ចម្លាក់​បាយ័ន ៖ វត្តមាន​ទ័ពចិន​ក្នុងជួរ​ទ័ពខ្មែរ​នៃជ័យ​ជម្នះ​លើកងទ័​ពចាម

ថ្ងៃសៅរ៍ ទី ២៥ មីនា ២០១៧​
263

នៅលើចម្លាក់នៃប្រាសាទបាយ័ន ត្រង់ថែវខាងក្រៅ នាទិសខាងកើត មានទិដ្ឋភាពដ៏ធំពីរផ្ទាំងជាប់គ្នា ដែលរៀបរាប់អំពីជ័យជម្នះដ៏អស្ចារ្យនៃកងទ័ពខ្មែរ លើកងទ័ពចាម ដែលបានឈ្លានពានចូលគ្រប់គ្រងនគរខ្មែរតាំងពីឆ្នាំ១១៧៧មក។

ទិដ្ឋភាពនេះ មិនថាទេសចរខ្មែរ ឬបរទេសនោះទេគឺបានដឹងបានឮជាទូទៅ ព្រោះនេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមុនការចាប់ផ្តើមឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះមហាក្សត្សខ្មែរដ៏ល្បីល្បាញទាំងគុណធម៌ និងស្នាព្រះហស្ថបន្សល់ទុករហូតដល់សព្វថ្ងៃ។

បើមើលឲ្យលម្អិតលើសពីធម្មតាបន្តិច យើងនឹងឃើញកងទ័ព និងមេទ័ពមួយចំនួន មានឯកសណ្ឋានខុសពីកងទ័ពខ្មែរ បម្រើការនៅខាងទ័ពខ្មែរ ។ កងទ័ពនោះ គឺជាកងទ័ពចិនដែលមកជួយច្បាំងខ្មែរ ក្នុងចម្បាំងនឹងនគរចាម។ ហេតុអ្វីមានវត្តមានទ័ពចិនមកជួយខ្មែរនៅពេលនោះ?

អ្នកស្រាវជ្រាវ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិវស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានពន្យល់ថា នាសតវត្សទី១២ រាជវង្សសុងដែលគ្រប់គ្រងនគរចិនត្រូវដួលរលំដោយកងទ័ពសេះរបស់ម៉ុងហ្គោលី។ កងទ័ពចិនដែលនៅតំបន់ឆ្ងាយៗបានបែកខ្ញែកគ្នា រត់គេចពីចម្បាំងចាញ់។ ទ័ពខ្លះក៏ចេញដើរច្បាំងដើម្បីបន្តជីវភាពរស់នៅបន្តទៀត។ ទេសកាលនេះហើយដែលនាំឲ្យមានជាទ័ពស៊ីឈ្នួលនៅតាមប្រទេសខ្លះ មាននៅប្រទេសខ្មែរជាដើម។ ក្រុមកងទ័ពស៊ីឈ្នួលចិនមួយក្រុមបានធ្វើចម្បាំងជួយខ្មែរតទល់នឹងទ័ពចាមផងដែរ។

អ្នកស្រាវជ្រាវរូបនេះ ក៏បានបញ្ជាក់អំពីការឆ្លងគ្នានៃទំនៀមជិះសេះធ្វើសង្គ្រាមរបស់ព្រះមហាក្សត្រខ្មែរ ដែលមានក្នុងចម្លាក់នេះ។ លោកបញ្ជាក់ថា មុនវត្តមានកងទ័ពចិនចូលមក ព្រះមហាក្សត្រពុំដែលគង់ប្រថាប់លើខ្នងសេះក្នុងការចេញច្បាំងនោះទេ គឺគង់ប្រថាប់តែលើខ្នងដំរីប៉ុណ្ណោះ។ ដូចគ្នាដែរ មេទ័ពចិនមួយចំនួនក៏រៀនជិះដំរីធ្វើសង្គ្រាមតាមខ្មែរដែរ ព្រោះនៅប្រទេសចិន ពុំមានដំរីចម្បាំងសម្រាប់ជិះធ្វើសង្គ្រាមទេ។

សូមទស្សនាទិដ្ឋភាពខាងក្រោម៖

ទ័ពខ្មែរកាប់សម្លាប់ទ័ពចាមក្នុងសមរភូមិ
ទ័ពខ្មែរកាប់សម្លាប់ទ័ពចាមក្នុងសមរភូមិ
ទ័ពខ្មែរកាប់សម្លាប់ទ័ពចាមក្នុងសមរភូមិ
ទ័ពខ្មែរកាប់សម្លាប់ទ័ពចាមក្នុងសមរភូមិ
វត្តមានទ័ពចិនក្នុងជួរកងទ័ពខ្មែរ
វត្តមានទ័ពចិនក្នុងជួរកងទ័ពខ្មែរ
គំនរសាកសពនៃកងទ័ពចាម
គំនរសាកសពនៃកងទ័ពចាម
មហាក្សត្រខ្មែរប្រថាប់លើខ្នងសេះចូលសមរភូមិ
មហាក្សត្រខ្មែរប្រថាប់លើខ្នងសេះចូលសមរភូមិ

បញ្ចេញយោបល់