ប្រវត្តិ​ ព្រះ​រា​ជ​ពិធី​បុណ្យ​អុំទូក បណ្តែ​តប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក

169

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។ ប៉ុន្តែពិធីបុណ្យនេះ នៅក្នុងសម័យខ្លះ ត្រូវបានអាក់ខានប្រារព្ធ និងសម័យកាលខ្លះទៀត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមាន ពិសេសនៅក្នុងរបបនយោបាយ ដែលមានព្រះមហាក្សត្រគ្រងរាជ្យ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសម្រេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។ ឧទាហរណ៍. ឆ្នាំ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយគ្រោះទឹកជំនន់ តែនៅតាមបណ្តាខេត្ត អាចប្រារព្ធបាន ទៅតាមលទ្ធភាព។ តាមឯកសារខ្លះ បានឱ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុងឯកសារ ជាតិ និងអន្ដរជាតិ ឬតាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សរ៍ទី១២ និងសម័យលង្វែក ព.ស.២០៧១ គ.ស.១៥២៨។

១.   ប្រវត្តិពិធីប្រណាំងទូក

ក. ទស្សនៈយល់ឃើញកន្លងមក

ឯកសារមួយចំនួន បានសរសេរថា ពិធីប្រណាំងនេះ ជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តខ្មែរដែលព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គយាងចេញធ្វើសង្គ្រាមជើងទឹក បង្ក្រាបជនជាតិបរទេសចាម ដោយកងទ័ពប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុង កម្ពុជា ឱ្យរួចផុតពីកណ្ដាប់ដៃ ខ្មាំងសត្រូវនា គ.ស.១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះ ត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះឆាយាលក្ខណ៍ (រូបឆ្លាក់) ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំងទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ពយ៉ាងច្រើនមហិមា។

រីឯនៅសម័យលង្វែក ព្រះអង្គច័ន្ទទី១ ទ្រង់តាំងពញា តាត ងារ ជាស្និទ្ធភូបាលជាស្ដេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់ឱ្យ រៀបចំកងទ័ពជើងទឹកចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួច ហាត់ច្បាំង ដោយទូកអុំ មានទំនងដូចទូក-ង ខ្មែរសព្វថ្ងៃនេះ។ ក្រុមទី២ ជាទ័ពជំនួយហាត់ច្បាំង ដោយទូក ចែវពីរជួរ មានទំនងដូចទូកចែវ ប្រណាំងសព្វថ្ងៃ និងក្រុមទី៣ ទ័ពបាសាក់ ជាទូកធំមាន ដំបូលមួយកាត់ មានក្ដោងដូចទូកប៉ុកចាយ តែរាងស្ដួចវែង សម្រាប់ផ្ទុកស្បៀងកង    ទ័ព។ ការហាត់ចម្បាំង នោះរួមមាន ៖

១.  គេបានកំណត់ នៅថ្ងៃពេញបូណ៌មី ខែអស្សុជ រដូវចេញវស្សា ត្រូវអ្នកព្រឹទ្ធាចារ្យ និងនាម៉ឺន ព្រះពញាគ្រប់ខេត្តទាំងអស់ មកជួបជុំគ្នា នៅមន្ទីរស្និទ្ធភូបាល  ហើយអ្នកទាំងអស់នោះទៅកាន់ទីអារាម ដើម្បីធ្វើទានសីលតាមច្បាប់ព្រះពុទ្ធសាសនា។

