ទស្សនៈមិត្តអ្នកអាន៖ ក្រុមអ្នកតាំងខ្លួនឯករាជ្យក្លាយជាមនុស្ស គ ពាក់ព័ន្ធរឿងកើតឡើងនៅអាមេរិក!

ថ្ងៃពុធ ទី ៧ សីហា ២០១៩​
19

គិតមកដល់ត្រឹមម៉ោងនេះ គេមិនបានលឺសោះឡើយនូវសារជាសម្លេង ឬក៏ជាសំណេររបស់អ្នកលេង​ហ្វេស​​​​ប៊ុកឯករាជ្យ អ្នកវិភាគឯករាជ្យ អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល(NGOs) ឯករាជ្យ ឬសារព័ត៌មានតាំងខ្លួនឯក​​រាជ្យជាដើម ហើបមាត់និយាយសូម្បីតែមួយម៉ាត់ អំពីសោកនាដកម្មបាញ់មនុស្សឆៅៗនៅក្នុងរដ្ឋ Ohio និងរដ្ឋ Texas របស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍មុនសម្លាប់មនុស្សជិត ៣០នាក់ ​និង​ការបាញ់ប្រហារពីលើយន្តហោះដ្រូនសម្លាប់មនុស្សជាង ៤០នាក់ នៅភាគខាងត្បូងប្រទេស​លីប៊ី ជាដើម។ល។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក ម៉ាក អេស្ពើ ដែលទើបឡើងកាន់តំណែងថ្មីៗនេះបាននិយាយប្រាប់​សារព័ត៌មានថា អាមេរិកចង់ពង្រាយមីស៊ីលចម្ងាយមធ្យមនៅក្នុងប្រទេសជាដៃគូនៅអាស៊ី​អំឡុង​ពេលធ្វើដំណើរពីកូរ៉េខាងត្បូងទៅកាន់អូស្ត្រាលី ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ការប្រកាសនេះ ត្រូវបានបដិសេធភ្លាមៗពីប្រទេសសាម៉ី(កូរ៉េខាងត្បូង និងអូស្តា្រលី)។ ទន្ទឹមគ្នានេះ គេចោទជាសំណួរ​ថា តើសហរដ្ឋអាមេរិកពង្រីកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តាមរយៈការពង្រាយប្រព័ន្ធមីស៊ីលឬ? មែនទែនទៅ ការពង្រាយ​ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិកនៅអាស៊ី វាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់​សន្តិសុខក្នុងតំបន់។

ពិតណាស់ថា រឿងពាក់ព័ន្ធដល់បញ្ហាសន្តិសុខក្នុងតំបន់ ឬបញ្ហាផ្សេងៗបង្កដោយសហរដ្ឋអាមេរិក មិនត្រូវ​​បានក្រុម​​ប្រឆាំងជ្រកក្រោមស្លាកឯករាជ្យលើកមកនិយាយនោះឡើយ រាប់​ទាំង​អង្គការ Human Rights Watch របស់ ​ប្រែត អាដាំ ផងដែរ​។ ផ្ទុយទៅវិញ នៅពេលដែលសារព័ត៌​មាន​អាមេរិក បានប្រឌិត​ព័ត៌មានក្លែង​ក្លាយថា កម្ពុជា​​-ចិនបានលួចចុះកិច្ចព្រមព្រៀងជាសម្ងាត់ដាក់មូលដ្ឋានយោ​ធា​កងទ័ពចិននៅលើទឹកដីកម្ពុជា បែរជាពួកអ្នកតាំងខ្លួនឯករាជ្យទាំ​ង​អស់​នោះ​ លើកមកនិយាយវិភាគចុះឡើងៗមិនចេះចប់ពេញក្នុងបណ្តាញ​សង្គម​​ហ្វេសប៊ុក។ ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វ​ផ្សាយមាននិន្នាការប្រឆាំងបានពង្រីក និងបន្ទរផ្សព្វ​ផ្សាយបញ្ហានេះ ហើយ​​ថែមទាំងធ្វើការ​វិភាគវាយប្រហារថា កម្ពុជា​ធ្វើឲ្យបាត់បង់ឯករាជក្យភាពរបស់ខ្លួន ទាំងដែល​បានដឹងលឺថា គ្មានរឿងបែប​នេះកើតឡើងទេ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជាច្រើនដងហើយថា កម្ពុជាដាច់​ខាតមិនអនុញ្ញាតឲ្យមូលដ្ឋានកងទ័ពបរទេសមាន​វត្តមានលើទឹកដីកម្ពុជាទេ។

