បទអត្ថាធិប្បាយ៖​លោក វីល្លៀម ហៃដ្ត កំពុងបង្វែរការពិត ចំពោះពុធត្បុតនយោបាយរបស់ខ្លួននៅកម្ពុជា

18

ក្នុងបទសម្ភាសន៍​​ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០១៧ លោក​ William Heidt ​បានលើកឡើងដោយចោទប្រកាន់ថា រយៈពេល២ឆ្នាំចុងក្រោយនេះ យើងបានទទួលសញ្ញាពីរដ្ឋាភិបាលកម្ពុជាថា មិនចាប់អារម្មណ៍ក្នុងការអោយមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកទេ។ តើការថ្លែងដោយទំលាក់កំហុសបែបការទូតគ្មានសុច្ចរិតរបស់លោក គឺពិតជាជំហររបស់លោកផ្ទាល់ ​ឬ ជាជំហរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ តើវាប្រាកដទេដែលសហរដ្ឋអាមេរិកមិនបានឋិតនៅពីក្រោយការរៀបចំគម្រោងរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា? តើអាមេរិកប្រាកដច្បាស់ទេថា ទង្វើរបស់ខ្លួនមិនបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឬ?

សម្រាប់ប្រជាជនកម្ពុជាទាំងមូលមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការអធិប្បាយគ្មានការទទួលខុសត្រូវរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជារូបនេះ ដែលឆ្លើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ហើយមិនបានឆ្លើយអោយបានច្បាស់​ប្រកបដោយការទទួលខុសត្រូវជុំវិញការលើកឡើងរបស់លោក កឹម សុខា ដែលថា សហរដ្ឋអាមេរិកនៅពីក្រោយការរៀបចំយុទ្ធសាស្រ្តរំលំរាជរដ្ឋាភិបាលកម្ពុជា។ វាជាការប្រាកដច្បាស់ណាស់ថា​ ផែនការជាយុទ្ធសាស្រ្ត ដើម្បីរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានបែកធ្លាយជាសាធារណៈ តាមរយៈវីឌីអូឃ្លីបចេញផ្សាយដោយបណ្តាញព័ត៌មាន CBN នៅអូស្រ្តាលី គឺបានបង្ហាញយ៉ាងច្បាស់នូវពាក្យសំដីចេញពីមាត់របស់លោក កឹម​ សុខា ផ្ទាល់ថា តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាមេរិក ពិតជាបាននៅពីក្រោយផែនការជាយុទ្ធសាស្រ្ត ដើម្បីរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០០២ ដើម្បីអោយមានការផ្លាស់ប្តូរនៅកម្ពុជា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងអោយលោក កឹម សុខា បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមួយ​ ដើម្បីបំផុសគំនិតអោយប្រជាជននៅថ្នាក់មូលដ្ឋានចងកំហឹង ជាមួយនឹងរដ្ឋអំណាចកម្ពុជា ដើម្បីឈានដល់ការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់មួយ តាមរយៈយុទ្ធសាស្រ្តផ្លាស់ប្តូរជាវិជ្ជមាន។

