Apple រងការចោទប្រកាន់ លុបចោល​កម្មវិធីស្វែងរក​កាសស្តាប់ត្រចៀក​ឥតខ្សែ AirPods

ថ្ងៃសុក្រ ទី ១៣ មករា ២០១៧​
135

អាមេរិក៖ នៅពេលដែលក្រុមហ៊ុន Apple បានបង្អួតបង្ហាញពីកាសស្តាប់ត្រចៀកឥតខ្សែ AirPod ដែលមានតម្លៃ១៥៩ដុល្លារសហរដ្ឋអាមេរិកក្នុងមួយគូកាលពីខែតុលា ឆ្នាំ២០១៦ ពុំមានក្តីព្រួយបារម្ភណាមួយសោះឡើយថា តើឧបករណ៍ដ៏តូចនេះអាចងាយនឹងបាត់យ៉ាងណានោះ ហេតុដូច្នេះហើយដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកទីតាំង AirPods របស់ពួកគេ កម្មវិធីទូរសព្ទឈ្មោះថា «Finder for AirPods» ត្រូវបានបង្កើតឡើង និងអាចទាញយកពី App Store បានក្នុងតម្លៃ៣.៩៩ដុល្លារ ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុន Apple បែរជាសម្រេចចិត្តលុបកម្មវិធីដ៏មានសារៈប្រយោជន៍នេះចេញមិនឱ្យប្រើប្រាស់ទៅវិញ និងមិនបញ្ជាក់ហេតុផលច្បាស់លាស់នោះឡើយ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Daily Mail នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។

កម្មវិធី Finder for AirPods បានប្រើប្រាស់រលកសញ្ញា Bluetooth របស់កាសស្តាប់ត្រចៀកឥតខ្សែ AirPods ក្នុងការជួយអ្នកប្រើប្រាស់តាមរកពួកវា ហើយទោះបីជាវិធីនេះពុំសូវមានប្រសិទ្ធភាពយ៉ាងណាក្តី កម្មវិធីនេះគឺជាជម្រើសតែមួយគត់ដែលអតិថិជន មានក្រៅពីការចំណាយថវិកាដើម្បីទិញ AirPods ថ្មីមួយគូផ្សេងទៀត ដោយ Apple បានឱ្យដឹងថា ក្រុមហ៊ុននឹងទាមទារថ្លៃ៦៩ដុល្លារសម្រាប់កាសមួយចំហៀងដែលបាត់និង១៥៩ដុល្លារសម្រាប់កាសមួយគូថ្មី។

អ្នកបង្កើតកម្មវីធី Finder for AirPods បានលើកឡើងថា ក្រុមហ៊ុន Apple មិនពេញចិត្តចំពោះអ្នកប្រើប្រាស់អាចស្វែងរកកាសស្តាប់ត្រចៀក AirPods របស់ពួកគេដែលបានបាត់ឃើញមកវិញនោះឡើយ ព្រោះពុំសូវចំណេញ ខណៈវាត្រូវបានក្រុមហ៊ុនលុបចេញដោយចាត់ទុកថា មិនសមរម្យសម្រាប់ App Store ក៏ប៉ុន្តែក្រុមហ៊ុនដែលជាម្ចាស់ម៉ូដែលទូរសព្ទដៃ iPhone ដ៏ល្បីនៅលើពិភពលោកនេះ មិនទាន់បានធ្វើការអធិប្បាយណាមួយពាក់ព័ន្ធនឹងករណីនេះឡើយ៕

fn-2017-01-13-08-26-10-0

ចែករំលែក

បញ្ចេញយោបល់