វិស័យឧស្សាហកម្ម និងសិប្បកម្ម​ ជាសរសៃឈាម​ដើរតួនាទី​យ៉ាងសំខាន់​ដើម្បីពង្រឹង​សេដ្ឋកិច្ចជាតិ​ឱ្យរីកចម្រើន​

522

លោក សាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា វិស័យឧស្សាហកម្ម និងសិប្បកម្ម ជាសសៃឈាមមួយដែលដើរតួយ៉ាងសំខាន់ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនទៅមុខឥតឈប់ឈរ ជាពិសេសគឺជំរុញវិនិយោគគិនបរទេសនៅកម្ពុជា ព្រមទាំងជួយជំរុញសកម្មភាពនាំចេញ និងនាំចូលទំនិញផងដែរ។ ជាមួយគ្នានេះដែរក្រសួង បានបង្កើតឱកាសសម្រាប់បណ្តាឧស្សាហករ ក្នុងការលើកកម្ពស់គ្រឿងឧបករណ៍ បរិក្ខា ស្វែងរកកិច្ចសហការគ្នា និងកាលានុវត្តភាពធុរកិច្ចថ្មីៗ។ លោកថ្លែងបែបនេះនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញសម្ពោធពិព័រណ៌ឧស្សាហកម្មគ្រឿងយន្តកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ និងពិព័រណ៌ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌកម្ពុជា-អន្តរជាតិ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក សាត សាមី បានបន្តថា កម្ពុជាត្រូវការធ្វើពិពិធកម្មលើសសកម្មភាពសេដ្ឋកិច្ច និងជំរុញការនាំចេញដើម្បីសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយនិរន្តរភាព និងអភិវឌ្ឍផលិតផលបន្ថែមលើតម្លៃឲ្យកាន់តែខ្ពស់។ ការតាំងពិព័រណ៌ គឺជាគំនិត និងជាវេទិកាដ៏មានប្រយោជន៍សម្រាប់ផលិតករ ពាណិជ្ជករ និងធុរជនកម្ពុជា។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាក់ព័ន្ធដើម្បីរៀបចំឱ្យមានព្រឹតិ្តការណ៍ ដែលមានលក្ខណៈវិជ្ជាជីវៈទាំងនេះ ក្នុងបរិយាកាសសេដ្ឋកិច្ចមួយស្របពេលប្រទេសជាតិកំពុងមានកំណើនដ៏ខ្លាំងខ្លា។

លោករដ្ឋលេខាធិការ បានន្ថែមថា វិស័យឧស្សាហកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានកំណើនប្រចាំឆ្នាំជាមធ្យម៧ភាគរយ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ រដ្ឋាភិបាលបានអនុម័តនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់២០២៥ យោងតាមទស្សនវិស័យឆ្នាំ២០៣០ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ សម្រាប់ប្រែក្លាយឲ្យកម្ពុជាក្លាយជាប្រទេសសេដ្ឋកិច្ចមួយ ដែលមានប្រាក់ចំណូលធុនកណ្តាលដោយសង្កត់ធ្ងន់លើតួនាទីឧស្សាហកម្ម ជាកម្លាំងជំរុញកំណើនដ៏សំខាន់មួយនៅពេលអនាគត៕

ចែករំលែក

បញ្ចេញយោបល់