ទស្សនៈមិត្តអ្នកអាន​៖ នាវា​លាផែ​

35

ក្រោយ​ពេល​​អតីតបក្ស​ប្រឆាំង​ ត្រូវបានតុលាការកំពូលកាត់រំលាយចោល កាល​ពី​ថ្ងៃ​ទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នោះមក មាន​ការ​ខ្សឹប​ខ្សៀវ​ និង​ប្រឌិត​ព័ត៌មាន​ ដើម្បី​ភូតកុហកអតីត​សកម្មជន​របស់​​ខ្លួន​នៅមូលដ្ឋា​ន​​ឱ្យ​មាន​​ក្តី​សង្ឃឹម​ឡើង​វិញ​ថា​អតីត​បក្ស​ប្រឆាំង ​ដែល​ត្រូវ​​រំលាយ​ចោល​បាត់​​ទៅ​​ហើយ​​នោះ នឹងអាច​​រស់​ឡើង​វិញ​សារ​ជាថ្មី​។​​ ការ​បំផ្លើស​ព័ត៌មាន​នេះ​គឺ​ក្នុង​​បំណង​ប្រមូល​កំលាំង​អតីត​សកម្មជន​ឱ្យ​មាន​​លំនឹង​​ក្នុង​ចិត្ត​ និង​លុប​លាង​នូវ​ភាព​បរាជ័យរបស់​បក្ស​ខ្លួន​​តែប៉ុណ្ណោះ​ បន្ទាប់​ពី​តុលាការ​​បាន​រកឃើញថា អតីត​គណបក្ស​ប្រឆាំង​​មួយ​នេះ មាន​ការ​ឃុបឃិតគ្នា​ជា​​ប្រព័ន្ធ​​ ដែល​ចូល​​ទៅ​ក្នុង​​បទ​ល្មើស​​សន្ទិដ្ឋិភាព​​ជាមួយបរទេស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃក្រម​ព្រហ្មទណ្ឌកម្ពុជា​ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែល​កើតឡើង​ពី​ការ​​បោះ​ឆ្នោត​​។ ​ជាមួយ​គ្នា​នេះ តុលាការកំពូល ក៏បានហាមឃាត់ថ្នាក់ដឹកនាំ អតីតបក្សនេះ ​ចំនួន​១១៨​រូប​ មិន​​​ឱ្យ​​​ធ្វើ​​​នយោបាយ​​​រយៈពេល​៥ឆ្នាំ​ផងដែរ​។

តាម​ផ្លូវ​ច្បាប់​ សំណុំរឿង​ក្តីក្តាំពាក់ព័ន្ធនឹងការរំលាយបក្សនយោបាយដែលបានប្រព្រឹត្តខុសច្បាប់ និង​មាន​សេចក្តី​សម្រេច​ជា​ស្ថាពររបស់​តុលាការ​​កំពូល​ហើយ​នោះ​ គឺ​​បិទផ្លូវ​តវ៉ា​​ទាំង​ស្រុង​ទៅ​ហើយ​។ ដូច្នេះ​ ការ​ទន្ទឹង​​រង់​ចាំ​អំពី​ការ​​រស់​ឡើង​វិញ​នៃ​អតីត​បក្ស​​សង្គ្រោះជាតិ​ និងការ​វិល​ត្រឡប់​មកក្នុង​ឆាក​នយោបាយ​នៃអតីត​​មេដឹក​នាំ​បក្ស​​នេះ​​ទាំង​​១១៨​រូប​ ក៏​មិន​អាចកើត​ឡើ​ង​សារជាថ្មីវិញ​ដែរ​។​

