កម្ពុជានឹងប្រែក្លាយខេត្តព្រះសីហនុឱ្យអភិវឌ្ឍន៍ដូចតំបន់ Shenzhen នៅចិន

ថ្ងៃសុក្រ ទី ២០ តុលា ២០១៧​
415

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើឱ្យខេត្តព្រះសីហនុទាំងមូលក្លាយជាតំបន់ឧស្សាហកម្មគំរូពិសេសមួយរបស់ប្រទេស ដែលនឹងយកលំនាំការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស «សេនចេន» (Shenzhen) របស់ប្រទេសចិន។ ខេត្តដែលជាប់សមុទ្រមួយនេះ មានអំណោយផលទីតាំងភូមិសាស្រ្តដ៏ធំធេងសម្រាប់កម្ពុជាក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងតំបន់ ។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសគំរូនៅខេត្តព្រះសីហនុមួយនេះ បានដាក់ចូលជាផែនការអាទិភាពរបស់រដ្ឋាភិបាលរួចហើយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥ -២០២៥។ រដ្ឋាភិបាលរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងរួមចំណែកជំរុញប្រភេទឧស្សាហកម្មនៅកម្ពុជាកាន់តែចម្រុះឡើង បន្ថែមពីលើប្រភេទឧស្សាហកម្មរោងចក្រកាត់ដេរដែលមានស្រាប់។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្លាប់អះអាងថា រដ្ឋាភិបាលបានយល់ឃើញពីអត្ថប្រយោជន៍ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេស បានស្ញប់ស្ញែងពីការអនុវត្តយ៉ាងជោគជ័យរបស់ប្រទេសចិនដែលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេស សេនចេន ហើយធ្វើឱ្យវិស័យឧស្សាហកម្មរីកចម្រើនយ៉ាងខ្លាំង។ ខេត្តព្រះសីហនុគឺជាទីតាំងដែលល្អឥតខ្ចោះ ដើម្បីឱ្យកម្ពុជាអាចបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយជោគជ័យ។ តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងវិនិយោគដែលបង្កើតឡើងសម្រាប់ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដែលជាទូទៅរដ្ឋាភិបាលបានផ្តល់លក្ខខណ្ឌលើកទឹកចិត្តផ្សេងៗដូចជា ការអនុគ្រោះពន្ធ ការបម្រើជូនសេវាច្រកចេញចូលតែមួយ ការសម្រួលបែបបទនាំចេញ នាំចូលទំនិញ ការសម្រួលបែបបទរដ្ឋបាលនានា និងលក្ខខណ្ឌផ្សេងៗទៀតជាច្រើនដើម្បីជំរុញសកម្មភាពវិនិយោគ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ដែលជាផែនទីចង្អុលផ្លូវដ៏ថ្មីមួយសម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។ ការបញ្ចុះថ្លៃអគ្គិសនីសម្រាប់វិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ការបន្តអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេស ការយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស និងការបង្កើតតំបន់សេដ្ឋកិច្ចគំរូនៅខេត្តព្រះសីហនុ សុទ្ធសឹងជាយុទ្ធសាស្រ្តអាទិភាពរបស់រដ្ឋាភិបាលក្នុងគោលនយោបាយនេះ៕

ប្រភព៖ ខេមបូណូមីស

បញ្ចេញយោបល់