តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
195
បញ្ហាបាបនិងបុណ្យនេះ ក៏ជាបញ្ហាមួយមានអាថ៌កំបាំងណាស់ដែរ ព្រោះជាវត្ថុម្យ៉ាងដែលយើងមិនអាចនឹងចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញបានឡើយ។ ម្យ៉ាងទៀតសត្វលោករឹងរិតតែលែងមានជំនឿ ព្រោះគេច្រើនតែវាយតំលៃទៅលើអ្វីដែលគេមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀករបស់គេ ដូចជាមនុស្សល្អខ្លះ បែរជាលំបាកតោកយ៉ាក ចំណែកមនុស្សអាក្រក់ខ្លះ បែរជាសប្បាយរីករាយ មានអាយុវែងក៏មាន។ សេចក្ដីនេះគួរឲ្យសង្ស័យដែរ តែសូមចិត្តមិត្តអ្នកអានពិចារណានូវការប្រៀបធៀបដូចតទៅ

ធម្មតាឪពុកម្ដាយកាលបើចិញ្ចឹមកូនឲ្យរស់រានមានជីវិតហើយ រមែងនៅមាន មេត្តា ករុណា ទៅលើកូន ចង់ឲ្យកូនមានចំណេះវិជ្ជាខ្ពង់ខ្ពស់នឹងគេ ក៏បញ្ជូនកូនឲ្យទៅសិក្សាតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់។ ពេលដែលកូននោះបញ្ចប់ការសិក្សាហើយ តើកូននោះអាចចាប់ចំណេះវិជ្ជាមកបង្ហាញឪពុកម្ដាយបានដែរឬទេ? ពិតជាមិនបានឡើយ ប៉ុន្តែយើងអាចដឹងបានយ៉ាងច្បាស់ថា កូននោះពិតជាមានចំណេះវិជ្ជាដោយសំគាល់ទៅលើអាកប្បកិរិយា ការនិយាយស្ដីនិងការសរសេរជាដើម យ៉ាងណាមិញបាបឬបុណ្យបុគ្គលប្រព្រឹត្តហើយ បើទោះជាមិនអាចចាប់យកមកបង្ហាញក៏មិនមែនបានន័យថា វាមិនមានឡើយ ព្រោះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា

ធម៌ ទាំងឡាយមានចិត្តជាប្រធាន មានចិត្តជាធំ បើចិត្តអាក្រក់ហើយ កាយកក្ដី វាចាក្ដី ក៏ប្រព្រឹត្តទៅតាមអំណាចនៃចិត្តបាបនោះ ហើយបាបនោះរមែងជាប់តាមបុគ្គលបាននោះជានិច្ចប្រៀបដូចជាកង់រថដែលតែងតែវិលតាមជើងគោដូច្នោះឯង ម្យ៉ាងទៀត បើចិត្តគិតល្អហើយ កាយក្ដី វាចាក្ដី រមែងប្រព្រឹត្តទៅតាមអំណាចនៃចិត្តល្អនោះ ហើយបុណ្យក៏រមែងអន្ទោលតាមបុគ្គលនោះ ប្រៀបដដូចជាស្រមោលអន្ទោលតាមប្រាណដូច្នោះឯង។

យោងទៅតាមពុទ្ធភាសិតខាងលើ យើងក៏អាចយល់បានថា បុណ្យនិងបាបពិតជាមាន គ្រាន់តែថាខ្សែបុណ្យនិងខ្សែបាបនោះ មិនបានស្ថិតនៅនឹងដដែលៗតែមួយកន្លែងនោះទេ គឺតែងប្រព្រឹត្តទៅ ហូរទៅរឿយៗជានិច្ច តាមពេលតាមសម័យដែលសត្វបានធ្វើនោះឯង យើងមិនអាចចង្អុលបង្ហាញថា បាបនិងបុណ្យស្ថិតនៅត្រង់នេះត្រង់នោះ ឲ្យឃើញនឹងភ្នែកបានឡើយ សេចក្ដីនេះឧបមាដូចជារុក្ខជាតិមានផ្លែទាំងឡាយ កាលដែលផ្កានឹងក្ដឹបមិនទាន់ចេញមកក្រៅ យើងក៏មិនអាចទៅចង្អុលប្រាប់អ្នកដទៃឲ្យឃើញថា ផ្លែរបស់វាស្ថិតនៅត្រង់មែក ឬត្រង់ដើមបានឡើយ។ លុះត្រាតែរុក្ខជាតិទាំងនោះបញ្ចេញផ្កានិងក្ដឹបចេញមកក្រៅ ទើបយើងអាចមើលឃើញច្បាស់ថា នោះហ្ន៎!ឈើបញ្ចេញផ្លែមកហើយតើ! ន័យនេះ មានសេចក្ដីស៊ីគ្នាទៅនឹងពុទ្ធភាសិតមួយកន្លែងទៀតថា

បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ អថ(បារបា) បាបានិ បស្សតិ។
ភទ្រោបិ បស្សតី បាបំ យាវ ភទ្រំ ន បច្ចតិ
យទា ច បច្ចតី ភទ្រំ អថ(ភទ្រោ) ភទ្រានិ បស្សតិ។

ប្រែថា មនុស្សបាបដរាបណាបើបាបមិនទាន់ឲ្យផលទេដរាបនោះមនុស្សបាបឃើញអំពើអាក្រក់ថាល្អ លុះតែកាលណាបាបឲ្យផល កាលនោះមនុស្សបាប ទើបឃើញអំពើអាក្រក់ថាអាក្រក់ពិតមែន។

ដរាបណា អំពើល្អមិនទាន់ឲ្យផល ដរាបនោះមនុស្សល្អរមែងឃើញអំពើល្អថាអាក្រក់ លុះតែកាលណាអំពើល្អឲ្យផលកាលនោះមនុស្សល្អទើបឃើញអំពើល្អ ថាល្អពិតមែន។

ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ
ដោយ៥០០០ឆ្នាំ

 

ចែករំលែក

បញ្ចេញយោបល់