២.  កំណត់ថ្ងៃ ពេញបូណ៌មី ខែកត្តិក រដូវអកអំបុក មន្រ្តីទាំងបួនទិស កេណ្ឌទាហានជើងគោក ជើងទឹក ប្រជុំគ្នានៅមុខបន្ទាយ ស្តេចត្រាញ់ ប្រឡងប្ញទ្ធិគ្នា មួយថ្ងៃមួយយប់។ ចំណែកទាហាន ជើងទឹក ឱ្យល្បងប្ញទ្ធិនៅទន្លេ ពាមកន្ថោរ ក្នុងខេត្តឃ្លាំងត្បិតទីនោះ ជាទីប្រជុំទឹកគ្រប់ខេត្ត និងទៅមកបានស្រួល។ តាមលក្ខន្តិកៈ សញ្ញានោះ ត្រូវមួយឆ្នាំប្រជុំពីរលើករាល់តែឆ្នាំតទៅ។ ប្រការ ដែលលោក ស្និទ្ធភូបាល តាត ជាស្តេចត្រាញ់ នៅស្រុកបាសាក់ បានចាត់ការ ថែរក្សា ស្រុកភូមិទាំងនេះធ្វើតាមច្បាប់ក្បួន របស់លោក ក្រឡាពាស នាម មោះ ធ្វើជាស្តេចត្រាញ់ ក្នុងដែនបាសាក់ កាលរាជព្រះមហាក្សត្រ ព្រះនាមព្រះបាទ បទុមសុរិយវង្ស មានប្ញទ្ធិចេស្តាខ្លាំងណាស់។ ការធ្វើបែបនេះស្រុកមានសេចក្តីក្សេមក្សាន្ត ពុំដែលមានចោរ ឬសឹកសត្រូវអ្វីមួយក្នុងប្រទេសម្តងសោះ ឯការហាត់ច្បាំងសឹកសង្រ្គាម ដោយក្បួនទូកនោះ លុះយូរៗទៅ ក៏ជាប់ជាទំនៀមប្រណាំងទូកទៅវិញ។

ខ. របកគំហើញថ្មី នៃព្រះរាជពិធីបុណ្យអុំទូកខ្មែរ

ជាទូទៅ នៅកម្ពុជាបច្ចុប្បន្ន ក្នុងព្រះរាជពិធីប្រចាំឆ្នាំទ្វាទសមាស (បុណ្យដប់ពីរខែ) សម្រាប់ព្រះរាជាប្រារព្ធ នៅ ព្រះបរមរាជវាំង គឺសុទ្ធសឹងទាក់ទងទៅនឹងសាសនា ហើយមានលំនាំយក តាមលទ្ធិ ជំនឿ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ថែមទាំងបាន គួបផ្សំទៅនឹងជំនឿជីវចលនិយម ដែលមានអាយុកាល រាប់ពាន់ឆ្នាំមុន ឥណ្ឌារូបនីយកម្មទៅទៀត ។

លោកបណ្ឌិត មីសែល ត្រាណេ អ្នកជំនាញ ខាងបុរាណវិទ្យា និងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានឱ្យដឹងថា បុណ្យ ប្រពៃណី ជាតិខ្មែរ ភាគច្រើន មានលក្ខណៈសំយោគ (ការដាក់បញ្ចូលគ្នា) ហើយបានប្រារព្ធធ្វើតាំងពីសម័យបុរាណ (បុរេប្រវត្តិ) រហូតដល់សព្វថ្ងៃ។ ក្នុងព្រះរាជពិធីទាំងនោះ គេឃើញមានព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹង ពិធីសំពះព្រះខែ និងអកអុំបុក ដែលជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ប៉ុន្តែថ្វីត្បិតមានការផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសនាក្តីក៏យើងត្រូវសង្កត់ធ្ងន់ទៅលើអត្ថន័យស៊ីជម្រៅនៃប្រភពដើម ដែលជាកក្តាគន្លឹះ សម្រាប់ស្វែង យល់អំពីប្រភព និងតួនាទីរបស់ពិធីបុណ្យ ដ៏សំខាន់មួយនេះ។លោកបណ្ឌិតបានពន្យល់ទៀតថា ជាច្រើនពាន់ឆ្នាំមុនការផ្សព្វផ្សាយនូវវប្បធម៌ឥណ្ឌាដោយស្ថិតនៅតំបន់មានខ្យល់ រដូវ និងអាកាសធាតុ ក្តៅហើយសើមផងនោះប្រជាជនខ្មែរ ដែលមានលំនៅស្ថាន នៅតាមបណ្តោយនៃដងទន្លេមេគង្គ ទន្លេសាបនិងបឹងបួរទាំងឡាយ តែងតែទាញយកផលប្រយោជន៍ ពីទឹកនេះពីព្រោះដូន តាខ្មែរ ចិញ្ចឹមជីវិត ដោយសារការធ្វើស្រែចម្ការនិងនេសាទត្រី។ ដូច្នេះ ទឹកជំនន់ប្រចាំរដូវនេះហើយដែលនាំមកនូវដីល្បាប់ ដ៏មានជីវជាតិ ជាអទិភាពចម្បង សម្រាប់វិស័យកសិកម្ម ដែលជាប្រភព នៃសុភមង្គល និងវឌ្ឍនភាពដ៏ផូរផង់ប្រសើរថ្លៃថ្លាបំផុតជាអំណោយផលពីធម្មជាតិ។ លើសពីនេះទៀត បុណ្យនេះ ក៏ជាឱកាសមួយដ៏សមស្របសម្រាប់ មិនគ្រាន់តែពង្រឹង និងពង្រីកចំណងមេត្រីភាពសាមគ្គីភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធទៅនឹងការបន្តពូជពង្សវង្សត្រកូលរបស់សង្គមមនុស្សតាមរយៈការ អុំទូក ប្រណាំង ប្រជែងគ្នាការស៊ីផឹករាំរែក ចែចង់ ឬក៏រួមរក្ស (ថែរក្សា) គ្នាផងដែរ។

