លិខិត្តមិត្តអ្នកអាន៖ អគ្គរដ្ឋទូតអាមេរិកថ្មីមកកម្ពុជាជាមួយពណ៌បេះដូងថ្មីរឺ?

ថ្ងៃចន្ទ ទី ៥ សីហា ២០១៩​
27

នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣ រហូ​តមកដល់បច្ចប្បន្ន ទស្សនៈនិងផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើនបំផុតតែ​ងតែយល់ថាពា​ក្យ «ទូតអាមេរិក = មេរបស់ក្រុមប្រឆាំង» « ទូតអាមេរិក = មេបញ្ជាការផ្តួលរំលំរដ្ឋាភិបាល លោ​កនាយករដ្ធមន្ត្រី ហ៊ុន សែន »។ នេះជាការពិត ដែលមន្ត្រីទូត និងក្រសួងការបរទេសអាមេ​​រិកត្រូវហ៊ានទទួលស្គាល់ដើម្បីពិចារណាព្រោះខ្ញុំយល់ថា «ទំនាក់ទំនងរវាងកម្ពុជា-អាមេរិកល្អឬ​អាក្រក់ វាអាស្រ័យស្ទើរតែទាំងស្រុងលើលោកអគ្គរដ្ឋទូតអាមេរិកតែម្តង»។

ទន្ទឹមនឹងការរីករាយសាទរចំពោះលោក Patrick Murphy ដែលនឹងមកបំពេញបេសកកម្មកា​រទូតនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំក៏បានស្រាវជ្រាវតាមវេបសាយហើយកត់សំគាល់ថា​លោកគឺជាអ្នកការទូតដ៏មានពិសោធន៍ម្នាក់និងជាពិសេសគឺជាអ្នកជំនាញខាងកិច្ចការអាស៊ីអាគ្នេយ៍។ ដូច្នេះ ប្រាកដណាស់ថា លោកពិតជាបានស្គាល់ច្បាស់អំពីសភាពការណ៍និងបទពិ​សោធន៍ផ្អែមល្វីងជូរចត់របស់កម្ពុជាក្នុងអតីតកាលនិងបច្ចុប្បន្នកាលជាពិសេសគឺពិតជាដឹងច្បា​ស់អំពីអ្វីដែលពលរដ្ឋប្រទេសមួយនេះត្រូវការជាចាំបាច់បំផុត។ ដូច្នេះ សារដែលខ្ញុំចង់ផ្ញើជូនលោ​កអគ្គរដ្ឋទូតអាម៉េរិកថ្មីដើម្បីពិចារណានោះគឺ៖

ទី១៖ ដូចអ្វីដែលគេតែងតែនិយាយរត់មាត់ថា «Let bygone be bygone» «ទុកអោយរឿងចាស់វាកន្លងផុតទៅហើយសូមគិតរឿងថ្មី»។

ទី២៖ ខ្ញុំក៏មានការសប្បាយរីករាយណាស់ដែរនៅពេលឃើញមានការចុះផ្សាយដោយកាសែ​តអនឡាញបរទេសមួយបានស្រង់សំដីលោក Murphy ថា លោកនឹងផ្តោតការយកចិត្តទុកដាក់ លើការបង្កើនពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកអោយឡើងបាន ដល់ ៣.៥ ពាន់លា​ន ដុល្លារ ក៏ដូចជាបង្កើនទំនាក់ទំនងរវាងសហគមន៍ជនជាតិអាម៉េរិកជាមួយប្រជាជនកម្ពុជា។

ខ្ញុំក៏ដូចពលរដ្ឋខ្មែរ ទូទៅ សង្ឃឹមយ៉ាងមុតមាំថា លោកនឹងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យបានល្អក្នុងនាមជាដៃគូស្មើសិទ្ធនិងស្មើមុខមាត់គ្នាដោយមិនដើរតាម លំអានឯកអគ្គ​រដ្ឋទូតមុនៗនោះឡើយព្រោះអ្វីដែល លោកបាននិយាយថាគ្រោងនឹងធ្វើនេះ គឺពិតជាការងារត្រឹមត្រូវនិងជាក់ស្តែងដើម្បីស្តារជំនឿទុកចិត្តដែលបានបាត់បង់ស្ទើរតែទាំងស្រុងពីសំណាក់ប្រជា​ពលរដ្ឋខ្មែរទូទៅជាពិសេសពីសំណាក់រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងនិងដឹកនាំប្រទេសនេះ​«Confidence building measures to restore the lowest trust in the relationship between Cambodia and USA is an Imperative»។

តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក វាលឿនទៅមុខ រឺបន្តធ្លាក់ចុះថែមទៀ​តគឺបាល់ស្ថិតនៅក្នុងជើងរបស់លោកទូតហើយ។ ដូច្នេះ បើលោកចង់ញាក់ឆ្វេងរឺស្តាំឬស៊ុតត្រង់គឺជាសិទ្ធិរបស់លោក ចំណែកឯភាគីកម្ពុជាគ្រាន់តែជាអ្នកចាំមើលទិស បាល់និងលេងតាមបាល់របស់លោកតែប៉ុណ្ណោះ «The Ball is in Your Court »។ ប៉ុន្តែ យោងលើបទពិសោ​ធន៍ពីអតីតកាលនិងរហូតដល់ពេលថ្មីៗនេះ ខ្ញុំយល់ឃើញថា ដើម្បីឲ្យទំនាក់ទំនងកម្ពុជានិងស​ហរដ្ឋអាមេរិកមានលក្ខណៈល្អប្រសើរឡើងវីញបន្ថែមពីលើសារដែលខ្ញុំបានរៀបរាប់ខាងលើ ក៏ នៅមានកត្តាសំខាន់ៗ ជាក់ស្តែងមួយចំនួនទៀតដែលលោក Murphy គួរពិចារណាហើយបើលោកអាចធ្វើបាន នោះវាកាន់តែល្អប្រសើរ៖

ក- លោកត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវសន្ធិសញ្ញាទីក្រុងវីយែនស្តីពី ការងារការទូតដែលមិនអ​នុញ្ញាតឲ្យមានការលូក ដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូឡើយ។ កន្លងទៅនេះ ការបំពានសន្ធិសញ្ញាទីក្រុងវីយែន នេះ គឺជាអធិករណ៍ដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកជួបភាពល្អក់កករជាបន្តបន្ទាប់ពីព្រោះមន្ត្រីក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាបន្តបន្ទាប់ច្រើនតាំងខ្លួនជាបងធំ ឬជាចៅហ្វាយរបស់កម្ពុជាដោយចង់ឲ្យកម្ពុជាធ្វើនេះ ឬធ្វើនោះតាមចិត្តរបស់ខ្លួនចង់បានដោយ មិនខ្វល់ខ្វាយពីសន្ធិសញ្ញាអន្តរជាតិ ឬច្បាប់របស់កម្ពុជាឡើយរហូតដល់មន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលភ្នំពេញនិយាយថា «ចង់ធ្វើមិត្តល្អជាមួយអាម៉េរិកពិតជាពិបាកណាស់ ប៉ុន្តែ បើចង់ធ្វើជាអាយ៉ងកូនអុករបស់អាម៉េរិកវីញគឺជាការងាយស្រួលបំផុត»។ នេះគឺជាកត្តាកំណត់នូវភាពល្អក់កករ ជូរចត់នៃទំនាក់ ទំនងរវាងប្រទេសទាំងពីរដែលបង្កឡើងដោយភាគី មិត្តពីព្រោះកម្ពុជាគោរព បានយ៉ាងល្អនូវសន្ធិសញ្ញាទីក្រុងវីយែនដោយមិនដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាដៃគូណាមួយឡើយ។ ដូច្នេះ ខ្ញុំសង្ឃឹមថា លោក Murphy ច្បាស់ជាបានស្វែងយល់យ៉ាងច្បាស់អំពីសន្ធិសញ្ញាទីក្រុងវីយែនក្នុងនាមជាអ្នកការ ទូតជើងចាស់ម្នាក់។

