ផ្លែ​ឈើ​អាច​ផ្តល់​ទុក្ខទោស​ដល់​រាង​កាយ គួរ​ជ្រើសរើស​មុន​ពេល​ទទួលទាន

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
113

មនុស្សភាគច្រើនយល់ឃើញថា ផ្លែឈើដែលទទួលទានទៅនោះ រមែងផ្តល់ផលប្រយោជន៍ដល់រាងកាយ ព្រោះមានវីតាមីននានាជួយទ្រទ្រង់ឱ្យរាងកាយរឹងមាំ និងសុខភាពល្អ ។ តែធាតុពិតតើលោកអ្នកមានដឹងទេថា ផ្លែឈើក៏អាចផ្តល់ទុក្ខទោសដល់រាងកាយយើងបាន ហេតុដូច្នេះគួរបែងចែកប្រភេទផ្លែឈើឱ្យបានល្អ ព្រោះមានផ្លែឈើខ្លះមិនសមប្រកបដល់សុខភាពទេដូចជា៖

១-អ្នកជំងឺទឹកនោមផ្អែមៈ គួរចៀសវាងផ្លែឈើដែលមានរសជាតិផ្អែម ឬផ្លែឈើប្រភេទខ្លះទៀត ដែលមានរសជាតិជូរលាយផ្អែមគួរជៀសវាង ឬក៏អាចពិសាក្នុងចំនួនតិចតួចបានហើយ ។

២-ស្ត្រីកំពុងមានគភ៌ៈ គួរជៀសវាងទទួលទានផ្លែឈើខុសរដូវ ព្រោះវាមានលក្ខណៈប្រថុយប្រថានខ្ពស់ ដែលទទួលសារធាតុគីមីពីជី ឬថ្នាំសម្លាប់សត្វល្អិត ក្នុងកម្រិតខ្ពស់ជាងប្រក្រតី អាចបង្កផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ ។ ក្រៅពីនេះគួរជៀសវាងទទួលទានផ្លែឈើខ្ចី និងផ្លែឈើដែលឆ្លងកាត់ការកែច្នៃ ។

៣-នៅរដូវក្តៅៈ ចៀសឱ្យផុតរាល់ការពិសាផ្លែឈើដែលផ្តល់កម្ដៅក្នុងរាងកាយ ពិសេសចំពោះអ្នកដែលមានវ័យចំណាស់ ព្រោះធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់ខុសប្រក្រតីដូចជា ផ្លែមៀន ទុរេន និងអាហារដែលមានរសជាតិហឹរខ្លាំង ។

៤-អ្នកដែលកំពុងព្យាបាលអាការរោគខ្សោយតម្រងនោម ឬខ្សោយក្រលៀន: គួរចៀសវាងទទួលទានផ្លែស្ពឺ អាចផ្តល់ការរុករាននៅក្នុងរាងកាយបាន ព្រោះនៅក្នុងផ្លែស្ពឺ មានសារធាតុមួយប្រភេទហៅថា «Oxalate» ធ្វើឱ្យកើតស្ថានភាពខ្សោយក្រលៀនភ្លាមៗ និងគ្រោះថ្នាក់ដល់អាយុជីវិត ។

ទោះបីជាផ្លែឈើប្រភេទនីមួយៗ នឹងផ្តល់វីតាមីនផ្សេងគ្នាទាំងវីតាមីន A,C,E,B1,B2, Beta-Carotene, កាល់ស្យូម, ហ្វូសស្វ័ររ៉ាស់ (Phosphorus) និងសារធាតុដែកក៏ដោយ ប៉ុន្តែក៏មានផ្លែឈើមួយចំនួនទៀតមានបរិមាណជាតិស្ករ និងម្សៅខ្ពស់ រួមទាំងរសជាតិផ្សេងគ្នា ព្រោះវត្ថុទាំងនេះអាចជាកត្តាបង្កឱ្យកើតជំងឺនានាបាន ។

ធាតុពិតនៃផ្លែឈើតែងតែផ្តល់ប្រយោជន៍ និងហានិភ័យ ដូច្នេះមុនពេលទទួលទាន លោកអ្នកគួរគិតគូរពីសុខភាពរបស់ខ្លួនជាមុនសិន ប៉ុន្តែអ្វីដែលសំខាន់ គួរទទួលទានក្នុងបរិមាណដ៏សមស្របដែលរាងកាយត្រូវការ ៕

ចែករំលែក

បញ្ចេញយោបល់