វិធី​ការពារ​កុំឱ្យ​ខ្មោចលង​នៅក្នុង​បន្ទប់​សណ្ឋាគារ​

ថ្ងៃសៅរ៍ ទី ១១ កុម្ភៈ ២០១៧​
249

នេះ​គឺជា​ជំនឿ និង​ជាការ​សម្ងាត់​ម្យ៉ាង​របស់​បណ្តា​ម្ចាស់​មុខ​ជំនួញ​សណ្ឋាគារ គឺ​សណ្ឋាគារ​គ្រប់​ទីកន្លែង​តែងតែមាន​យ៉ាងតិច​បំផុត មួយ​បន្ទប់ ដែល​ត្រូវតែ​ទុក​ឱ្យនៅ​ទំនេរ​ជានិច្ច ទោះជា​មាន​អ្នក​មក​ជួល​ស្នាក់នៅ​ពេញ​អស់​ប៉ុនណា​ក៏ដោយ ក៏​ពួកគេ​មិន​ជួល​បន្ទប់​នោះ​ឱ្យទៅ​ភ្ញៀវ​ម្នា​ក់ណា​ទាំងអស់។

គេ​នាំគ្នា​និយាយថា បន្ទប់​ពិសេស​មួយ​បន្ទប់​នោះ​ត្រូវបាន «ថែរក្សា​ទុក» សម្រាប់ «ភ្ញៀវ​ពិសេស» ដូច្នេះ នៅពេល​លោកអ្នក​មាន​ផែន​ការចង់​ចូលទៅ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ណាមួយ​ក៏ដោយ គួរតែ​កក់​បន្ទប់​ទុកជាមុន​ជានិច្ច និង​ព្យាយាម​ចៀសវាង​ពី​ការចូលទៅ​ជួល​ស្នាក់នៅ​បែប វ៉ក​ខ៍​អ៊ី​ន (Walk in) និង​បើ​បុគ្គលិក​ទទួលភ្ញៀវ​ប្រាប់​លោកអ្នក​ថា គ្មាន​បន្ទប់​ទំនេរ​ទេនោះ ចូរ​កុំ​រឹងទទឹង​ក្នុងការ​បង្ខំ​ឱ្យ​ពួកគេ រក​បន្ទប់​ទំនេរ​ឱ្យ​លោកអ្នក​ស្នាក់នៅ​ឱ្យសោះ  ព្រោះ​បើសិនជា​លោកអ្នក​ធ្វើ​បែប​នោះ ស្ទើរតែ​គ្រប់ពេល បន្ទប់​ដែល​លោកអ្នក​បាន​ស្នាក់នៅ​នោះ​នឹង​ជា «បន្ទប់​ពិសេស» ដែល​គេ​រក្សាទុក​នោះ​មិន​ខាន។

ខាងក្រោម​នេះ​គឺជា​ចំណេះដឹង​បន្តិចបន្តួច​ដែល​នឹង​ប្រាប់ថា តើ​លោកអ្នក​ត្រូវការពារ​ខ្លួន​យ៉ាងណា បើ​ជួប​ស្ថានការណ៍​ដែល​មិន​នឹកស្មាន​ដល់​កើតឡើង៖

០១) មុននឹង​ចូលទៅក្នុង​បន្ទប់​ស្នាក់នៅ ចូរ​គោះទ្វា​ជាមុន​គ្រប់ពេល ទោះជា​ដឹងថា នេះ​ជា​បន្ទប់​ទំនេរ​ក៏ដោយ។

០២)  បន្ទាប់ពី​ចូលទៅ​នៅក្នុង​បន្ទប់​ហើយ បើ​លោក​អ្នកមាន​អារម្មណ៍​ថា ត្រជាក់​រាងកាយ​ស្រឺ​ត​ឡើង​ភ្លាម​មួយ​រំពេជ និង​មាន​អាការ «ព្រឺ​ខ្លួនខ្ញាក» នោះ ចូរ​ចាក​ចេញពី​ក្នុង​បន្ទប់​វិញ​យ៉ាងស្ងាត់ៗ និងភ្លាមៗតែម្តង ហើយ​ដើរទៅ​ប្រាប់​បុគ្គលិក​ទទួលភ្ញៀវ ដើម្បី​សុំ​ប្តូរ​បន្ទប់​ស្នាក់នៅ​ថ្មី។ ជាទូទៅ​ភាគច្រើន បុគ្គលិក​ទទួលភ្ញៀវ​នឹង​ដឹង​ភ្លាម​តែ​ម្តងថា មាន​អ្វី​កើតឡើង។

០៣) បន្ទាប់ពី​ចូលទៅ​នៅក្នុង​បន្ទប់​ហើយ ចូរ​បើកភ្លើង​ឱ្យ​ភ្លឺ​គ្រប់​អំពូល​ទាំងអស់ ព្រមទាំង​បើក​វាំងនន​ផង ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ ឬ​ពន្លឺភ្លើង​នៅ​ខាងក្រៅ​ចាំង​ចូលមក។

០៤) មុន​ចូល​គេង ចូរ​រៀបចំ​ទុកដាក់​ស្បែកជើង​របស់លោក​អ្នក​ក្នុង​លក្ខណៈ បញ្ច្រាស់​ក្បាល​កន្ទុយ​គ្នា អ្នកខ្លះ​ប្រាប់ថា នេះ​ជាការ​បង្ហាញ​អំពី​គោលការណ៍ «យិន-យ៉ាង» ដើម្បី​ឃុំគ្រង​លោកអ្នក​ខណៈពេល​គេង​លក់។

០៥)  ចូរ​បើក​ភ្លើងគោម​ទុកចោល​យ៉ាងហោចណាស់​ក៏​មួយ​ដែរ ខណៈពេល​គេង រឹតតែ​ភ្លើង​ក្នុង​បន្ទប់ទឹក រឹតតែ​ល្អ។

០៦) បើ​លោកអ្នក​ស្នាក់នៅ​តែម្នាក់ឯង និង​បន្ទប់​លោក​អ្នកជា​បន្ទប់​ដែលមាន​គ្រែ​ពីរ ចូរ​កុំ​ចូល​គេង​ដោយ​ទុកឱ្យ​គ្រែ​មួយទៀត​នោះ​នៅ​ទំនេរ​ឱ្យសោះ ចូរ​ព្យាយាម​យក​របស់របរ​ទៅ​ដាក់​ពីលើ ដូចជា វ៉ា​លី​ស​ដាក់​ខោអាវ ឬ​របស់របរ​អ្វី​ក៏ដោយ​មុនពេល​ដែល​លោកអ្នក​គេង​លក់៕

ស្រាវជ្រាវ​ដោយ ៖ តា​វ៉ែនតា

ចែករំលែក

បញ្ចេញយោបល់