ផែនការបោសសម្អាតមីននៅថ្នាក់មូលដ្ឋាន បានឆ្លើយតបនូវតម្រូវការពិតប្រាកដ របស់សហគមន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
5

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររបស់ក្រុមការងារផែនការសកម្មភាពមីន (ម៉ាពូ) ២៥ រាជធានី-ខេត្ត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៤-១៥ សីហា ក្នុងគោលបំណង៖
– បង្ហាញនូវលទ្ធផលការងារក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២
– ចែករំលែកនូវបទពិសោធន៍ក្នុងការជ្រើសរើសចម្ការមីនសម្រាប់គម្រោង CFR3
– ពិភាក្សាស្វែងរកដំណោះស្រាយលើការងារដែលបានជួបប្រទះកន្លងមក
– បង្ហាញនូវកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុ ដោយអនុវត្តនូវនីតិវិធីនៃការចំណាយតាមថវិកាកម្មវិធី
– បង្ហាញឲ្យឃើញនូវសារៈសំខាន់នៃការកសាងផែនការសកម្មភាពមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានផ្តល់នូវអនុសាសន៍ណែនាំដល់ម៉ាពូដូចជា៖
– ត្រូវរៀបចំផែនការបោសសំអាតមីនប្រចាំឆ្នាំប្រកបដោយសុក្រឹត្យភាព ច្បាស់លាស់ និងបន្ស៊ីគ្នាទៅនឹងផែនការអភិវឌ្ឍន៍ឃុំសង្កាត់
– ជួយផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក និងសហគមន៍
– ត្រូវប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព និងប្រសិទ្ធភាព និងផ្តោតការយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយប្រតិបត្តិករនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ឈានទៅជំរុញឲ្យកម្ពុជាអាចម្រេចបានជោគជ័យលើការងារបោសសម្អាតមីន ស្របតាមយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕

បញ្ចេញយោបល់