៦ចំណុចសំខាន់ៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពង្រឹងកិច្ចការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានប្រសិទ្ធភាពប្រសើរជាងមុន

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
7

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះមូលដ្ឋាន អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង ស្រុក ទាំង៨ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះលោក វ៉ី សំណាង បានរាយការណ៍អំពីលទ្ធផលការងារសំខាន់ៗដែលក្រុមការងារសម្រេចអនុវត្តបានតាមរយៈការចុះរៀបចំវេទិកាសាធារណៈនៅក្នុងមូលដ្ឋានក្រុង ស្រុកនាឆមាសទី១ ឆ្នាំ២០១៩នេះ បែកចែកជា៥វិស័យរួមមាន៖ វិស័យរដ្ឋបាលសាធារណៈ វិស័យដីធ្លី វិស័យសង្គមកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសណ្ដាប់ធ្នាប់សាធារណៈ ជាលទ្ធផលក្រុមការងារទទួលបាននូវបញ្ហាប្រឈមចំនួន៧៨ បានឆ្លើយដោះស្រាយចំនួន៦១ និងបន្ដដោះស្រាយចំនួន១៧។ ពាក់ព័ន្ធនឹងសំណើឬសំណូរពររបស់ប្រជាពលរដ្ឋមានចំនួន៤៦ បានឆ្លើយតបនឹងសំណូមពរចំនួន២៧ និងកំពុងបន្ដពិនិត្យដោះស្រាយចំនួន១៩សំណូមពរតាមដំណាក់កាលជាក់ស្ដែងជាបន្ដទៀត។

ជាមួយគ្នានោះ លោក ឆាយ ថន ក៏បានសង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.ត្រូវផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងកម្មវិធីកំណែទម្រង់តាមវិស័យ
២.លើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងារតាមរយៈការត្រួតពិនិត្យតាមដាន និងការគាំទ្រអនុវត្តកម្មវិធី គម្រោង ផែនការសកម្មភាពនៅតាមមូលដ្ឋាន
៣.សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព
៤.សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ៥.សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
៦.កៀរគរធនធានប្រភពនានាដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍មូលដ្ឋាន៕

បញ្ចេញយោបល់