លោកបណ្ឌិតយល់ថា បុព្វការីជនខ្មែរ បានគោរពបូជា ទឹកតាំងពីបុរាណឮកាល ដែលខ្មែរចាត់ទុកថាជាប្រភពនៃជីវិត។ ហេតុនេះហើយបានជាសកម្មភាពរបស់ពួកគាត់ទោះតាមផ្លូវកាយ ចិត្តក្តី ផ្លូវបញ្ញាក្តី សុទ្ធតែដើម្បីបុព្វហេតុនេះហើយ ករណី នៃពិធីបុណ្យ អុំទូកខាងលើ ដែលបានក្លាយ ទៅជាបុណ្យ ប្រពៃណីជាតិ គឺជាសក្ខីភាពមួយ។ លើសពីនេះទៀត ខ្មែរបុរាណយើងជឿថា ការប្រារព្ធពិធីបុណ្យ អុំទូកនេះ ពិតជា នាំមកនូវភោគផល ល្អនិងអ្វីៗ ដែលខ្លួនប៉ងប្រាថ្នា ក៏បានសម្រេច។

ក្រៅពីអំណេះអំណាងខាងលើ លោកបណ្ឌិត មីសែល ត្រាណេ មានភស្តុតាងមួយទៀតគឺថា ស្គរមហោរធឹកសំរឹទ្ធិ ដែល បញ្ជាក់ថានោះជាការបូជាទឹដ៏ឧត្ដមពាក់ព័ន្ធទៅនឹងប្រវត្តិដើមនៃពិធីបុណ្យអុំទូកខ្មែរ។

យោងតាមការសិក្សាស្រាវជ្រាវខាងបុរាណវិទ្យាចម្លាក់ នៃថាសស្គរមហោធឹកសំរឹទ្ធិចុងសម័យ លោហធាតុរវាង ៣០០ ទៅ ១០០ឆ្នាំមុនគ្រិស្តសករាជ  ដែលគេបានរកឃើញនៅខេត្តស្ទឹងត្រែងក៏ដូចនៅ ក្នុងស្ថានីយបុរេប្រវត្តិដទៃទៀត ក្នុងឧបទ្វីបឥណ្ឌូចិន នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ហើយថ្មីនេះ នៅខេត្តព្រៃវែង និងបន្ទាយមានជ័យ អាចឱ្យយើងដឹងថាការ ប្រណាំងទូក ត្រូវបានប្រារព្ធឡើង តាំងតែពី សម័យបុរេប្រវត្តិសាស្ត្រម្ល៉េះ។