ទន្ទឹម​នឹង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​នេះ​ ក្រុម​អ្នក​វិភាគ​ដូរ​បាយ​លំអៀង​ទៅរក​អតីត​បក្ស​ប្រឆាំង​ក៏​បាន​បញ្ចេញ​​សារ​ឱ្យ​មាន​លក្ខណៈស្រប​គ្នា​នឹង​បក្ខ​ពួក​ខ្លួន​ផង​ដែរ​ ដោយ​លើក​ឡើងថា​គួរ​តែ​មាន​ការ​សម្រប​សម្រួល​​ផ្នែក​នយោបាយ​ ឬលែង​មាន​ការ​ចោទ​ប្រកាន់​ខាង​ផ្លូវ​ច្បាប់​ ដើម្បី​ឱ្យ​អតីត​បក្ស​ប្រឆាំង​វិល​មកធ្វើ​នយោបាយ​​វិញជាដើម​។ ប៉ុន្តែ​ ការ​វិភាគ​ និង​សារ​របស់​ពួក​គេ​គឺ​មិនអាច​ទៅរំលត់​សាល​ដីកា​របស់​តុលាការ​កំពូល​បាន​ទេ​។​ដូច្នេះ​ វាជាការខាត​ពេល​​វេលាឥត​ប្រយោជន៍​ក្នុង​ការ​បំពុល​ព័ត៌មាន​បែប​នេះ​ ។​

ដើម្បី​បន្ថែម​ទម្ងន់​ក្នុង​រឿង​អតីត​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​នេះ​ ក្រុម​មេដឹកនាំ​ដែល​អស់​សិទ្ធិ​ធ្វើ​នយោ​បាយ​​នៅ​ក្នុង​​ស្រុក​ បាន​ខិតខំ​ប្រើប្រាស់​ដង្ហើម​ចុងក្រោយ​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សកម្មភាព​គ្រប់​ច្រក​ល្ហក​នៅលើ​ឆាក​អន្តរជាតិ​ បើ​ទោះបី​ជា​វិធី​ដែល​ពួក​គេ​ប្រើ​នោះ​មិន​បាន​បម្រើ​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​ក៏ដោយ​។​​ តាម​រយៈវិធី​សាស្ត្រ​ដដែលៗ​ ក្រុម​​មេដឹក​នាំ​ឧទ្ទាម​ក្រៅ​ច្បាប់​ទាំង​នោះ​ ដឹក​នាំ​ដោយ​ទណ្ឌិត​ សម រង្ស៊ី បាន​ចែក​ជើង​គ្នា​ដើរ​រំខាន​បណ្តា​ប្រទេស​នានា​ ដោយ​តត្រុក​សុំ​អង្វរ​ករ​គេ​ ដើម្បី​សុំ​ជួប​រៀប​រាប់​បំភ្លៃ​សភាព​ការណ៍​ពិតនៅកម្ពុជា ដោយ​យក​លេស​បញ្ហា​ប្រជា​ធិបតេយ្យ​​ និង​សិទ្ធិមនុស្ស​​ ក្នុង​ន័យ​​សុំ​ឱ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដើម្បី​មហិច្ឆិតា​អំណាច​របស់​បក្ខ​ពួក​ខ្លួន​ទៅ​​វិញ​​។​​​

កាល​ពី​ថ្ងៃ​ទី​១៧ ខែធ្នូ​ កន្លង​ទៅ​ថ្មីៗនេះ​ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយកម្មករ​រាប់​ពាន់​នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​​ពិពណ៌​កោះពេជ្រ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​គូស​​បញ្ជាក់​​ច្បាស់​​ៗ​ថា​​​ មេ​ដឹក​នាំ​ និង​អតីតបក្ស​ប្រឆាំង​គឺត្រូវ​ចប់​ជាស្ថាពរហើយ​៖ «​ដោយសារ​មាន​ការ​ខ្សឹបខ្សៀវ​ និង​ការ​ប្រឌិតព័ត៌មាន​មិនពិត​​ដដែល​​ជា​ដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺ​ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ និងបញ្ជាក់សារ​ជាថ្មីថា អតីត​បក្ស​ដែល​ត្រូវ​បាន​​រំលាយ​ហើយ ដោយ​សាលដីកា​តុលាកំពូល គឺ​​ចប់​​ជា​ស្ថាពរ​ហើយ​។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មាន​កើត​ឡើង​សារ​ជាថ្មី​ទៀត​ឡើយ។ ខ្ញុំសូមឲ្យ​យោបល់​​ខ្លះៗ​ដែល​អាច​មាន​ប្រយោជន៍ ហើយ​កុំឲ្យ​ខាតពេល​ច្រើន គឺមានតែ​វិធី​មួយ​គត់​ គឺ​បង្កើត​បក្ស​ថ្មី​ចូល​​រួម​ប្រកួត​ប្រជែង​តាមលក្ខណៈ​ប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរ​ជាង​ដើរ​​និយាយ​​​ឃោសនា​​មិនពិ​ត​ ហើយ​ខាត​បង់​ពេល​វេលា​កាន់​តែ​ច្រើន​»។​

