តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
884
តួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនា
តទៅនេះសូមកូនៗ អានតួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ទុកនៅក្នុងខ្លួនសម្រាប់យកទៅ ប្រតិបត្តិប្រចាំថ្ងៃផងដែរណា៎កូន។សំខាន់ខ្លាំងណាស់ចំពោះតួនាទីនេះ ទោះជាកូននៅទីណាក៏ដោយសុទ្ធតែមានការបែងចែកតួនាទីនេះដែរ ប្រសិនបើយើងមិនបានបែងចែកការងារនោះទេ រមែងពិបាកធ្វើការងារហើយណាកូន តែនៅទីនេះឪមិនបានរៀបរាប់អំពីតួនាទីខាងផ្លូវលោកមកទេ ព្រោះកូនៗបានសិក្សាមកខ្លះហើយដូច្នេះសូមកូនយកចិត្តទុកដាក់ក្នុងការអានតួនាទីទាំងអស់នេះដោយក្ដីគោរពចុះ

តួនាទីរបស់មាតាបិតា ៥ យ៉ាង

១- ហាមមិនឲ្យកូនធ្វើសេចក្ដីអាក្រក់
២- ឲ្យកូនតាំងនៅក្នុងសេចក្ដីល្អ
៣- ឲ្យកូនសិក្សាសីល្ប៍វិជ្ជាផ្សេងៗ
៤- រកភរិយាស្វាមីដែលសមគួរឲ្យកូន
៥- ប្រគល់ទ្រព្យឲ្យកូនក្នុងសម័យដ៏សមគួរ។

តួនាទីរបស់បុត្តធីតា ៥ យ៉ាង

១- ត្រូវចិញ្ចឹមថែរក្សាមាតាបិតា
២- ត្រូវជួយធ្វើកិច្ចការរបស់មាតាបិតា
៣- តាំងរក្សាវង្សត្រកូលឲ្យល្អ
៤- ប្រព្រឹត្តខ្លួនឲ្យជាអ្នកគួរទទួលមត៌ក
៥- កាលមាតាបិតាអស់ជីវិតហើយគប្បីធ្វើបុណ្យឧទ្ទិសឲ្យលោក។

តួនាទីរបស់អាចារ្យ(គ្រូ) ៥ យ៉ាង

១- ណែនាំសិស្សានុសិស្សឲ្យបានដោយល្អ
២- ឲ្យសិស្សរៀនដោយល្អ
៣- ប្រាប់សិល្ប៍វិជ្ជាឲ្យអស់ដោយមិនមានការលាក់បិទបាំងទុក
៤- លើកតម្កើងឲ្យប្រាកដក្នុងពួកមិត្ត
៥- ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ។

តួនាទីរបស់សិស្ស ៥ យ៉ាង

១- លោកអញ្ជើញមកត្រូវក្រោកឈរទទួល
២- ចូលទៅឈរចាំទទួលបម្រើលោក
៣- ស្ដាប់ពាក្យទូន្មានប្រៀបប្រដៅរបស់លោក
៤- បម្រើលោក
៥- រៀនសិល្ប៍វិជ្ជាដោយគោរព។

តួនាទីរបស់ស្វាមី ៥ យ៉ាង

១- លើកតម្កើងរាប់អានថាជាភរិយា
២- មិនមើលងាយប្រពន្ធ
៣- មិនប្រព្រឹត្តក្បត់ចិត្តប្រពន្ធ
៤- ប្រគល់ភាពជាធំឲ្យដល់ប្រពន្ធ
៥- ឲ្យគ្រឿងអលង្ការទៅដល់ប្រពន្ធ។

តួនាទីរបស់ភរិយា ៥ យ៉ាង

១- ចាត់ចែងការងារឲ្យបានល្អ
២- សង្គ្រោះញាតិរបស់ស្វាមី
៣- មិនប្រព្រឹត្តក្បត់ចិត្តស្វាមី
៤- រក្សាទ្រព្យដែលស្វាមីរកបានមក
៥- ខំធ្វើកិច្ចការងារទាំងពួង។

