បទអត្ថាធិប្បាយ៖ អតីតមេដឹកនាំបក្សប្រឆាំងកំពុងព្យាយាមកំទេចឆ្នាំងបាយរបស់កម្មករចោល

26

ក្រោយពីបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយនាពេលថ្មីៗនេះ ក្រុមអតី​ត​មេដឹកនាំបក្សនេះ កំពុងបន្តបើកយុទ្ធនាការលើឆាកអន្តរជាតិ​យ៉ាងល្ងង់ខ្លៅដើម្បីជំរុញសហគមន៍អឺរ៉ុប ឱ្យឈប់ផ្តល់​ពន្ធអនុគ្រោះពិសេស (GSP) ឬបញ្ឈប់ការបញ្ជារទិញលើវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ តើទង្វើនេះ ជាការព្យាយាមកំទេចឆ្នាំងបាយរបស់កម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ ឬយ៉ាង​ណា? តើឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើងកំពុងបានដើរតួនាទីសំខាន់ដូចម្តេចចំពោះកម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ទៀត?

ជាការកត់សំគាល់ ក្នុងទសវត្សឆ្នាំ១៩៦០ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចជឿនលឿន ប៉ុន្តែក្នុងពេលបន្ទាប់​មក ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមទាំងមូលត្រូវបានបំផ្លាញស្ទើរគ្មានសល់ក្នុងភ្លើងសង្រ្គាម។ វាជាភ័ព្វសំណាងដែលប្រជាជន និងប្រទេសកម្ពុជាក្នុងសម័យបច្ចេកវិទ្យាទំនើបបានស្ទុះប្រឹងងើបចេញពេញពីគំនរផេះនៃមហន្តរាយ ហើយកំពុងបានងាកប្រែក្លាយមកជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតទាប ហើយភាពក្រីក្របានធ្លាក់ចុះមកនៅត្រឹមរង្វង់ ១២% ក្នុងកំណើនសេដ្ឋកិច្ចប្រហែល ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយកំណើននេះ នឹងបន្តទៅឆ្នាំខាងមុខៗទៀត។ ក្នុងនោះ វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មផលិតកាបូបសម្រាប់ធ្វើដំណើរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេស បានចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយបានប្រែក្លាយជីវភាពរបស់កម្មករ កម្មការិនី និងគ្រួសាររបស់ពួកគេរាប់លាននាក់ទៀតឱ្យមានជីវភាពកាន់តែល្អប្រសើរក្នុងកាលៈទេសៈប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ។ វាជាការប្រាកដណាស់ឧស្សាហកម្មតម្បាញមួយនេះពិតជាបានជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ឱ្យងើបស្ទុះឡើងក្នុងអំឡុងពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ ហើយវិស័យនេះពិតជាបានតំណាងឱ្យការនាំចេញរបស់កម្ពុជាប្រហែល ៣ ភាគ ៤នៃផលិតផលនាំចេញសរុបរបស់កម្ពុជា។ វាគឺជានិមិត្តរូបនៃយន្តការនិយមនៃសេដ្ឋកិច្ចពិភពលោក។ កំលាំងពលកម្មភាគច្រើនដ៏លើសលុប ជាស្រ្តីវ័យក្មេងដែលកំពុងទទួលបានផលប្រយោជន៍ពីការផ្តល់ការងារពីវិស័យឧស្សាហកម្មមួយនេះ។

ប៉ុន្តែ វាជាការសោកស្តាយដែលកម្ពុជាមានមេដឹកប្រឆាំងបានយកឆ្នាំងបាយរបស់កម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ទៀតធ្វើជាចំណាប់ខ្មាំងបម្រើមហិច្ឆិតានយោបាយរបស់ខ្លួន សំដៅផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់មួយដែលអ្នកបោះឆ្នោតភាគច្រើនបានផ្តល់សេចក្តីទុកចិត្ត។ ជាក់ស្តែងបណ្តាញសារព័ត៌មានអគតិក្រៅប្រទេសខ្លះ តែងតែបន្ទរភាសារបស់ពួកគេ ដោយស្រែកអំពាវនាវឱ្យបរទេសដាក់សម្ពាធ ដាក់ទណ្ឌកម្មសេដ្ខកិច្ច កាត់ជំនួយ ឬបញ្ឈប់ការបញ្ជារទិញពីកម្ពុជា ដែលទង្វើទាំងនោះត្រូវបានមហាជនជាតិចាត់ទុកថា ជាយុទ្ធនាការដ៏ល្ងង់ខ្លៅ គ្មានមេត្តា កំពុងត្រូវបានពួកគេ ​​ប្រើបា្រស់ដើម្បីកំទេចឆ្នាំងបាយរបស់ប្រជាជន និងប្រជាជាតិខ្លួនឯង។ ដើម្បីសម្រេចគោលដៅក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពួកនេះបាននិងកំពុងចាត់ទុកកម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ជាចំណាប់ខ្មាំងក្នុងជម្លោះនយោបាយរបស់ខ្លួន។ វាប្រា​កដណាស់ថា តាមទស្សនៈរបស់បរទេសដែលជាអ្នករៀបចំយុទ្ធសាស្រ្តឱ្យអតីតបក្សប្រឆាំងនេះ ដែលលោក កឹម សុខាខ្លួនឯងជាអ្នកបានបញ្ចេញឱ្យដឹងនាពេលថ្មីៗកន្លងទៅថ្មីៗនេះថា ដើម្បីបានឈានទៅដល់ការផ្តួល​រំ​លំ​​រដ្ឋាភិបាល គឺ អតីតបក្សប្រឆាំងត្រូវអនុវត្តនូវយុទ្ធសាស្រ្តគាស់ពីក្រោមឡើងទៅលើ តាមរយៈការញុះញង់    បំ​​បែកបំបាក់ បញ្ឆេះកំហឹងប្រជាជនឱ្យស្អប់នឹងរដ្ឋអំណាច។

