លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្អាកកិច្ចសហ ប្រតិបត្តិការជាមួយអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទា ហានអាមេរិកនៅទឹកដីកម្ពុជា

98

(ភ្នំពេញ)៖ ឆ្លើយតបភ្លាមៗនិងក្តៅៗទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រកាសផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានោះ, នៅព្រលប់ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ដោយប្រកាសថា កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋ អាមេរិក លើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកនៅទឹក​ដីកម្ពុជា។

លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសយ៉ាងដាច់ណាត់តាមរយៈបណ្តាញ Fresh News យ៉ាងដូច្នេះថា៖ «កម្ពុជាផ្អាកកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋ​អាមេរិកក្នុងការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាកាលពីសម័យសង្រ្គាម។ ហើយក្រសួងការបរទេសកម្ពុជា នឹងផ្ញើកំណត់ទូតទៅកាន់សហរដ្ឋអាមេរិក នាពេលឆាប់ៗនេះ ជុំវិញការផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកលើការស្វែងរកឆ្អឹងខ្មោចទាហានអាមេរិកលើទឹកដីកម្ពុជា»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ទៀតថា​ «ទាហានអាមេរិកដែលបានបាត់ខ្លួននៅលើទឹកដីកម្ពុជា សរុបប្រមាណ៨០នាក់ដោយកន្លងមករកឃើញជាង​៤០នាក់ នៅសល់ប្រមាណ៤០នាក់ទៀត ដូច្នេះកិច្ចសហប្រតិបត្តិការនៃការស្វែងរកនេះត្រូវផ្អាកសិនរង់ចាំការដោះស្រាយបញ្ហាផ្សេងៗរវាងកម្ពុជា និងអាមេរិកបានប្រសើរមកវិញ ជាពិសេសលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ទិដ្ឋាការដល់មន្រ្តីកម្ពុជា​ដែលសហរដ្ឋអាមេរិកបានផ្អាក ព្រោះតែកម្ពុជាមិនទាន់ទទួលយកការបញ្ជូនជនជាតិខ្មែរមានពិរុទ្ធមកកាន់កម្ពុជាវិញ ដែលទង្វើនេះជាការបំបែកបំបាក់ក្រុមគ្រួសាររវាងឪពុក-ម្តាយនិងកូន ដ៏អាក្រក់និងអមនុស្សធម៌យ៉ាងខ្លាំងដែលអ្នកខ្លះឈាន ដល់​ធ្វើអត្តឃាត»។

ការប្រតិកម្មដោយប្រកាសផ្អាកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះបានធ្វើឡើងក្រោយពេលសហរដ្ឋ អាមេរិក ប្រកាសផ្អាកការផ្តល់ទិដ្ឋាការ (Visa) ប្រភេទ B1 និង B2 (ប្រភេទទេសចរណ៍និងជំនួញ) ដល់មន្រ្តីក្រសួងការបរទេសចាប់តាំងពី ថ្នាក់អគ្គនាយក រហូត ដល់ថ្នាក់កំពូលនៃក្រសួងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក្រោមការចោទប្រកាន់ថា កម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែល មិនសម ស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួនដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧​ដដែលនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថាការសម្រេចផ្អាកការចេញប្រភេទទិដ្ឋាការខ្លះដល់មន្រ្តីក្រសួងការបរទេស ក្រោមហេតុផលថា កម្ពុជាមិនសហការ មិនយល់ព្រម ឬពន្យារពេល ទទួលយកពលរដ្ឋដើមកំណើតខ្មែរនោះ គឺមិនសមហេតុផលនោះទេ ហើយផ្ទុយនឹងកិច្ចសហ​ប្រតិ​បត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជាលើបញ្ហាកន្លងមកថែមទៀត៕

ប្រភព៖ Fresh News

ចែករំលែក

បញ្ចេញយោបល់