តួនាទីរបស់មិត្តអ្នកធ្វើឧបការៈមុន ៥ យ៉ាង

១- ចាត់ចែងរបស់
២- និយាយដោយពាក្យពីរោះ
៣- ប្រព្រឹត្តក្នុងអំពើដែលជាប្រយោជន៍
៤- ដោយភាពជាអ្នកមានខ្លួនស្មើ
៥- មិនពោលឲ្យឃ្លាតពីការពិត

តួនាទីរបស់មិត្តអ្នកធ្វើតប ៥ យ៉ាង

១- រក្សាមិត្តអ្នកដែលទ្វេសប្រហែសហើយ
២- រក្សាទ្រព្យរបស់មិត្តដែលទ្វេសប្រហែស
៣- កាលមានភ័យយកជាទីពឹងពំនាក់បាន
៤- មិនលះបង់ចោលមិត្តក្នុងពេលមានវិបត្តិ
៥- រាប់អានគ្នារហូតដល់វង្សត្រកូលរបស់មិត្ត។

តួនាទីរបស់ចៅហ្វាយនាយ ៥ យ៉ាង

១- ឲ្យការងារសមគួរដល់កម្លាំង
២- ឲ្យអាហារនិងរង្វាន់លើកទឹកចិត្ត
៣- រក្សាព្យាបាលពេលមានជម្ងឺ
៤- ចែកអាហារមានរសប្រណីតឲ្យបរិភោគ
៥- អនុញ្ញាតឲ្យឈប់សម្រាក ដើរលេងក្នុងសម័យដ៏សមគួរ។

តួនាទីរបស់អ្នកបម្រើ ៥ យ៉ាង

១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ
២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ
៣- កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ
៤- ធ្វើការងារឲ្យល្អប្រសើរឡើង
៥- ពោលសរសើរគុណរបស់ចៅហ្វាយនាយ។

តួនាទីរបស់សមណព្រាហ្មណ៍ ៥ យ៉ាង

១- ហាមមិនឲ្យកុលបុត្រធ្វើអំពើអាក្រក់
២- ញ៉ាំងកុលបុត្រឲ្យតាំងនៅក្នុងសេចក្ដីល្អ
៣- អនុគ្រោះកុលបុត្រដោយទឹកចិត្តដ៏ល្អ
៤- ឲ្យស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ ឲ្យស្គាល់នូវរបស់ដែលមិនធ្លាប់បានស្គាល់ឲ្យច្បាស់លាស់
៥- ប្រាប់ផ្លូវទៅកាន់ស្ថានសួគ៌។

តួនាទីរបស់ព្រះពុទ្ធសាសនិកជន ៥ យ៉ាង

១- ធ្វើអ្វីដោយកាយដែលប្រកបដោយមេត្តា
២- និយាយអ្វីដោយវាចាដែលប្រកបដោយមេត្តា
៣- គិតអ្វីដោយមនោដែលប្រកបដោយមេត្តា
៤- មិនបិទទ្វារផ្ទះរបស់ខ្លួន (បានន័យថាត្រូវធ្វើទានជាមួយនឹងព្រះសង្ឃ…..)។
៥- ប្រគេនរបស់ដែលសមគួរដល់ព្រះសង្ឃ។

តួនាទីទាំងអស់នេះ ប្រសិនបើកូនបានអានរាល់ថ្ងៃនោះរមែងរីកចម្រើនបញ្ញារបស់កូន និងបានយល់ព្រះធម៌ខ្លះៗដែរណាកូន។

យើងបានកើតជាមនុស្សនេះជាការក្រណាស់ ដូច្នេះយើងត្រូវមានសីល ៥ (ឬហៅថានិច្ចសីល) ជាសីលដែលត្រូវមានជានិច្ចកាល។ មានពុទ្ធបរិស័ទភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា តែមិនសូវបានចេះដឹងជម្រៅក្នុងព្រះពុទ្ធសាសនាទេ ហើយឪពុកនិយាយនេះមិនមែនឪពុក អ្នកចេះដឹងក្នុងព្រះពុទ្ធសាសនាច្បាស់នោះទេ គ្រាន់តែជាអ្នកមានការសិក្សាចេះដឹងតិចតួចប៉ុណ្ណោះតទៅនោះសូមកូនពិចារណាសីល ៥ ក្នុងលោកនេះហើយពិចារណាថាបានជួយក្នុងសង្គមយ៉ាងណានោះ។

ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ

 

ចែករំលែក

បញ្ចេញយោបល់