សជិតខាងតាមរយៈការចាត់ទុកប្រទេសវៀតណាមជា
សត្រូវ និងជាគោលដៅនៃការបញ្ឆេះកំហឹងស្អប់ខ្ពើមជាតិសាសន៍យ៉ាងជ្រាលជ្រៅ។ គេនៅចាំបានថា លោក កឹម សុខា ធ្លាប់បានហារមាត់និយាយទៅរួចថា គាត់មិនជឿថាឆ្អឹងលលាដ៏ក្បាលដែលបន្សល់ទុកពីរបបខ្មែរ​ក្រហមនោះថាជារឿងពិតទេ តែកឹម សុខា បានហៅឆ្អឹងលលាដ៏ក្បាលទាំងនោះថា ជារបស់សិប្បនិមិ្មត្តទៅវិញ។ ពាក្យសម្តីបែបនេះបានធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រ​ហមខឹងសម្បារយ៉ាងខ្លាំង។

ចំណែក សម រង្ស៊ីនិងបក្សពួកក៏តែងតែបង្កបញ្ហាប្រទូសរាយជារៀងរាល់ឆ្នាំនៅពេលដែលកម្ពុជាប្រារព្ធទិវារម្លឹកខួប ៧ មករា។ ឆ្នាំនេះ សម រង្ស៊ី, អេង ឆៃអ៊ាង និងបក្ខពួកមួយដំបរស្វាផ្សេងទៀតបានលេចមុខសារជាថ្មីប្រឆាំងការរស់រានមានជីវិតឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ ដោយសារសកម្មភាពទាំងនេះជាអំពើរមិលគុណ ទើបបានជាបាបកម្មបានតាមផ្តន្ទាពួកនេះយ៉ាងទាន់ហន់។ ពួករមិលគុណប្រឆាំងថ្ងៃ ៧ មករា បានជួបក្តីវិនាសជាបន្តបន្ទាប់។ វិនាសគ្មានថ្ងៃបានឃើញពន្លឺរស្មីឡើងវិញជាដាច់ខាត។ សូមកុំភ្លេចថា ប្រទេសកម្ពុជាកាន់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ហើយក៏សូមកុំភ្លេចដែរថា បុព្វបុរសខ្មែរប្រកាន់ទសពិធរាជធម៌ និងប្រកាន់សច្ចៈធម៌។ លោកតាមការពារតែអ្នកមានគុណ និងប្រព្រឹត្តធម៌តែប៉ុណ្ណោះ ចំណែកអ្នករមិលគុណដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង និងបក្ខពួក ដែលមានភ្នែកប្រៀបដូចមនុស្សខ្វាក់ មានត្រចៀកប្រៀបដូចមនុ​ស្សថ្លង់ និងមានមាត់ពូកែកាឡៃការពិត នឹងទទួល​កម្ម​ពៀរវេរាតាមយថាកម្មរបស់ខ្លួនហើយ។

អ្វីដែលបាននិងកំពុងកើតមានទៅលើពួកគេនាពេលនេះគឺជាឧទាហរណ៍យ៉ាងជាក់ស្តែងដែលមិនអាចប្រកែកបានឡើយ។ ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងកាត់របបខ្មែរក្រហម និងបានរួចរស់ជិវិតដោយសារថ្ងៃ ៧ មករា នៅតែចងចាំគ្មានថ្ងៃភ្លេចឡើយនូវគុណូបការៈរបស់ថ្ងៃ ៧ មករា ដោយចាត់ទុកថា ជាថ្ងៃប្រវត្តិសាស្ត្រមិនអាចភ្លេចបាន។ មានតែពពួកមនុស្សដែលមានឈាមខ្មៅរបស់មេដឹកនាំរបបខ្មែរក្រហមដែលមិនអាចលាងជម្រះបានទេដែលហ៊ានហារមាត់ប្រឆាំងថ្ងៃ ៧មករា។ ប៉ុន្តែ ពាក្យ​ពេច​ន៍​​ដែលពួកគេហារនិយាយគ្រប់ម៉ាត់គឺជាបណ្តាសារទៅ​លើពួកគេវិញប្រៀបបាននឹងការបាចអង្កាមបញ្ច្រាសខ្យល់ដូច្នោះដែរ។ ទោះបីជាពួកគេអាចកុហកខ្លួនឯងបាន តែពួកគេមិនអាចកុហកសាក្សីរស់រាប់លាននាក់ដែលកំពុងរស់នៅមានជីវិតនៅឡើយ។

ពិសេសជាងនេះទៅទៀត ពួកគេមិនអាចកុហកព្រលឹងដូនតា និងទេវតាដែលមានភ្នែកទិព្វ ត្រចៀកទិព្វបានឡើយ។ សូមស្មារតី ៧មករា ស្ថិតនៅជាអមតៈ! សូមសច្ចៈធម៌ប្រវត្តិសាស្ត្រក្លាយជាពរជ័យចំពោះអ្នកដែលបានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន លះបង់អាយុជីវិតដើម្បីនាំមកនូវសេចក្តីសុខ សន្តិភាពជូនប្រទេសជាតិ និងប្រជាជន! និងសូមឲ្យស្មារតី ៧មករា បរាមុខអ្នករមិលគុណទាំងឡាយឲ្យវិនាសពីដែនដីនេះជារៀងរហូតតទៅ៕

ដោយ៖ កូនខ្មែរ

ចែករំលែក

បញ្ចេញយោបល់