លិខិតប្រជាជនកម្ពុជា៖ អាមេរិកប្រកាសសងសឹកម្តងទៀតដោយការរឹតត្បិតទិដ្ឋការ គឺមិនខុសពីអាមេរិកទម្លាក់គ្រាប់បែកពីលើក្បាលសម្លាប់ប្រជាជនខ្មែរ ហើយឲ្យខ្មែរសងថ្លៃគ្រាប់បែកនោះទេ

16

ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកប្រកាសថា អាមេរិកដាក់ការរឹតត្បិតទិដ្ឋា​ការលើ​បុគ្គលកម្ពុជាមួយចំនួន។ សកម្មភាពអមនុស្សធម៌ដែលកើតចេញពីការអុជអាលរបស់មន្ត្រីទូតនៅភ្នំពេញ រហូត​ចេញវិធានការប្រឆាំងនឹងប្រជាជនកម្ពុជាបែបនេះ គឺមិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនជារឿងគួរ​ឱ្យភ្ញាក់ផ្អើលសម្រាប់ប្រជាជនកម្ពុជានោះទេ។
ទោះបីមានអ្វីកើតឡើងពីនេះតទៅមុខ សូមប្រជាជនកម្ពុជា ចងចាំថា៖ មិនមែនជារឿងសិទ្ធិមនុស្ស ឬប្រជាធិប​តេយ្យនោះទេ ប៉ុន្តែ កម្ពុជា នៅតែបន្តទទួលនូវភាពអយុត្តិធម៌៣យ៉ាង៖ ទី១៖ អាមេរិកទម្លាក់គ្រាប់បែក​លើក្បាល​ខ្មែរ ហើយតម្រូវឱ្យខ្មែរសងថ្លៃគ្រាប់បែក។ ទី២៖ អាមេរិកយកញញួរវាយក្បាលខ្មែរ ហើយឱ្យខ្មែរសងថ្លៃញញួរ។ ទី៣៖ អាមេរិក លើកទឹកចិត្តគាំទ្រពួកធ្វើបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាដែលបរាជ័យ ហើយបែរជាអាមេរិក​ចេញមុខ​សងសឹកអ្នកការពារសន្តិភាព។
ដូច្នេះច្បាស់ណាស់ ការរឹតត្បិតទិដ្ឋាការលើបុគ្គលមួយចំនួននេះ គឺបង្ហាញថា មន្ត្រីអាមេរិកមួយចំនួនបានបង្កើត​វិធានការ​​សងសឹកប្រឆាំងនឹងបុគ្គលម្នាក់ៗនៅកម្ពុជា ដើម្បីជាវិធីជួសជុលមុខមាត់របស់ពួកគេប៉ុណ្ណោះ។ វិធានការនេះ ក៏ឆ្លុះបញ្ចាំងវិញដែរថា មន្រ្តីអាមេរិកមួយចំនួននោះ គឺមិនគោរព សូម្បីតែបន្ទាត់គោលនយោបាយ​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាសម្តងហើយម្តងទៀតថា «មិនជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​របស់រដ្ឋអធិបតេយ្យនានា» នោះផងទេ។
យើងក៏មើលឃើញថា វិធានការនេះគឺគ្មានស្តង់ដារជាអន្តរជាតិនោះទេ ពីព្រោះវិធានការបែបនេះ គឺគ្មានឡើយ​ចំពោះប្រទេសមិនប្រជាធិបតេយ្យសេរី នៅជិតខាងរបស់កម្ពុជា។ របៀបនេះ ក៏មិនមែនជាប្រជាធិបតេយ្យ​នោះទេ ប៉ុន្តែ គឺដើម្បីផលប្រយោជន៍និងមុខមាត់អាមេរិកសុទ្ធសាធ។ ដូច្នេះ ប្រជាជនកម្ពុជា ក៏មិន​ខ្លាច​ញញើតទេ។ យើងហ៊ានផ្ញើសារទៅមន្ត្រីអាមេរិកវិញថា «នេះជាវិធានការកំសាកបំផុត»។
វិធានការនេះ មិនធ្ងន់ធ្ងរទេ។ កុងស៊ុលអាមេរិក ធ្លាប់ទម្លាក់មិនផ្តល់ទិដ្ឋការប្រជាជនខ្មែរជាច្រើនរាប់រយនាក់ និងរាប់ឆ្នាំរួចមកហើយបើរាប់គិតត្រឹមឆ្នាំ ១៩៧៩មក។ មិនមែនប្រជាជនកម្ពុជាគ្រប់គ្នា ត្រូវអាមេរិកបើក​ឱ្យទៅប្រទេសអាមេរិកឯណា? អាមេរិក កម្រិតសេរីភាពប្រជាជនកម្ពុជាយូរមកហើយ ហើយសូម្បីតែ​ពាណិជ្ជករខ្មែរ ក៏អាមេរិកធ្លាប់ទម្លាក់ទិដ្ឋការដែរ។ ដូច្នេះ គ្មានអ្វីចម្លែកទេ។ ឥឡូវនេះ អាមេរិក ទាមទារបន្ត​បញ្ជូនពលរដ្ឋខ្មែរមកកម្ពុជាវិញ ក៏គ្មានអ្វីចម្លែកដែរ។ យើងត្រូវមានសេចក្តីក្លាហ៊ានដោយកិត្តិយស​ទទួលខុសត្រូវ​​លើពលរដ្ឋយើង។ យើងក៏ត្រូវផ្ញើសារទៅវិញថា មន្ត្រីអាមេរិកខ្លះ គ្មានសីលធម៌ និងគ្មានការមិនចាំបាច់ទទួលបានការផ្តល់តម្លៃអ្វីពីប្រជាជនកម្ពុជាវិញនោះទេ។
ទង្វើនេះក៏បង្ហាញជាភស្តុតាងបន្ថែមទៀតបញ្ជាក់ថា មន្រ្តីអាមេរិក ជាពិសេសមន្ត្រីទូតនៅកម្ពុជា កំពុងលាត​ត្រដាង​​និងធ្វើចម្លើយសារភាពមួយថា ពួកគេពិតជាគាំទ្រជនក្បត់ជាតិ តែគេមិនខ្វល់និង​មិនគាំទ្រតម្លៃប្រជាជន​កម្ពុជានោះទេ។ ពួកគេនៅពីក្រោយបក្សនយោបាយមួយ ឱ្យបន្តធ្វើសកម្មភាពផ្តួលរំលំស្ថាប័ន​ស្របច្បាប់​របស់កម្ពុជា ដោយមិនខ្វល់ពីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍នៅកម្ពុជានោះទេ។
យើងសូមផ្ញើសារទៅកាន់មន្ត្រីអាមេរិកថា៖ «បើអាមេរិកឈឺចាប់ជាមួយមហាអំណាច ចិន សូមអញ្ជើញឈ្លោះ​ជា​មួយ ចិន ដោយផ្ទាល់ចុះ។ សូមកុំឡើងជិះលើខ្នងកម្ពុជា ធ្វើចម្បាំងជាមួយ ចិន ឬ រុស្ស៊ី»។

