លោក វង សូត ៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់ថវិកាចំនួន៣៩៤លានរៀល សម្រាប់បង្កើតសមាគមមនុស្សចាស់ ចំនួន៣៩៤កន្លែង នៅទូទាំងប្រទេស នៅឆ្នាំ២០១៦

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
113

(ត្បូងឃ្មុំ)៖ មនុស្សចាស់គឺជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការផ្តល់នូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនសម្រាប់មនុស្សជំនាន់ក្រោយ នេះគឺជាការថ្លែងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងខួបលើកទី១៨ ទិវាមនុស្សចស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ដែលជាយន្តការដ៏សំខាន់ ក្នុងការជួយអភិវឌ្ឍន៍ សុខុមាលភាពមនុស្សចាស់ក្នុងសហគមន៍ និងសង្គមជាតិ» នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តត្បូងឃ្មុំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំផងដែរ។

លោករដ្ឋមន្រ្តី បានលើកឡើងថា ទិវានេះគឺត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារឲ្យមានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ ឲ្យបានល្អប្រសើរ និងបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្សចាស់ក្នុងសង្គមជាតិ។

លោក វង សូត បានបញ្ជាក់ទៀតថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច សំដៅបង្កើនសេវាសាធារណៈជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះក្នុងសង្គម។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ តែងតែផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខរបស់លោកតាលោកយាយ អ៊ុំ មា មីង និងជនរួមជាតិទាំងអស់ ជាពិសេសគឺបានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងបានបង្កើតយន្តការជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់របបគោលនយោបាយ សម្រាប់សេវាសង្គមកិច្ចចំពោះជនចាស់ជរា។

នៅក្នុងឱកាសនោះ លោក វង សូត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍ជាតិ អន្តរជាតិ និងផ្នែកពាក់ព័ន្ធទាំងអស់ សូមផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងថែមទៀត លើការថែទាំមនុស្សចាស់ ដោយរៀបចំឲ្យទៅជាប្រព័ន្ធគ្រប់គ្រងចាត់ចែង ដើម្បីអាចធានាបានថាមនុស្សចាស់ មានភាពកក់ក្តៅលើប្រព័ន្ធសេវា សម្រាប់មនុស្សចាស់របស់យើង។

សូមជម្រាបដែរថា តាមការស្រាវជ្រាវនៅឆ្នាំ២០១៣ មនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងមានចំនួនប្រមាណ ១.១លាននាក់ ស្មើនឹង ៧.៦ភាគរយ នៃចំនួនប្រជាជនសរុប ហើយនៅឆ្នាំ២០៣០ មនុស្សចាស់នៅកម្ពុជានឹងកើនឡើងប្រមាណ ១.៧លាននាក់ ស្មើនឹង ១១ភាគរយ នៃចំនួនប្រជាជនសរុប៕

fn-2016-10-18-09-22-59-0 fn-2016-10-18-09-23-07-1 fn-2016-10-18-09-23-07-2 fn-2016-10-18-09-23-07-3 fn-2016-10-18-09-23-08-4

ចែករំលែក

បញ្ចេញយោបល់