លោកបណ្ឌិត មីសែល ត្រាណេ បានពន្យល់ថា បើប្រៀបធៀបចំណុះទូកសម័យមុន និងឥឡូវឃើញថាជាដំបូងចូរ យើងផ្ដោតអារម្មណ៍ទៅលើរូបរាងទំហំ និងចំនួនមនុស្សអុំនៅលើទូកដែលត្រូវ បានឆ្លាក់ នៅលើស្គរសំរឹទ្ធិមហោធឹក ទាំងនោះ ហើយពិនិត្យមើល នូវលក្ខណៈ នៃទូកទាំងឡាយ ដែលខ្មែរយើងកំពុង ប្រើប្រាស់ក្នុង ពិធីបុណ្យអុំទូក សព្វថ្ងៃឬក៏ទូកចម្បាំង ដែលបានឆ្លាក់នៅ ជញ្ជាំងប្រាសាទ បុរាណខ្មែរយើង យើងនឹងអាច កត់សម្គាល់ ឃើញថាជាង ២៣០២ឆ្នាំមុន ឆ្នាំ២០១៤ នេះទោះបីជា ជនជាតិខ្មែរបានទទួលនូវការ ជឿនលឿន ខាងសម្ភារៈ ក៏ប៉ុន្តែទម្រង់ នៃទូក-ង នៅពុំទាន់ផ្លាស់ប្ដូរកែប្រែនៅឡើយ។ ឯកភាពខាងទម្រង់បច្ចេកទេសសាងសង់ និងចីរភាពខាងប្រពៃណី ប្រើទូកប្រណាំងមានសារៈ សំខាន់ណាស់សម្រាប់ខ្មែរយើង ពីព្រោះលក្ខណៈសម្បត្តិ នៃប្រភេទទូក បែបនេះហើយ ដែលសមស្របតាម កំណើតជាតិខ្មែរយើង យ៉ាងប្រាកដ។

គួរបញ្ជាក់ថា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ មានតែជនជាតិខ្មែរ តែមួយប៉ុណ្ណោះ ដែលអាចស្គាល់ និងផលិត ទូកងបែបនេះ ហើយកំពុងពេញនិយម។ បើនិយាយម្យ៉ាងទៀត យើងពុំទាន់ឃើញជាតិ សាសន៍ដទៃ ណាមានសមត្ថភាព ឬសតិញ្ញាណ ដើម្បីធ្វើទូកដូច្នេះ បានឡើយ។ ប៉ុន្តែបើមានគឺជនជាតិថៃ និងលាវ (ឡាវ) ដែលប្រើប្រាស់ប្រភេទទូកនេះ ដែលតាមពិតទៅគឺ ជាមរតកខ្មែរ ដែលពួកគេ បានខ្ចីពីម្ចាស់ទឹកដី គឺជនជាតិខ្មែរយើងក្រោយពីសម័យមហានគរ (ចក្រភពអង្គរ) បន្តិចមក។

ម្យ៉ាងវិញទៀត ជនជាតិចំណូលថ្មីទាំងនោះ ទោះបីបានផ្ដើមប្រើទូកបែបនេះ យកតាមលំនាំខ្មែរ សម្រាប់ ប្រណាំង ក៏ដោយ តែការប្រណាំង ទូករបស់ពួកគេមិនដែលមានលក្ខណៈជាប្រពៃណីប្រចាំជាតិ ដូចនៅព្រះរាជា ណាចក្រកម្ពុជា នោះដែរ។  នេះបញ្ជាក់ឱ្យឃើញនូវ តួនាទីសង្គមនិង វប្បធម៌ យ៉ាងសំខាន់របស់បុណ្យ អុំទូកខ្មែរ ដែលជាទំនៀមទម្លាប់ ប្រពៃណីជាតិ ដ៏យូរលង់ ណាស់មកហើយ ហើយមិនមែនជាកម្ចីវប្បធម៌របស់បរទេសឡើយ។ ចំណុចមួយទៀត ដែលយើងត្រូវកត់សម្គាល់ នៅទីនេះ គឺក្នុងទស្សនវិជ្ជាបុរាណខ្មែរ យើងឃើញមានប្រព័ន្ធមនសិការ វាងព្រះទឹកជា ពាក្យខ្មែរ និងអាទិទេពគង្គាជាភាសាសំស្ត្រឹត ដែលមានន័យដូចគ្នា គឺធាតុទឹកត្រូវបានដំឡើងឋានៈស្មើនឹងព្រះអាទិទេព របស់ឥណ្ឌាគឺ ព្រះនាងគង្គា ដែលបានប្រសូត ចេញពីទឹក នៃភួងសក់ព្រះឥសូរ ដ៏មានមហិទ្ធិឫទ្ធិក្នុងលទ្ធិព្រហ្មញ្ញសាសនា។