ដូចគ្នា​នេះដែរ មន្ត្រី​អង្គការ​​​ Human Rights Watch ដែល​ចង់​ទាម​ទារ​ឲ្យ​មានការ​​កាត់​ទោស​ទៅលើ​មេដឹកនាំ​ខ្មែរក្រហម​ដទៃ​ទៀត ក្រោយ​លោក នួន ជា បង​ធំ​ទី​២ ក្នុង​របបខ្មែរក្រហម​ទទួល​មរណៈភាពនោះ គឺ​វា​ផ្ទុយ​ទាំង​ស្រុង​ទៅនឹង​វិធាន​របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ ឬសាលាក្តី​ខ្មែរក្រហម ជាតុលាការ​ “កូនកាត់” ​ដែល​បង្កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ។​ ជាការពិត សាលាក្តីខ្មែរ​ក្រហមមានដែនយុត្តាធិការជំនុំជម្រះក្តីតែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នក​ទទួល​ខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ​ដែល​ប្រព្រឹត្ត​ឡើងនៅចន្លោះថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។ ដូច្នេះការ​ទាម​ទារ​របស់​អង្គការ Human Rights Watch ​ដឹកនាំ​ដោយ ប្រែត អាដាំ គឺ​ខុស​​ឆ្ងាយ​ណាស់​ពី​បេសកកម្ម​ការ​ងារ​របស់​ខ្លួន។ ក៏ប៉ុន្តែ​ អង្គការ​នេះ​ គួរ​តែ​ផ្តោត​ទៅលើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ភាព​ធ្ងន់​ធ្ងរ​​នៅ​ប្រទេសផ្សេង ដូច​ជា​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ប្រទេស​ខ្លះ​កំពុង​មាន​សង្គ្រាម​ស៊ីវិល​​រ៉ាំរ៉ៃ ​ពិសេសគួរ​ណាស់​តែចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​រដ្ឋាភិបាល​អាមេរិក ដែល​បណ្តែត​បណ្តោយ​​ឲ្យ​មាន​​ការ​បាញ់​សម្លាប់​មនុស្ស​ជារឿយៗក្នុង​ទឹក​ទី​អាមេរិក។​

ជាអ្នកតាមដានព័ត៌មានម្នាក់តាមតៀមកាហ្វេ ខ្ញុំបានកត់សម្គាល់ថា រាល់ហេតុការណ៍ដែលបានកើតឡើងនៅ​ក្នុងសហភាពអឺរ៉ុបក្តី នៅសហរដ្ឋអាមេរិកក្តី ឬកើតឡើងនៅក្នុងប្រទេសជាសម័ន្ធមិត្តរបស់អាមេរិកក្តី ជាពិសេសការបាញ់ប្រហារសម្លាប់មនុស្សជារឿយៗនៅសហរដ្ឋអាមេរិកតែម្តង គឺកម្រមាន ឬគ្មានទាល់តែសោះអ្នកវិភាគ​ឯករាជ្យ រាប់ទាំងអ្នកលេងហ្វេសប៊ុក មន្ត្រី NGOs និងប្រព័ន្ធផ្សព្វផ្សាយហៅខ្លួនឯងថាឯករាជ្យ លើកមកនិយាយ កុំថាឡើយពួកគេត្រូវលើកយករឿងនេះមកផ្សព្វផ្សាយ ហើយធ្វើជាបទវិភាគវែកញែករកខុសត្រូវ ដូច​ដែល​ពួកគេនាំគ្នាវិភាគមិនឈប់ពីបញ្ហាកើតឡើងបន្តិចបន្តួចនៅក្នុងប្រទេសកម្ពុជានោះ។

ផ្ទុយទៅវិញ ពួកអ្នកតាំងខ្លួនឯករាជ្យទាំងអស់នោះ តែងបានលើកឡើងជានិច្ចពីការធ្វើបាតុកម្មនានាដែលមានក្រុម​បាតុករប្រមូលផ្តុំគ្នាដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយពួកគេបន្ទរពង្រីកផ្សព្វផ្សាយតាមបណ្តាញ​សង្គម និងប្រព័ន្ធផ្សព្វផ្សាយនានាដែលមាននិន្នាការប្រឆាំង។ ជាក់ស្តែង ការជួបជុំសម្តែងមតិនៅទីក្រុងហុងកុងថ្មីៗនេះរបស់មនុស្សមួយក្រុម ដែលដំបូងឡើយប្រឆាំងនឹងច្បាប់ធ្វើបត្យាប័នជនជាប់ចោទទៅកាត់ទោសនៅប្រទេសចិន បានក្លាយជាកុប្បកម្មហិង្សា។ ពួកគេបានប្រែក្លាយពីបាតុកម្មសម្តែងមតិតវ៉ាឲ្យរដ្ឋបាលទីក្រុងហុងកុងទម្លាក់ចោលសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ទៅជាកុប្បកម្មវ៉ៃកំទេចដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងសាធារណៈ ដើម្បីទាម​ទារឲ្យលោកស្រី ខារី ឡាំ មេដឹកនាំក្រុងហុងកុងចុះចេញពីតំណែង។ ករណីបាតុកម្មយ៉ាងអាណាធិបតេយ្យនៅទីក្រុងហុងកុងមិនទាន់បិទបញ្ចប់ទេ បច្ចុប្បន្នកំពុងក្តៅគគុកនៅឡើយ ហើយត្រូវបានគេចាត់ទុកថា ស្ថិតនៅ​ក្នុងគម្រោងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំមេដឹកនាំទីក្រុងហុងកុង។