ប្រជាជនកម្ពុជា! ឥឡូវនេះបានយល់កាន់តែច្បាស់ថា៖ «គេបន្តធ្វើបាបប្រជាជនកម្ពុជាយើង ក្រោមវោហា​សាស្ត្រ​ប្រជាធិបតេយ្យ»។ ទោះបីជាយ៉ាងណា យើងត្រូវបន្តដំណើរទៅមុខជាមួយ៖ «មិត្តពិតប្រាកដ, មិត្ត​ដែលអាចជឿទុកចិត្តបាន និងមិត្តដែលពឹងពាក់បាននៅជុំវិញពិភពលោក»។ កម្ពុជា៖ យើងជាម្ចាស់​ប្រទេសយើង! យើងជាម្ចាស់ជោគវាសនានៃប្រទេសយើង។ យើងរួមគ្នាប្រកបដោយឧត្តមគតិជាតិនិយម បន្តជ្រោងទង់ជាតិកម្ពុជារបស់យើងឱ្យបានខ្ពស់ត្រដែតជានិច្ច។
ជាថ្មីម្តងទៀត ការដែលអាមេរិកប្រកាសការរឹតត្បិតទិដ្ឋការ គឺវាមិនឈឺចាប់ដូចអាមេរិកទម្លាក់​គ្រាប់បែក​សម្លាប់ប្រជាជនខ្មែរនោះទេ។ រឿងនេះ ទើបជាការខ្លោចផ្សារពិតប្រាកដ ហើយព្រឹត្តិការណ៍នេះ នៅតែរំលឹក​ប្រជាជនកម្ពុជាឱ្យចង់ចាំជានិច្ច៕

យើង ប្រជាជនកម្ពុជា

 

ចែករំលែក

បញ្ចេញយោបល់