លោកបណ្ឌិតបានឱ្យដឹងទៀតថា គុណសម្បត្តិ ពិសេសនៃស្គរមហោធឹកសំរឹទ្ធិ នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមាន ក្នុងទឹកដី ខ្មែរបច្ចុប្បន្ន ក៏ដូចនៅតំបន់ផ្សេងៗ នៃអតីតចក្រភពកម្ពុជ ទេស មានលក្ខណៈ ធំធេងណាស់។ វត្តមានរបស់ចម្លាក់ តំណាងឱ្យការប្រណាំងទូកង និងឧបករណ៍ភ្លេងទាំងនោះ គឺគេទូង ឮសម្រាប់ហៅទឹកភ្លៀង។ នោះជាអ្វីមួយ ដែលអ្នកប្រាជ្ញ បរទេសចាត់ទុក ថាជាពិធីបុណ្យសាសនា ក៏មែនពិត ក៏ប៉ុន្តែវាជាភស្តុតាង ជាប្រយោលនៃការប្រើប្រាស់ទូកប្រណាំងយ៉ាងពិតប្រាកដ។ នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពាក់ព័ន្ធទៅនឹងប្រភពឬដើមកំណើត នៃការអុំទូកខ្មែរ បច្ចុប្បន្ន ដែលខ្មែរមិន គប្បីមើលរំលងឡើយ។

គ.អត្ថន័យពិធីបុណ្យអុំទូកខ្មែរ

រួមសេចក្ដីមក ស្ថិតក្រោមឥទ្ធិពលនៃធម្មជាតិ ជាពិសេសរបបខ្យល់រដូវ ដូនតាខ្មែរបានបង្កើត និងប្រារព្ធប្រពៃណីនេះឡើងចង់បង្ហាញនូវគោលគំនិតសំខាន់ៗ ដូចជា៖

– ដើម្បីសំដែងមនោសញ្ចេតនា ដឹងគុណចំពោះ ទន្លេមេគង្គនិងទន្លេសាប ដែលបាននាំដីល្បាប់មានជីវជាតិ យ៉ាងសំខាន់បង្កបាននូវធនធានសម្បូណ៌បែប។

– ការសម្ដែងនូវ ភាពរីករាយអបអរសាទរចំពោះភោគផលដំណាំកសិកម្ម ដែលធម្មជាតិបានផ្គត់ផ្គង់។

-ការតបស្នងសងគុណវត្ថុស័ក្តិសិទ្ធិ ក្នុងលោកជារួមមានព្រលឹងធម្មជាតិ និងដូនតា មានឋានៈស្មើ ទៅនឹង ព្រះអាទិទេពដែលបានជួយជ្រោមជ្រែងក្នុងការធ្វើឱ្យមានកំណើនភោគផលជាវិជ្ជមាន។

– ដើម្បីបង្កើតមេត្រីភាព ភាតរភាពសាមគ្គីភាព រវាងបុគ្គល និងបុគ្គលក៏ដូចពង្រឹង ពង្រីក ឡើងវិញ នូវចំណងមិត្តភាព។

២. ពិធីបណ្តែតប្រទីប

ពិធីបណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកក្ដិក ភ្ជាប់នឹងពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនៅពេលថ្ងៃគឺមានកំណើតដំណាលគ្នា នឹងពិធីអុំទូកដែលរីកចម្រើន នៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់មកហើយនោះដែរ។