ក្រោយ​ពី​មាន​សារនយោបាយ​នេះ​ លោក អេង​ ឆៃអ៊ាង​ ដែល​ជា​មន្ត្រី​អតីតបក្ស​ប្រឆាំង​ បែរ​ជាយល់​ខុស​ទាំង​ស្រុង​ ដោយ​សង្ឃឹម​​ថា​​ខ្លួននិង​គូកន​ទាំង​១១៨រូប​ ដែល​ត្រូវ​តុលាការ​ហាម​​មិន​​ឱ្យ​​ធ្វើ​​នយោបាយ​​​រយៈ​ពេល​៥ឆ្នាំនោះ​ អាច​​នឹង​មក​បង្កើត​គណបក្ស​ថ្មី​មួយ​ធ្វើ​សកម្មភាព​នយោបាយជាថ្មី​​បាន​ទៅ​​វិញ​​។ តាម​ពិត​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​គ្រាន់​​តែ​ចង់​បង្ហាញ​ដល់​អ្នក​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង ហើយ​មាន​បំណង​ចង់​ចូល​រួម​ក្នុង​ឆាក​​នយោបាយ​សារជាថ្មី​ គឺ​ពួក​គេ​មាន​ឱកាស​បង្កើត​គណបក្ស​មួយ​ថ្មីទៀត​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​នាពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ​​។​​​ ក្នុង​នាម​ជាអ្នក​នយោបាយ​ជើង​ចាស់ និង​មាន​បទពិសោធន៍​ខ្ពស់ លោកនាយករដ្ឋមន្ត្រី​ ​បាន​បង្ហាញ​លើ​ទិដ្ឋភាព​ច្បាប់ថា​ ឈ្មោះ​ និង​ស្លាក​សញ្ញា​របស់​អតី​ត​បក្ស​ប្រឆាំង​គឺ​មិន​អាច​លេច​ចេញ​​រូប​រាង​សារ​ជាថ្មី​បាន​ជាដាច់​ខាត​ ដោយ​ហេតុ​ថា​ តុលាការ​គឺ​ជាស្ថាប័ន​កំពូល​​មួយរបស់​ជាតិ​ ហើយ​បើ​ស្ថាប័ន​កំពូល​​មួយនេះ​ធ្វើ​អ្វីៗ​តាម​ការ​បង្គាប់​បញ្ជា និង​ការ​ដាក់​សម្ពាធ​​របស់​បរទេស​នោះ​ វា​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ទាំង​ស្រុង​នូវ​​​អធិបតេយ្យភាព​ និង​ឯករាជ្យភាពនៃ​ប្រទេសជាតិ​​យើង​​ជាមិនខាន​។