ក្រោយពីបានមើលឃើញវីឌីអូឃ្លីបខាងលើនោះ មហាជនទូទៅទាំងជាតិ និងអន្តរជាតិ​ ពិតជាមានការភ្ញាក់ផ្អើលស្ទើរតែមិនគួរអោយជឿថា លោក កឹម សុខា អាចលាតត្រដាងនូវសេណារីយោជាយុទ្ធសាស្រ្តដ៏ជាក់លាក់មួយ ដែលទំនងជាផែនការរៀបចំបដិវត្តន៍ផ្តួលរំលំរាជរាដ្ឋាភិបាលមួយដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការបំផុសចលនាចងគំហឹង ការស្អប់ខ្ពើម និងការជីកគាល់រំលើងរដ្ឋអំណាច ពីក្រោមឡើងទៅលើដែលជាទង្វើផ្ទុយនឹងច្បាប់ដែលនាំអោយមានការបែកបាក់សាមគ្គីជាតិក្នុងសង្គម។ ហើយ​ប្រាកដណាស់ថា ផែនការ​ជាយុទ្ធសាស្រ្តរបស់លោក កឹម សុខា ត្រូវបានរៀបចំក្រោមជំនួយរបស់សហរដ្ឋអាមេរិក និងមានអ្នកជំនាញការ សាស្រ្តាចារ្យ មកពីក្រុងវ៉ាស៊ីនតោន  និងមកពីទីក្រុងម៉ុងត្រេអាល ប្រទេសកាណាដា ក្នុងការរៀបចំបដិវត្តន៍មួយ ដោយបានតម្រូវអោយលោក កឹម សុខា យកគំរូតាមប្រទេស  យូហ្គោស្លាវី និងស៊ែប៊ី។ វាជាការពិតបដិវត្តន៍មួយនេះ ត្រូវបានគេមើលឃើញលេចចេញជាសកម្មភាព និងរូបភាពផ្សេងៗ ដែលជាសញ្ញាឈានទៅរកការផ្តួលរំលំក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលពួកអតីតមេដឹកនាំបក្សប្រឆាំងជាអ្នកបញ្ជា និងអាមេរិក រួមទាំងអង្កការអន្តរជាតិមួយចំនួនដូចជា NDI, IRI, CANVAS ជាដើម ជាអ្នកនៅពីក្រោយ និងបន្ទរដោយវិទ្យុអាស៊ីសេរី។

ដូច្នេះ តើវាជាការពិតឬទេ​ដែលរាជរដ្ឋាភិបាលកម្ពុជាចង់មានចេតនាមិនល្អជាមួយនឹងអាមេរិក ឬ អាមេរិកខ្លួនឯងជាអ្នកសមគំនិតមិនល្អជាមួយអតីតបក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា? កម្ពុជាជាប្រទេស​ដែលមានឯករាជ្យ អធិបេតេយ្យភាព បូរណៈភាពទឹកដីពេញលេញ ហើយវាជាការពិត ប្រទេសមួយនេះតែងប្រាថ្នាចង់បានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងគោលបំណងរួម គឺសន្តិភាព ដើម្បី​​ការអភិវឌ្ឍតាមរយៈភាពជាដៃគូពាណិជ្ជកម្មទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាមិនបានចោទប្រកាន់សហរដ្ឋអាមេរិកនៅពីក្រោយផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការពិតជាក់ស្តែង គឺ លោក កឹម សុខាខ្លួនឯងទេ ៉ុណោះីបានមើលជើជាអ្នកបានបង្ហាញថា សហរដ្ឋអាមេរិក ពិតជាបានជួយជ្រោមជ្រែងរៀបចំគោលនយោបាយ និងផែនការជាយុទ្ធសាស្រ្ត ដើម្បីអោយមានការផ្លាស់ប្តូរនៅកម្ពុជាពិតមែន។​

ជារួមប្រជាជនកម្ពុជាទាំងមូលមិនចង់មើលឃើញស្រមោលអតីតកាល និងការហិនហោចជាតិកម្ពុជាទាំងមូល ក្រោយព្រឹត្តិការណ៍នៃការផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចព្រះបរមរតនៈកោដ្ឋឡើយ។ ប្រជា​ជនកម្ពុជាមិនប្រាថ្នាចង់បានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនោះកើតមានឡើងវិញឡើយ។ ហើយជាការពិត ឆ្លងកាត់បទពិសោធន៍ក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់នេះ ប្រជាជនកម្ពុជាប្រាថ្នាចង់បានជានិច្ចជាកាលនូវសុខសន្តិភាពស្ថេរភាពនយោបាយ ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ដើម្បីវឌ្ឍនភាព វិបុលភាព និងការរីកចំរើន។​ ហើយក្នុងយុគ្គសម័យទំនើបនេះ គឺជាមោទនភាពជាតិខ្មែរ ដែលខ្មែរបាន និងកំពុងងើបឡើងវិញដោយភាពរឹងមាំខ្លួនឯង ក្នុងដែនឯករាជ្យ អធិតេយ្យ និងបូរណៈភាពទឹកដីរបស់ខ្លួន៕

ដោយ ឡុង បូរិតា

 

ចែករំលែក

បញ្ចេញយោបល់