ក. ប្រវត្តិពិធីបណ្តែតប្រទីប

ពិធីបណ្ដែតប្រទីបមានប្រវត្តិយ៉ាងជិតស្និទ្ធនឹងព្រះពុទ្ធសាសនាហើយក៏មាន ជាប់ឥទ្ធិពលព្រាហ្មញ្ញសាសនា ដែលប្រតិបត្តិវិធីអគ្គិហោត្រ ឬហោមពិធី ដោយការអុជទៀនធូប ប្រទីបជ្វាលា ដើម្បីបូជាដល់អាទិទេព។ ចំណែកពាក់ព័ន្ធនឹង ព្រះពុទ្ធសាសនាវិញ តាមគម្ពីរទាសវង្ស (ភាសាបាលី) មានចែងថាព្រះចង្កូមកែវ (ព្រះទន្ត គឺធ្មេញ) ស្រួចទាំងបួននៃព្រះសម្មាសម្ពុទ្ធ ប្រតិស្ថាន (ការតាំង,តម្កល់) នៅទីទាំងបួនគឺ៖ នៅត្រៃត្រឹងសួគ៌(១), នៅពិភពនាគ(១), នៅស្រុកគន្ធារ(១) និងនៅទន្តបុរៈកលិង្គរដ្ឋ(១)។ ចំណែកស្នាមព្រះបាទ ព្រះសម្មាសម្ពុទ្ធប្រតិស្ឋាន នៅទីទាំង៥គឺ៖ ១.នៅសុវណ្ណមាលិកបពត៌ ២.នៅសុវណ្ណបពត៌ ៣.នៅសុមនកូដបពត៌ ៤. នៅយោនកបុរី និង ៥. នៅស្ទឹងនម្មទា។

ខ. អត្ថន័យនិងខ្លឹមសារពិធីបណ្ដែតប្រទីប

-ពិធីបណ្ដែតប្រទីប ជាពិធីបុណ្យទាក់ទងទៅនឹងសាសនាជា បុណ្យប្រពៃណី របស់ខ្មែរបញ្ជាក់នូវ ទឹកចិត្តមនោ    សញ្ចេតនាស្នេហា និងគោរពដឹងគុណដល់សម្មាសម្ពុទ្ធគឺព្រះចង្កូមកែវប្រតិស្ថាន នៅពិភពនាគ ព្រមទាំងស្នាមព្រះបាទ របស់ព្រះអង្គប្រតិស្ថាន នៅស្ទឹងនម្មទា និងកន្លែងដទៃទៀត។

-ដឹងគុណដល់ព្រះគង្គានិងព្រះធរណី ដែលបានផ្ដល់នូវជីវភាព រស់នៅរបស់ប្រជាជាតិកម្ពុជា យ៉ាងរុងរឿង ប្រកប ដោយសុខុមាលភាព។

-ដើម្បីសម្ដែងមនោសញ្ចេតនាដឹងគុណចំពោះទន្លេមេគង្គ និងទន្លេសាបដែលផ្ដល់ ជីវជាតិ យ៉ាងសំខាន់សម្រាប់ បម្រើវិស័យកសិកម្ម។

៣.ពិធីសំពះព្រះខែ និង អកអំបុក

បុណ្យប្រពៃណី សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិរបស់ព្រះពុទ្ធ។ តាមការសន្និដ្ឋាន ពិធីនេះប្រហែលជាប្រារព្ធ និងរីកចម្រើន ដំណាលគ្នានឹង បុណ្យអុំទូក និងបណ្ដែតប្រទីបដែរ។

