ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ នៅវិទ្យាស្ថានទ័ពជើងគោក

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
11

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យ ថ្នាក់ដឹកនាំ យោធាចារ្យ មន្ត្រីបំរើការ និងនិស្សិតនាយទាហានគ្រប់ជំនាន់ ដែលកំពុងបំពេញការងារ និងកំពុងបំពេញកម្មសិក្សាហ្វឹកហ្វឺនជំនាញយោធានៅក្នុងវិទ្យាស្ថានទ័ពជើងគោកទាំងអស់ត្រូវបន្តពង្រឹងការសាមគ្គី ឯកភាពផ្ទៃក្នុង ការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីឆន្ទៈប្រជាជន និងការគាំទ្ររាជរដ្ឋាភិបាល គឺជាភាពជោគជ័យក្នុងការទទួលបានសុខសន្តិភាព និងភាពរីកចម្រើននាពេលកន្លងមក។ លោក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ទុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ នៅឯវិទ្យាស្ថានទ័ពជើងគោក នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩។

ក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍បើកវគ្គដែលអានដោយឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អ៊ុក រតន: នាយករងវិទ្យាស្ថាន បានគូសបញ្ជាក់ថា វិទ្យាស្ថានទ័ពជើងគោក អនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ព្រមទាំងបានកិច្ចសហការដ៍ល្អពីថ្នាក់ដឹកនាំ ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ និងដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺនរបស់អគ្គមេបញ្ជាការនៃ ខ ភ ម ពិសេសប្រធានគណៈកម្មការហ្វឹកហ្វឺននៃ ខ ភ ម វិទ្យាស្ថានបានដំណើការបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិស្សិតនាយទាហានបន្តវេនជំនាន់ទី១២ មួយវគ្គ ដែលមានសិក្ខាកាមជានិស្សិតនាយទាហានដែលប្រឡងជាប់ចូលជានាយទាហានបន្តវេនចូលរួមហ្វឹកហ្វឺនសរុប ១៧៨ នាក់ ក្នុងនោះមាននិស្សិតនាយទាហានជានារីចំនួន ២៨នាក់ផងដែរ ដោយប្រើរយៈពេលហ្វឹកហ្វឺន ៦ខែលើខ្លឹមសារមុខវិជ្ជា អប់រំ, វិន័យទូរទៅ, លិខិតបទដ្ឋានគតិយុទ្ធ, ចំណេះដឹងយោធា, និងការងារផ្សេងៗ ព្រមទាំងកម្មវិធីប្រលងបញ្ចប់វគ្គ។

គណ:គ្រប់គ្រងវិទ្យាស្ថាន ក៏បានបញ្ជាក់ផងដែរថា ក្រៅពីវគ្គបណ្តុះបណ្តាលនាយទាហានបន្តវេនជំនាន់ទី១២ វិទ្យាស្ថានក៏បាននិងកំពុងហ្វឹកហ្វឺននិស្សិតនាយទាហានទ័ពជើងគោក ជាច្រើនជំនាន់ទៀត ក្នុងនោះមានវគ្គនាយទាហានសកម្ម៤ជំនាន់ និងវគ្គនាយទាហានថ្មាក់កងអនុសេនាតូច កងអនុសេនាធំថ្មើរជើងមួយជំនាន់ទៀត ដែលជំនាន់ខ្លះឆ្នាំទី៤ ឆ្នាំទី៣ ឆ្នាំទី២ និងឆ្នាំទី១។ ក្រោយពេលបញ្ចប់វគ្គ សំរាប់វគ្គនាយទាហានបន្តវេនជំនាន់១២ សិក្ខាកាមនិស្សិតនាយទាហានបន្តវេនជំនាន់ទី១២ ទាំង១៧៨នាក់ ទទួលបាននិទ្ទេសល្អណាស់ចំនួន ៣៣នាក់, និទ្ទេសល្អ ១១៥នាក់, និទ្ទេសល្អបង្គួរ ១៩នាក់ និងនិទ្ទេសមធ្យមចំនួន ១១នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំបំពេញការងាររបស់ថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកបំរើការ នឹងនាយទាហានជាសិក្ខាកាមទាំងអស់ របស់វិទ្យាស្ថាន ដែលរហូតមកបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំឲ្យមានកម្មវិធីសិក្សា នឹងកិច្ចដំណើការនូវវគ្គហ្វឹកហ្វឺនជាច្រើន សំដៅពង្រឹងពង្រីកសមត្ថភាពកងទ័ពរបស់យើងឲ្យកាន់តែមានគុណភាព ដែលអាចពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដីកម្ពុជា ឲ្យកាន់តែរឹងមាំ៕

បញ្ចេញយោបល់