អភិបាលខេត្តមណ្ឌលគិរី នាំយកអំណោយសង្គ្រោះបន្ទាន់ ចែកជូនដល់ពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង និងជនចាស់ជរា

ថ្ងៃអង្គារ ទី ១៣ សីហា ២០១៩​
10

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រី សមាជិក នៃគណៈកម្មាធិការសាខា អនុសាខាស្រុក សហភាពសហព័ន្ធយុវជនកម្ពុជា សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងជនចាស់ជរា ចំនួន៧១គ្រួសារ មកពី០៥ភូមិ ក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង បានថ្លែងថាកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ក្នុង ឱកាស នោះ ដែរ លោកក៏ បាន ដាស់ តឿន អោយ ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាព កូនចៅតូចៗ កុំឱ្យលេងទឹក ដើម្បីបញ្ជៀសការលង់ទឹក ហើយពេលទឹកស្រកទៅវិញសូមបងប្អូនប្រជាពលរដ្ឋ ត្រូវត្រៀមពូជដំណាំ និងត្រូវសហការជាមួយស្ថាប័នជំនាញ ដើម្បីស្តារលទ្ធកសិកម្មឡើងវិញ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវសហការគ្នា ត្រៀមអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ឱ្យបានទាន់ពេលវេលា បើសិនជាភ្លៀងនៅតែបន្តធ្លាក់។ លោកបន្ថែមថា ចំពោះអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងគ្រោះ និងជនចាស់ជរានាពេលនេះ គឺដើម្បីជួយសម្រាលនូវការខ្វះខាតមួយរយៈប៉ុណ្ណោះ។

លោក ស្វាយ សំអ៊ាង បាននាំយកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត និងកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងចំនួន៥២គ្រួសារ និងជនចាស់ជរា សរុប៧១គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។ ដោយឡែក កម្លាំងយោធា និងប៉ុស្តិ៍រដ្ឋបាលឃុំមេម៉ង់ និងបានឧបត្ថម្ភថវិកា១លានរៀល ក្នុង១អង្គភាព។ បន្ទាប់មកលោក ស្វាយ សំអ៊ាង និងគណៈប្រតិភូអមដំណើរ បានចុះពិនិត្យការដ្ឋាន សាងសង់ស្ពានបេតុង និងស្ពានបាឡេ ដែលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ឆ្លងកាត់អូរទេ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ហើយមួយរយៈកន្លងមក មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យទឹកជន់ដល់ស្ពាន និងបានផ្អាក់ធ្វើចរាចរណ៍បណ្តោះអាសន្ន ម្យ៉ាងទៀត បច្ចុប្បន្ននេះ ទឹកបានស្រក់ទៅវិញ ប្រជាពលរដ្ឋក៏អាចធ្វើដំណើរទៅមកបានងាយស្រួលផងដែរ៕

បញ្ចេញយោបល់