ក. ប្រវត្តិពិធីសំពះព្រះខែ និងអកអំបុក ទាក់ទងនឹងព្រះពុទ្ធ

តាមគម្ពីរ បរមត្ថទីបនីអដ្ឋកថា ចរិយាបិដក(ភាសាបាលី) ចែងថាក្នុងដើមភទ្ទកប្បនេះ ព្រះបរម ពោធិសត្វ នៃយើង ទ្រង់ យោន យកកំណើត ជាទន្សាយពោធិសត្វ។ វេលាខែពេញបរមី មួយ ទន្សាយពោធិ សត្វបានអធិដ្ឋាន ឧបោសថសីល ហើយឧទ្ទិសមំសៈ (សាច់)ជាទានបរមត្ថបារមីដើម្បី  បំពេញសម្មាស ម្ពោធិញាណ ឱ្យបានត្រាស់ ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ដឹងពីហេតុការណ៍ នោះទ្រង់កាឡាខ្លួនជាព្រាហ្មណ៍ ចាស់ម្នាក់មកសុំមំសៈរបស់ទន្សាយ ពោធិសត្វធ្វើជាអាហារ។ ទន្សាយពោធិសត្វ បានឱ្យ ព្រាហ្មណ៍នោះបង្កាត់ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ។ ទន្សាយពោធិសត្វ ក៏រលាស់ខ្លួនឡើង បីដង ដើម្បីឱ្យសត្វល្អិត ដែលជាប់និង រោមជ្រុះចេញ រួចក៏លោតចូលក្នុង ភ្លើងភ្លាមភ្លើងនោះប្រែជាពុំឆេះសន្ធោរ សន្ធៅដូចមុនឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រព្រាហ្មណ៍ក៏ស្ទុះ ទៅពរយក ទន្សាយពោធិសត្វ ឡើងទៅដល់ មណ្ឌលព្រះច័ន្ទ ហើយទ្រង់ក៏យកម្នាងសិលា គូររូបទន្សាយពោធិសត្វ ហើយឥន្ទ្រព្រាហ្មណ៍ អធិដ្ឋានថាសូមឱ្យ រូបទន្សាយ ពោធិសត្វដែល យើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ ទីបំផុតកប្ប។

ដោយអនុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផងនិងសេចក្ដី អធិដ្ឋានរបស់ឥន្ទ្រព្រាហ្មណ៍ផង រូបទន្សាយ ក៏ឃើញ ប្រាកដ ក្នុងមណ្ឌលព្រះច័ន្ទ ជាដរាប រហូតដល់សព្វថ្ងៃនេះ។

រឿងនិទានបែបព្រះពុទ្ធសាសនា ទាក់ទងនឹងសត្វទន្សាយពោធិសាត់នេះ ក្លាយជាជំនឿមុត មាំមួយ ចំពោះ ជនជាតិខ្មែរ រួចមកក៏បាន រៀបចំឱ្យមាន ពិធីបុណ្យសំពះព្រះខែ ដោយរីកចម្រើន នៅក្នុងសង្គម ខ្មែរពីព្រោះ ឥទ្ធិពលនៃព្រះពុទ្ធសាសនា បាន ចាក់ឫសយ៉ាងជ្រៅ ទៅក្នុងព្រលឹង របស់ប្រជាជាតិខ្មែរ ទាំងមូល ដែលតែងតែ គោរពបូជា ដល់ព្រះសម្មាសម្ពុទ្ធ ជាអម្ចាស់ ពិសេស គឺព្រះពោធិសត្វ ដែលយោនយកកំណើត ជាទន្សាយបាន ផ្ដិតរូបព្រះឆាយ យាលក្ខណ៍ របស់ព្រះអង្គ នឹងលោកខែ(ព្រះច័ន្ទ) ដើម្បីបានបំភ្លឺសត្វលោក តរៀងទៅ។

ខ. ពិធីសំពះព្រះខែ និង អកអំបុក

ដោយមានជំនឿតាមរយៈរឿងនេះហើយ បានជានៅវេលារាត្រី ពេញបូរមីថ្ងៃ១៥កើតខែកក្តិក រៀងរាល់ឆ្នាំខ្មែរ យើង យកនំចំណី មានអំបុកចេក ជាដើមមកបូជាព្រះច័ន្ទ ហៅថាពិធីបុណ្យសំពះ ព្រះខែ អកអំបុក នេះឯង។ នៅក្នុងពិធីសំពះព្រះខែនេះ គឺមានសម្រក់ទៀន លើស្លឹកចេកស្រស់ ដើម្បីផ្សងមើល ទឹកភ្លៀងក្នុងឆ្នាំ បន្ទាប់នៃឆ្នាំនេះ។ បន្ទាប់ពីសម្រក់ទៀនមក គេនាំគ្នាអកអំបុក ដែលធ្វើក្នុងវេលាយប់ នៃខែកត្តិកនោះ។ ពេលសំពះព្រះខែ និងអកអំបុកនេះដែរ ពួកខ្មែរអ្នកស្រុកតែងតែ សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។

