ល្បែងចាប់កូនខ្លែង

ថ្ងៃចន្ទ ទី ៣ មេសា ២០១៧​
395

ល្បែងចាង់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងលេង​ក្នុងវេលា​យប់​ខែភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ ពេលទំនេរ។

 

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ​៖

ចាប់កូនខ្លែងប្រឡែងកូនអក     ពពេចញ៉ែកញ៉ក   កូនអញតែមួយ។

 ជីកអន្លុងដាំត្រកួន                 ទន្សាយរត់ពួន       ត្រកួនឡើងលាស់។

ទៀនមួយគូរ                      តាំងយូបាំងព្រះ      លើដៃសំពះ

                 ដូនៗសុំភ្លើង។

ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានឮ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នោះ ក៏ដើរ​ចូល​ទៅ​រក​ភ្នក់ ភ្លើង ហើយនិយាយសុំភ្លើងថា​៖        “ដូនៗសុំភ្លើង!”

មាន់ឆ្លើយថាៈ   រលត់

ខ្លែងសុំថាៈ       សុំមួយអង្កត់

ម(១)                រលាយ

ខ-                    សុំទឹកបាយ

ម-                    ឆ្កែលិទ្ធ

ខ-                    សុំកាំបិត

ម-                    មិនទាន់ច្រុង

ខ-                    សុំល្ហុង

ម-                    មិនទាន់ដាំ

ខ-                    សុំថ្នាំ

ម-                    មិនទាន់ហាល

ខ-                    សុំផាល

ម-                    មិនទាន់សិត

ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ។

ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និង​ភ្នក់ភ្លើង(២) ហើយ​ស្រែក​ច្រៀង​ទាំង​មេ ទាំងកូនថា៖

ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) អាឡយៗ

បើមេទៅទាន់ យកមាត់ទៅលាក់ (បន្ទរ) អាឡយៗ

លាក់ទុកឯណា លាក់ក្បាល់ដំណេក (បន្ទរ) អាឡយៗ

រលឹកពីដេក វាយមាន់តូងតាង។

មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។

ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា៖ដូនៗ សុំភ្លើង” ។

មាន់ឆ្លើយថា៖ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ

រួចក៏ដើរព័ទ្ធជុំវិញខ្លែងនិងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា៖

ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ) អាឡយៗ

ខ្លែងអើយកុំលោម មិនបានមាន់ទេ (បន្ទរ) អាឡយៗ

ហើយឈរស្ងៀម។

ខ្លែងក៏និយាយទទូចសុំកូនថា៖

ខ- ដូនៗ ឲ្យសុំកូនមុខ

ម- ឪពុកមិនឲ្យ

ខ- សុំកូនក្រោយ

ម- កំបាក់កំបែកយកចុះ

ខ្លែង កាលបានឮមេមាន់ថា ឲ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំង​ដេញចាប់​បេះ​យក​កូន​ណា​ដែល​ក្រោយ គេ ឯមេមាន់​ខំប្រឹងការ​ពារកូន​របស់​ខ្លួន​កុំឲ្យបេះយកបាន ឯកូនមាន់ ក៏​ខំ​ប្រឹង​តោង​ចង្កេះ​គ្នា យ៉ាងជាប់ រត់ពេនចុះ ពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗ បាន ។ ជូន​ក៏​ខ្លែង​បេះ​​​យក​​បានម្តង ១ម្តង​២ ទាល់តែអស់ ជូនក៏បេះបាន តែ១ ។ តែគេ​មាន​លក្ខខ័ណ្ឌ​មួយថា បើកូន​ណា​របូត​ចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូន​នោះ​គេ​ក្រាបទៅនឹងដី នោះ​មេ​ខ្លែង​មិន​ត្រូវ​ចាប់​​គេ​ទេ។ កាល​អស់​កម្លាំង​ហត់​រៀង​ខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេង ត​ទៅ​​ទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់។

ប៉ុន្តែល្បែងបែបនេះដូនគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវន័យតាម របៀប​លេងថា “ល្បែងខ្លែង​ចាប់​កូនមាន់” ក៏មាន។

ល្បែងនេះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត ប្រុងស្មារតី ឲ្យរហ័សរហួន ចេះការ​ពារ​ខ្លួន​និង​គ្រួសារ ផង៕

ដោយ ព្រះតេជគុណ ផាត់ ដុង (ស្រងចេញពីសៀវភៅ ល្បែងប្រជាប្រិយខ្មែរ)

បញ្ចេញយោបល់