វគ្គបណ្តុះបណ្តាលច្បាប់ស្តីអំពីការត្រួតពិនិត្យគ្រឿងញៀន ដល់មន្ត្រីថ្នាក់មូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
7

សៀមរាប៖ នៅសាលប្រជុំខេត្តសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ មានបើកវគ្គបណ្តុះបណ្តាលច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន ព្រះរាជអាជ្ញារង ស្នងការរង លេខាធិការដ្ឋាន ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សរុប១១០នាក់ជាសិក្ខាកាម។

ក្នុងកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា ខេត្តសៀមរាប មិនមែនមូលដ្ឋាននៃការផលិតគ្រឿងញៀននោះទេ តែជាកន្លែងកំពុងទទួលរងឥទ្ធិពលនៃការធ្វើចរាចរគ្រឿងញៀនឆ្លងកាត់ទាំងក្នុង និង ក្រៅប្រទេស ដែលបង្កបញ្ហាស្មុគស្មាញជាច្រើនលើការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍សង្គម។

ក្នុងរយៈពេល០៦ខែដើមឆ្នាំ២០១៩នេះ លើការងារទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀននៅទូទាំងខេត្ត មានចំនួន ២៤២ករណី និង ធ្វើការឃាត់ខ្លួនជនសង័្សយបានចំនួន៦៩០នាក់ ស្រី៥០នាក់ ព្រមទាំងបានដកហូតវត្ថុតាងគ្រឿងញៀនសរុប៧គីឡូក្រាម៩៥,២៩ក្រាម ។

ក្នុងនោះជនរងគ្រោះដោយសារគ្រឿងញៀនត្រូវបញ្ជូនទៅអប់រំ ព្យាបាល និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ មានចំនួន៦៨០នាក់ ស្រី៣១នាក់ និង បានធ្វើសមាហរណកម្មទៅរស់នៅក្នុងសហគមន៍វិញបានចំនួន៤៧០នាក់ ស្រី២៤នាក់ និងកំពុងព្យាបាល២១០នាក់ និងការព្យាបាល អប់រំ ស្តារនីតិសម្បទាដោយផ្អែកលើសហគម មានអ្នកមកទទួលសេវាសរុប៦៨នាក់ ក្នុងឆមាសទី១ ឆ្នាំ២០១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយ អប់រំ អំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនសរុប១ពាន់៥០០លើក មានអ្នកចូលរួម៧៦ពាន់៥៦៥នាក់ ស្រី ៤៦ពាន់៤៧៦នាក់ និងអនុវត្ត វិធានការរដ្ឋបាលចំពោះអ្នកបើកបរយានយន្តចំនួន១៦លើក ស្មើ៣៨៩នាក់ លទ្ធផលវិជ្ជមាន មាន៤២នាក់ បានបញ្ជូន ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកគ្រឿងញៀនខេត្តផងដែរ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល និង ជាឧក្រិដ្ឋកម្មឆ្លងដែន ដែលឈានទៅបង្កមហន្តរាយយ៉ាងធំធេងដល់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ក្នុងនោះធ្វើឲ្យប្រជាពលរដ្ឋ និងយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្សមួយចំនួនបានធ្លាក់ខ្លួនទៅជាអ្នកញៀន និង ប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មរហូតមានការប្រើអំពើហិង្សា បំផ្លិចបំផ្លាញទ្រពសម្បត្តិ បាត់បង់នូវកិត្តិយស គ្មានសុភមង្គល និង ក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារ សហគមន៍ និង សង្គមជាតិទាំងមូល ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ពុទ្ធិគន្លឹះជាដើមទុន និងជាមូលដ្ឋានគ្រឹះដល់ថ្នាក់ដឹកនាំ និង មន្ត្រីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន ដើមី្បឈានទៅបន្តស្វែងយល់បន្ថែមលើច្បាប់ និងលិខិតគតិយុត្តនានាជាធរមាន ក៏ដូចជាការបង្កើនឆន្ទះ និងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំ ទាំងកម្រិតជំនាញ និងបច្ចេកទេសក្នុងការអនុវត្តការងារប្រចាំថ្ងៃ និង ការកែទម្រង់ច្បាប់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល៕

ចែករំលែក

បញ្ចេញយោបល់