ពលរដ្ឋខ្មែរមួយរូប បង្ហាញភាពក្តុកក្តួល បន្ទាប់ពីបានទស្សនាខ្សែវីដេអូឯកសារ «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ»

58

បន្ទាប់ពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញនូវខ្សែវីដេអូ ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ក្រោមចំណងជើងថា «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ទាំងរដ្ឋ និងឯកជន ដ៏ដូចជានៅតាមបណ្តាញផ្សព្វផ្សាយសង្គមថ្មី ដែលមានដូចជា Youtube, Twitter, Google Plus និង Facebook រួចមកគេសង្កេតឃើញថា វីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដានទស្សនា ហើយក៏មានមតិជាច្រើន ទាក់ទងនឹងខ្លឹមសារនៃវីដេអូដ៏មានអត្ថន័យមួយនេះ។

Grand News (ព័ត៌មានគ្មានព្រំដែន) សូមលើកយកនូវការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ប្រកបដោយភាពក្តុកក្តួល របស់ពលរដ្ឋខ្មែរមួយរូប  ដែលមានអន្ថន័យ ប្រកបដោយហេតុផល ជុំវិញវីដេអូខាងលើនេះ។ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ក្រោយពេលទស្សនាចប់ នូវខ្សែវីដេអូឯកសារ «ដំណើរឆ្ពោះទៅ រកការសង្គ្រោះជាតិ» គណនី Facebook ឈ្មោះ Hat Hat Rith Rith បានបង្ហោះផ្សាយនូវខ្លឹមសារដូចខាងក្រោម៖

ម៉ោង៨,៣០ នាទីយប់នេះ ខ្ញុំ និងក្រុមគ្រួសារ ទើបទស្សនាចប់នូវ ឯកសាររស់ ដែលបានផ្សាយ នៅលើបណ្តាញទូរទស្សន៍កម្ពុជា និងទូរទស្សន៍ផ្សាយបន្ដរជាច្រើន។

អតីតកាល ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរម្លឹកអតីតកាលដ៏សែនឈឺចាប់ ការកាប់សម្លាប់ឃោរឃៅ ក្នុងរបបផ្តាច់ការ ប៉ុល ពត។ សម្តេចបានស្រក់ទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះ ក៏នាំមកនូវការរស់រានមានជីវិត សម្រាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារសម្តេចផងដែរ។

ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ដែលសម្តេច តស៊ូផ្ដួលរំលំ របបផ្តាច់ការ ប៉ុល ពត ដោយយកជីវិតធ្វើដើមទុន មិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធ បន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ស្លាប់កូនទី១ និងបែកគ្នាក្នុងគ្រាពេលមានកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅថា ពូៗ រយៈពេល២ខែ សុទ្ធតែជារឿងរ៉ាវ មិនគួរកើតមានសោះឡើយ ។ រឿងរ៉ាវ ដ៏ឈឺចាប់នេះ មិនត្រឹមតែគ្រួសារសម្តេចប៉ុណ្ណោះទេ វាបានកើតឡើងសម្រាប់ប្រជាជនទូទាំងប្រទេស នៅក្នុងសម័យដ៏ខ្មៅងងឹតនោះ ។

នេះគ្រាន់តែជាការសង្ខេបរឿងរ៉ាវខ្លះប៉ុណ្ណោះ នៅក្នុងការរៀបរាប់ពីការតស៊ូ លះលង់ដ៏ធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ….ខ្ញុំបាទសូមសំដែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅជាទីបំផុត និងសូមជូនពរប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យជួបតែសុខសន្តិភាព គ្រប់ក្រុមគ្រួសារ កុំឱ្យកើតមានសង្គ្រាម ដូចសម័យអតីកាល ដ៏ឈឺចាប់នោះម្តងទៀតឱ្យសោះ។

ជាការតបស្នងសងគុណ ខ្ញុំបាទសូមលើកម្រាមដៃដប់បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងពួង មេត្តាប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ ជូន​សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងកាយមាំមួន អាយុយឺនយូរជានិច្ច  និងសូមអោយសម្ដេចទាំងទ្វេ ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ទាំងអស់ ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ចែករំលែក

បញ្ចេញយោបល់