ខ- ទំនាក់ទំនងកម្ពុជា-អាមេរិកនឹងស្គាល់ភាពរលូននិងល្អូកល្អឺនដរាបណាស្ថានទូតសហរដ្ឋអា​មេរិកឈប់ប្រើប្រាស់គេហទំព័ររបស់ស្ថានទូតមកធ្វើជាទីលានផ្ញើសារដែលមានគោលដៅវាយប្រហារមកលើកម្ពុជា ដែលជាម្ចាស់ផ្ទះ ហើយងាកមកប្រើប្រាស់ទំនាក់ ទំនងការទូតដើម្បីដោះស្រាយបញ្ហាជាមួយគ្នាវិញ។ កន្លងទៅនេះ ស្ថានទូត អាមេរិកតែងប្រើប្រាស់គេហទំព័ររបស់ស្ថានទូត ដើម្បីបង្កអរិយភាពជាមួយរដ្ឋាភិបាលជាម្ចាស់ផ្ទះ ហើយខ្ញុំនៅចាំបានច្បាស់ថាសូម្បីតែក្នុងកំឡុង ពេលដែលឯកអគ្គរដ្ឋទូតចាស់ផុតអាណត្តិ និងមិនទាន់មានឯកអគ្គរដ្ឋទូតថ្មីចូលមកជំនួសក៏ ដោយពោលគឺក្នុងពេលមិនទាន់មានឯកអគ្គរដ្ឋទូតបំពេញការងារផង ក៏ស្ថានទូតអាម៉េរិកហ៊ាន បំពានសន្ធិសញ្ញាអន្តរជាតិ ទីក្រុងវីយែនដោយបាន បញ្ចេញព័ត៌មានតាមគេហ​ទំ​ព័ររបស់ស្ថានទូតដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំពិតជាឆ្ងល់ណាស់ថា តើ ស្ថានទូតនៃប្រទេសមហាអំណាចមួយទាំងមូលអាចធ្វើរឿងបែបនេះទៅរួច? ចំពោះចំណុចនេះ ខ្ញុំក៏សង្ឃឹមថា លោក Murphy ប្រាកដជាយល់ច្បាស់និងជៀសវាងមិនឲ្យកើតមានឡើយនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា។

គ- ទំនាក់ទំនងកម្ពុជា អាមេរិក អាចល្អទៅបានទាល់តែស្ថានទូតអាម៉េរិក ឬក៏រូបលោកឯក​អគ្គរដ្ឋទូតផ្ទាល់បំពេញការងារ ដោយមិនលម្អៀង ហើយបើនិយាយឲ្យចំ គឺគប្បីឈប់ធ្វើជាខ្នងប​ង្អែកឲ្យក្រុមប្រឆាំងជ្រុលនិយមក្រៅច្បាប់នៅកម្ពុជា។ កន្លងទៅនេះ ភាពល្អក់កករ រវាងប្រ​ទេ​សទាំងពីរ បានកើតឡើងជាញឹកញាប់ដោយសារតែមន្ត្រីស្ថានទូត ឬឯកអគ្គរដ្ឋទូត អាមេរិកតែងតែនិយាយនិងដើរបង្ហាញអោយគេយល់និងមើលឃើញថា ខ្លួនមានតួនាទីជាខ្នងបង្អែករបស់ក្រុមប្រឆាំងដែលធ្វើឲ្យអ្នកទាំងអស់នោះឡើងចាង បូសឃ្លៀកនិងបានចិត្តបំពានច្បាប់​​ហើយហ៊ានក្រឡុកកកូរសភាពការណ៍ផ្ទៃក្នុងកម្ពុជាតាមក្បាលចិត្ត។

តាមខ្ញុំយល់ រដ្ឋាភិបាល   ភ្នំពេញមិនបានកោតខ្លាចឥទ្ធិពលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងនោះឡើយ ប៉ុន្តែ ភាពលម្អៀង របស់ស្ថានទូតអាមេរិកបានត្រឹមបង្កអរិយភាព រវាងប្រទេសទាំងពីរតែប៉ុណ្ណោះដោយមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយពីព្រោះនៅទីបំផុត បញ្ហាកម្ពុជា​នឹងត្រូវតែ ដោះស្រាយដោយកម្ពុជាខ្លួនឯងដោយឈរលើច្បាប់របស់កម្ពុជាតែដដែលទេ។

ដូច្នេះខ្ញុំសង្ឃឹមថា លោក Murphy នឹងយល់អំពីបញ្ហានេះហើយជៀសវាងកុំឲ្យស្ថានភាពដដែលