កម្ពុជា-ម៉ាឡេស៊ី គ្រោងនឹងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
7

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា។

ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយលោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម នាថ្ងៃនេះ ជាពេលវេលាមួយដ៏សមស្រប គាប់ជួននឹងដំណើរទស្សនកិច្ចរបស់លោក មូហាធា មូហាម៉ែត មកប្រទេសកម្ពុជានៅពេលខាងមុខដ៏ខ្លី។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។ លើសពីនោះថែមទៀត លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកអគ្គរាជទូត ឯកភាពទាំងស្រុងជាមួយប្រសាសន៍របស់លោករដ្ឋមន្ត្រី ព្រមទាំងនឹងពាំនាំប្រសាសន៍ទាំងនោះជូនទៅស្ថាប័នរបស់ម៉ាឡេស៊ី បន្តទៀត។ លោក បានបន្តមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ានទាំងអស់។ ដោយឡែកសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាពេលខាងមុខ ភាគីម៉ាឡេស៊ីមានបំណងលើកប្រធានបទនេះ និងប្រធានបទមួយចំនួនទៀត រួមមាន ការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ចជាដើម ដើម្បីពិភាក្សា។

លើប្រធានបទពិភាក្សានេះ លោករដ្ឋមន្ត្រី ក៏បានផ្ដល់ធាតុចូលបន្ថែម ដោយចង្អុលបង្ហាញវិស័យទេសចរណ៍ជាវិស័យមានសក្ដានុពលមួយ ព្រមទាំងស្នើសុំឲ្យសហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ចរវាងប្រទេសទាំងពីរ៕

បញ្ចេញយោបល់