លោក ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង

ថ្ងៃពុធ ទី ១៤ សីហា ២០១៩​
9

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ថ្លែងបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកោះកុង បានមានប្រសាសន៍ណែនាំដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ត្រូវតាមដាន និងមានការប្រុងប្រយ័ត្នអំពីការកើតឡើង ដោយសារគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តនានា ក្នុងនោះនៅខេត្តកោះកុងផងដែរ។ បច្ចុប្បន្ន គ្រោះនេះកំពុងបន្តកើតមាននៅខេត្តកំពត បន្ទាប់ពីខេត្តព្រះសីហនុ។ លោក បានបន្តថា នេះជាលើកទី១ ហើយដែលក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង បានធ្វើការជួបប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងពិភាក្សាលើបញ្ហាប្រឈម និងបញ្ហាពាក់ព័ន្ធផ្សេងៗមួយចំនួន បន្ទាប់ពីមានការសម្រេចបង្កើតក្រមការងារថ្នាក់ជាតិពីរាជរដ្ឋាភិបាល សម្រាប់ខេត្តកោះកុង ដែលមានរយៈពេល១៥៩ថ្ងៃកន្លងមកនេះ។

លោក ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្តកោះកុង ដែលខិតខំចូលរួមសហការយ៉ាងល្អ ជាមួយអាជ្ញាធរដែនដី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន។ លោក បានលើកទឹកចិត្ត និងជំរុញឲ្យក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តកោះកុង បន្តបំពេញតួនាទី និងភារកិច្ចជាបន្តទៅទៀត ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានដោយជោគជ័យ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ឲ្យដឹងដែរថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ តាមរយៈសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកោះកុង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចសហការជាមួយរដ្ឋបាលនៅគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យការធានា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការងារសេដ្ឋកិច្ចសង្គម និងការដោះស្រាយបញ្ហាប្រឈមនានា មានភាពល្អប្រសើរ។ សមិទ្ធផលការងារ ដែលសម្រេចបាននេះ អាស្រ័យដោយក្រុមការងារគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុតមាំ ក្នុងការអនុវត្តបទបញ្ជា សេចក្តីណែនាំ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការគាំទ្រគ្នាទៅវិញទៅមក មានគោលដៅច្បាស់លាស់ ធ្វើឲ្យការដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយនេះ ខេត្តនៅមានបញ្ហាប្រឈមមួយចំនួន លើការដោះស្រាយលំនៅដ្ឋាន និងដីចំការរបស់ប្រជាពលរដ្ឋ ក្នុងស្រុក ក្រុងចំនួន៤ ដែលគ្របដណ្តប់ដោយអនុក្រិត្យលេខ០៨ ស្តីពីការបង្កើតជំរកសត្វព្រៃតាតៃ, ការញុះញង់ពីមជ្ឈដ្ឋានពីខាងក្រៅ, សេចក្តីត្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងទីប្រជុំជន និងជនបទ, ការផ្គត់ផ្គង់អគ្គសនី, ទឹកស្អាត និងការថែរក្សាបរិស្ថាន។

គួរបញ្ជាក់ដែរថា ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនារតី នៃប្រទេសកម្ពុជា ចម្ងាយ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ, ផ្ទៃដីសរុប១០.០៤៥គីឡូម៉ែត្រការ៉េ។ ដែនដីរដ្ឋបាលខេត្ត ត្រូវបានបែងចែកជាក្រុង១ មានសង្កាត់៣, ៦ស្រុក, ២៦ឃុំ និងមានភូមិ១១៩ភូមិ ព្រមនិងមានប្រជាជនសរុប១៣៣.៣៦៨នាក់៕

បញ្ចេញយោបល់