ក្រុមអ្នកតាំងខ្លួនជាអ្នកឯករាជ្យទាំងអស់នោះ ពេញចិត្តណាស់នៅពេលឃើញមានបាតុកម្មតវ៉ាផ្ទុះឡើងនៅប្រ​ទេស​​ផ្សេងៗ ពួកគេមិនភ្លេចទេតែងលើកយកមកនិយាយ ហើយវិភាគធ្វើការប្រៀបធៀបនឹងប្រទេសកម្ពុជាជានិច្ច ដូចជាការធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលនៅប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា មានប្រទេសទុយនេស៊ី លីប៊ី និងអ៊ីរ៉ាក់ជាដើម…។ល។

ការធ្វើបាតុកម្មទាមទារចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅតាមបណ្តាប្រទេសនានា បានក្លាយជាប្រ​ធានបទដ៏សំខាន់របស់ក្រុមប្រឆាំងជ្រកក្រោមស្លាកឯករាជក្យទាំងអស់នោះ លើកយកមកនិយាយ និងផ្សព្វ​ផ្សាយច្រំដែលៗ ដើម្បីជាការជំរុញលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាយកគំរូតាម ពិសេសជំរុញឲ្យក្រុមប្រឆាំងធ្វើការតស៊ូដើម្បីផ្លាស់ប្តូរថ្នាក់​ដឹកនាំប្រទេសស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដូចទិសស្លោករបស់ជនជាប់ចោទពីបទក្បត់ជាតិ កឹម សុខា លើកឡើងថា បើគ្មានការប្រថុយ គ្មានការផ្លាស់ប្តូរ។ ពួកគេបានចិញ្ចឹមមហិច្ឆតាក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមគ្រប់រូបភាព តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន។

ក្រុមតាំងខ្លួនឯករាជ្យទាំងអស់នោះ តែងប្រើការវិភាគរបស់ខ្លួនលើកតម្កើងក្រុមប្រឆាំង ហើយបន្ទាបបន្ថោក​រាជរដ្ឋា​ភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច បើ​ទោះជារដ្ឋាភិបាលបាន​ដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើន ដោយរក្សាបានសុខសន្តិភាព សណ្តាប់ធ្នាប់​សាធារណៈសង្គម ស្ថិរភាពនយោបាយ និង​រក្សាបាន​នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំក៏ដោយ ក៏នៅតែពួកគេមិនពេញចិត្ត។ ក៏ប៉ុន្តែអ្វីដែលពួកគេ​សប្បាយរីករាយនោះ គឺនៅពេលដែលឃើញស្រុកទេសមាន​ភាព​វឹក​វរ ​ចលាចលសង្គម ​និង​ចង់​ឃើញ​ប្រទេស​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ ដូច​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ាខ្លះ ដែល​បាន​រង​គ្រោះ​ពីការ​ធ្វើ​បដិវត្តន៍ពណ៌​។

សរុប​មក​វិញ ក្រុម​អ្នក​តាំង​ខ្លួន​ឯករាជ្យ​ទាំង​អស់​នោះ គួរ​មាន​ភាព​ឯករាជ្យ​ក្នុង​ខ្លួន​ ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ខ្លះ​ផង ​បើ​មិន​ឯករាជក្យ​ដោយ​​សារ​ស៊ីលុយ​គេសុខ​ចិត្ត​ធ្វើ​ជា​កូន​ជឹង​បរទេស មានភាព​ដិត​ដាម​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​មនោគមន៍វិជ្ជា​បរទេស​ និង​មាន​និន្នាការ​នយោបាយ ក៏​គួរ​តែមាន​ជាតិ​និយម​ក្នុង​ខ្លួន​ខ្លះផង។ កុំ​ដោយ​សារ​តែប្រយោជន៍ផ្ទាល់​ខ្លួន​បន្តិច​បន្តួច​ សុខចិត្ត​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ភាព​ចលាចល និង​អសន្តិសុខ​សង្គម ដែលវា​មិន​មែន​ជា​​សេចក្តី​ប្រាថ្នា​ចង់​បាន​របស់​ប្រជាពលរដ្ឋ​នៅក្នុង​សម័យ​សុខ​សន្តិភាព​នេះទេ។

យ៉ាងណាក្តី ​រាជរដ្ឋាភិបាល​កម្ពុជាដែល​កើត​ឡើង​ដោយ​ការបោះ​ឆ្នោតស្រប​ច្បាប់​ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ​នឹង​ចាត់​វិធានការណ៍​​យ៉ាង​ម៉ឹ​ងម៉ាត់បំផុតចំពោះ​បុគ្គល រឺក្រុមណាដែលប៉ុនប៉ងបំផ្លាញ​ប្រទេស​ ដែល​កម្ពុជា​​រក​បាន​ដោយ​កម្រ​បំផុត​នេះ ​​ដើម្បីការ​ពារ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និងការ​អភិវឌ្ឍ​លើគ្រប់​វិស័យ​ ដោយ​​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​មក​បំផ្លាញ​ប្រទេស​ដូច​កាល​ពី​អតីតកាល​ឡើយ៕

ដោយ៖ សុខ សុវណ្ណ​

បញ្ចេញយោបល់