ល្បែង លោតអន្ទាក់

ថ្ងៃព្រហស្បតិ៍ ទី ៦ មេសា ២០១៧​
231

ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីនិងជំទង់ៗ លេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬ​នៅ​ពេល ទំនេរខ្លះ តាមដែលគេស្ម័គ្រ ។ បានជាគេហៅថា “ល្បែងលោតអន្ទាក់” ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយពួកអង្គុយ ច្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្លាក់ដៃ ចាំស្ទាក់​អ្នក​លោត​កុំឲ្យ​លោត​ចូល​បាន មួយពួកទៀត ឈរជុំវិញចាំលោត រំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ ។ របៀប​លេង​ល្បែង​នេះ គេចែក ពួកអ្នកលេងជា​ ២ ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ ម្នាក់​ម្ខាង​ឡើង​ទៅ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖

ពួកទី១ អង្គុយច្រហោងដំកងគ្នាជាវង់ ឃ្លាតពីគ្នាល្មមលោត ឬកាងដៃទាំងពីរខាងដៃបាន ហើយ​ចាប់ ចុងដៃគ្នានិងគ្នា មើលទៅឃើញ ភាពដូចជាអន្ទាក់ ។

ពួកទី២ ឈរជុំវិញ ចាំលបឆ្មក់ លោតចូលក្នុងអន្ទាក់ដៃរបស់ពូកទី១។

ពេលលេង ពូកទាំង២ នេះ សុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន គឺមុននិងលោតចូល ពួកអ្នក​ឈរ​​គេ​ធ្វើរ៉ែរ៉ៗ ជុំវិញ ពួកអ្នកអង្គុយ ឲ្យពួកអ្នកអង្គុយភ្លេចខ្លួន ឬពួក​អ្នកលោត​គេចាត់​ឲ្យពួក​គេ​ខ្លះ​ទៅពួននៅទីឆ្ងាយ ហើយឲ្យរួច​រត់ពី ចម្ងាយមកលោតចូលតែម្តងក៏មាន។ ចំណែក​ពួកខាង​អ្នក​អង្គុយ ធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នក លោត លោតផ្លោះចូលមក ក្នុងវង្វង់បាន ។​ ឯពួកអ្នកអង្គុយគេលើដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេ លោតចូលបាន ឬដើម្បី​លើ​ដៃ​គះ​ឲ្យ​ប៉ះជើងអ្នកលោត ។ បើអ្នកអង្គុយគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នក លោត​ជា​​ចាញ់ អ្នកធ្វើអន្ទាក់ជាអ្នកឈ្នះ ហើយអ្នកឈ្នះក្រោងឈរឡើងចាំលោត ឲ្យអ្នកចាញ់​ទៅ​អង្គុយ​​ធ្វើ​អន្ទាក់ វិញ។ ឯអ្នកលោតនោះ បើមានអ្នក​ណាម្នាក់​លោតចូល​បានដោយ​ស្រួលគេឲ្យ​គ្នាគេទាំង​អស់ ចូលតាមលោតទៅ ក្នុងវង់អន្ទាក់នោះ ហើយពួកអ្នកលោតចូលបាននោះ គេនាំ​គ្នា​លោត​ចេញ​វិញ គឺអ្នកលោតចូលបាននោះ គេឈរ គ្រប់គ្នាគាបជើងលើអន្ទាក់​ដៃអង្គុយ​គ្រប់​គ្នា ទុកជើងម្ខាងនៅក្នុងជើងម្ខាងនៅខាងក្រៅអន្ទាក់ដៃនោះ ។ បើក្នុង បណ្តាពួកអ្នកលោតនោះ​ មាន​អ្នកណាម្នាក់ លោតចេញដោយស្រួលបាន មិនប៉ះដៃអ្នកអង្គុយ គេនាំគ្នាចេញ ទាំងអស់ ។ តែ​ការ​ចេញនិងចូលបាននោះត្រូវចេញ ឬចួលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រក​នោះ គេទុកជាចាញ់។ ហើយការលោតចូល ឬលោតចេញនោះ ត្រូវតែលោតម្តងម្នាក់ បើជូនជា​ស្រប​​ពីរ​នាក់ស្មើគ្នា ក៏គេ ទុកជាចាញ់ដែរ ។ គេចេះតែផ្លាស់ប្តួរគ្នាលេង​តាមរបៀបនេះរៀង​ទៅ​ដរាប​​ដល់​ពេលយប់ ។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់​កាយ​ឲ្យ​មាន សុខភាពល្អ  មានកម្លាំងកាយរឹងប៉ឹងហាត់ភ្នែកឲ្យវៃ  ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន  ចេះ​ប្រើ​គំនិតឲ្យវាងវៃ កុំឲ្យអ្នកដទៃបំភ័ន្តបាន ៕

អត្ថបទដោយ ព្រះតេជគុណ ផាត់ ដុង​​ (ស្រងចេញពីសៀវភៅ ល្បែងប្រជាប្រិយខ្មែរ)

បញ្ចេញយោបល់