គ. អត្ថន័យនិងខ្លឹមសារ ពិធីបុណ្យសំពះព្រះខែនិងអកអំបុក

– ធ្វើសក្ការបូជាចំពោះទន្សាយ ព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍ របស់ព្រះអង្គផ្ដិត ជាប់នឹង ព្រះខែ ដើម្បីបំភ្លឺ សត្វលោករៀងមក។

-ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វ នូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គ ក្នុងវេលាយប់ ពេញបូរមី នៃខែកក្ដិកជា ពេលព្រះខែ លេចរូបរាងច្បាស់។ហេតុនេះគេ ក៏ថ្វាយត្រាវ ដំឡូង ដូង ចេកអំបុក៘ជាចំណី ទន្សាយពោធិសត្វ។

-ដើម្បីអបអរសាទរ នូវទិន្នផលដែល បានមកពីការបង្កបង្កើនផល របស់ប្រជាជាតិកម្ពុជា។ ប្រជាជនបាន ខិតខំធ្វើពលកម្ម យ៉ាងខ្លាំង តាំងពី រដូវភ្លៀងធ្លាក់កន្លងមក។ ជាសញ្ញាប្រាប់ថា រដូវស្រូវទុំព្រមទាំង ផល្លានុផលទាំងឡាយ បានមកដល់ហើយ។

– ការជ្រើសរើសយកថ្ងៃទី១៥កើត ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅម៉ោង១២យប់នោះ ពីព្រោះយប់ថ្ងៃនេះ គឺព្រះច័ន្ទមានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ និងលោកខែ នៅជិតភពផែនដីដែលមនុស្ស សត្វរស់នៅដែលងាយស្រួលក្នុងការនិយាយទាក់ទងគ្នា មើលឃើញគ្នានិងស្តាប់គ្នាបាន។

សរុបសេចក្ដីមកយើងមិនត្រូវ មានការភាន់ច្រឡំរវាង ការប្រណាំងទូក ក្នុងសមយុទ្ធនាសម័យអង្គរ ដែលប្រើប្រាស់ទូកចម្បាំងក្នុងសង្គ្រាមខ្មែរ-ចាមក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧  និងសមយុទ្ធទ័ពជើងទឹកក្រោយសម័យអង្គរ ក៏ដូចពិធីអុំ ទូកបែបប្រពៃណី សាសនានោះទេ។ ការលើកយកទូកចម្បាំងតែម្យ៉ាងមកនិយាយដោយមិនបានផ្គុំនឹងឯកសារផ្សេងៗខាងបុរាណវិទ្យា មិនអាចធ្វើឱ្យយើងយល់នូវអត្ថន័យការពិតបានឡើយ៕

2014-11-05_wftw2014_5005i

2014-11-06_water_festival-008

2014-11-06_water_festival-0242014-11-06_water_festival-0232014-11-06_water_festival-0222014-11-06_water_festival-0212014-11-06_water_festival-0142014-11-05_wftw2014_1141f2014-11-05_wftw2014_1141e

2014-11-06_water_festival-025

2014-11-05_wftw2014_5015d

2014-11-05_wftw2014_5015e

2014-11-05_wftw2014_5015j

2014-11-06_water_festival-024a

2014-11-05_wftw2014_5015k2014-11-06_water_festival-026

2014-11-05_wftw2014_5015l

2014-11-05_wftw2014_5015m

2014-11-05_wftw2014_5015p

2014-11-05_wftw2014_5015n

2014-11-05_wftw2014_5015s2014-11-05_wftw2014_5015q

 

ចែករំលែក

បញ្ចេញយោបល់