ផ្ទុយទៅវិញយុទ្ធនាការកំទេចឆ្នាំងបាយរបស់កម្មករ កម្មការិនី គឺជាកំហឹងនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំងដើម្បីសងសឹកកំហឹងរបស់ខ្លួន ដោយយកផលប្រយោជន៍របស់ប្រជាជន ជាចំណាប់ខ្មាំងក្នុងជម្លោះនយោបាយ។ នេះជារឿងដ៏ចម្លែកមួយសម្រាប់ពួកអតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជា ដែលមាននិនា្នការផ្ទុយពីអ្នកនយោបាយប្រឆាំងនៅបណ្តាប្រទេស ដែលតែងតែគិតផលប្រយោជន៍របស់ប្រជាជនគេជាធំនោះ។ តើពួកអតីតមេដឹកនាំបក្សប្រឆាំងទាំងនោះបានដឹងទេថា តើបងប្អូនកម្មករ កម្មការិនីរាប់លាននាក់នឹងលើកលែងទោសឱ្យអោយពួកអតីតមេដឹកនាំបក្សប្រឆាំងទាំងនោះទេ បើសិនជាទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេសការអ​នុគ្រោះពន្ធនាំចូលនេះ ត្រូវបានធ្វើឡើងមែននោះ? ពួកនេះ កំពុងធ្វើនយោបាយអត្តឃាដ ដោយ​ជីករណ្តៅកប់ខ្លួនឯង។

អ្វីដែលជាការកត់សំគាល់បំផុតនោះ ពួកនេះ កំពុងធ្វើសកម្មភាពផ្ទុយ បញ្រ្ចាសចរន្តបំណងប្រាថ្នារបស់កម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ ហើយបំណងប្រាថ្នានេះកំពុងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសកម្មភាពយកចិត្តទុកដាក់ផ្តល់ការគាំពារ និងផ្តល់អត្តប្រយោជន៍ផ្សេងៗ ក្រោមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមមានដូចជាការគាំពារសុខភាព ការគាំពារវេជ្ជសាស្រ្ត ការគាំពារមាតុភាពសម្រាប់ស្រ្តីមានផ្ទៃពោះ និងក្រោយការឆ្លងទន្លេ ការដឹកជញ្ជូនដោយមិនគិតថ្លៃជាមួយសេវារថយន្តក្រុងសាធារណៈគម្រោងសោធននិវត្តថ្មី ថ្លៃឈ្នួលផ្ទះ  ថ្លៃអគ្គិសនី និងថ្លៃទឹកសមរម្យសម្រាប់លទ្ធភាពកម្មករ និងការដំឡើងប្រាក់ឈ្នួលអប្បរមាថ្មីចំនួន១៧០ដូល្លារអាមរិកដែលចូលជាធរមាននៅខែមករាឆ្នាំក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារួម វិស័យឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងការកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជន តាមរយៈការផ្តល់ការ​ងារជូនប្រជា ជនក្រីក្រ ក្នុងចំណោមប្រជាជន ៨០% ពឹងអាស្រ័យលើស្រែចំការ។ ប្រសិនបើសហគមន៍អឺរ៉ុបបិទការបញ្ជាទិញពីកម្ពុជាមែននោះ មេដឹកនាំអតីតបក្សប្រឆាំងទាំងនោះហើយ ជាអ្នកទទួលខុសត្រូវចំពោះមុខកម្មករ កម្មការិនី និងប្រជាជនរាប់លាននាក់ ជាពិសេសការទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រប្រទេសជាតិ៕

 ដោយ៖ ឡុង បូរិតា

ចែករំលែក

បញ្ចេញយោបល់