ក្រុម​ឧទ្ទាម​នយោបាយ​ដែល​ហៀប​នឹង​ដាច់​ខ្យល់​ទៅ​ហើយ​នេះ​ មិន​ខ្វល់​នឹង​អ្វី​ដែល​កើត​មាន​ចំពោះ​ប្រជាជន​ និង​​ប្រទេស​ជាតិ​ឡើយ​ ពួកគេ​ធ្វើ​សកម្មភាព​ដើម្បី​តែ​អំណាច​ ​ផល​ប្រយោជន៍​បក្ស​ និង​​បុគ្គល​​របស់​​គេ​​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ ក្រុម​គេ​មិន​ខ្លាច​ក្នុង​ការ​ដើរ​អំពាវនាវ​ឱ្យ​អន្តរជាតិ​​ឈប់​ផ្តល់​ជំនួយ​ ឈប់​ទិញទំនិញ​ និង​ឈប់​មក​វិនិយោគ​នៅ​កម្ពុជា​​នោះ​​ឡើយ​។ នេះ​ហើយ​ជាសមិទ្ធផល​ និង​ជោគជ័យ​របស់​ពួក​គេ​។​ ដូច្នេះ​ ប្រជាជន​កម្ពុជា​​​នឹង​ចងចាំ​ឥត​ភ្លេច​ និង​​ចងកំហឹង​យ៉ាង​ក្តៅងំ​នូវ​ទង្វើ​ដ៏ស្មោគគ្រោគ​របស់​​​ក្រុម​​អតីត​បក្ស​ប្រឆាំ​ង​ដែល​មាន​ទណ្ឌិត​ សម រង្ស៊ី​ ជាមេក្លោង​ ដែល​​ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​​ទៅ​ហើយ​នោះ​ បែរ​ជា​ខិត​ខំ​កៀង​គរ​ឱ្យ​បរទេស​​ផ្តាច់ជំនួយ និង​ឈប់​ទិញ​ទំនិញ​ពី​​កម្ពុជា​​បែប​​នេះ​​ទៅ​​វិញ​​។​ វាជាការ​គួរ​ឲ្យ​សង្វេគ​ចិត្ត​ អាណិត​ដល់​មាតុភូមិ​ និងប្រជាជនខ្មែរ​ដ៏​កំសត់មួយនេះ​ណាស់​ ដែល​​​មាន​ក្រុម​ឧទ្ទាម​​​នយោបាយ​ពូកែ​​ដេក​គិត​រកល្បិច ដើរត្រាច់ចរ​គ្មាន​គោលដៅ​ ទៅ​ពឹង​​បរទេស​ ដើម្បី​សុំ​អង្វរ​ឲ្យ​ពួក​​គេ​ដាក់​ទណ្ឌកម្ម​​មក​លើប្រទេសជាតិឯង​ ដើម្បី​ខ្ទប់​ដង្ហើម​កម្មករ និង​កសិករ​ខ្លួន​ឯង​បែប​នេះ​ !​ ។

ទោះជាយ៉ាង​ណា​ ស្រមោល​នៃ​មេដឹកនាំទាំង​១១៨រូប​​ និង​អតីត​ឈ្មោះ​បក្ស​ប្រឆាំង​នឹង​មិន​អាចលេច​ចេញ​ជា​រូប​រាង ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​​ក្នុង​រយៈពេល​៥ឆ្នាំ​តទៅមុខ​ទៀត​​​នោះ​ឡើយ​។ អ្វីៗ​គឺ​បាន​ចប់​សព្វ​គ្រប់​​អស់​ទៅ​​ហើយ ហាក់​បីដូច​ជាចម្រៀង​មួយ​បទ​ ដែល​មានចំណង​ជើង​ថា​ «នាវាលាផែ​» លាមិន​ត្រឡប់​​ដូច្នោះ​ដែរ​។ ដូច្នេះ ​​​ក្រុម​ឧទ្ទាម​នយោបាយក្រៅច្បាប់​​មិន​គួរ​ចំណាយ​ពេល​ឥត​ប្រយោជន៍ ​ដើម្បី​បន្តរ​បោក​ប្រាស់​​បង​ប្អូន​ទាំង​នៅក្នុង​ប្រទេស​ និង​នៅក្រៅប្រទេស ដើម្បី​បានទទួល​លាភសក្ការៈ​ត​ទៅ​ទៀត​​អី។ ជាពិសេស​បងប្អូន​​ខ្មែរ​នៅក្រៅប្រទេស​ពិត​ជា​ធ្លាប់​បាន​ដឹង​រួច​ហើយ​ថា​ រាល់​ប្រាក់​ឧបត្ថម្ភ​របស់​បងប្អូន​កន្លង​មក​ដែល​ធ្លាប់​ចូល​រួម​ជាមួយ​អតីបក្ស​ប្រឆាំង​​ ដូចជា​មូល​និធិ​ទូរទស្សន៍​ព្រះអាទិត្យ​ មូលនិធិ​សកម្មភាព​បក្ស​ និង​ថវិកា​ផ្សេងៗទៀត​ គឺ​ត្រូវ​បាន​​រលាយ​​បាត់​រូប​រាង​ និង​បាន​ក្លាយ​​ទៅ​​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​មេដឹកនាំ​អតីតបក្ស​ប្រឆាំង​ទាំង​អស់​៕​​​

ដោយ​៖ សួន​ ចំរើន​

ចែករំលែក

បញ្ចេញយោបល់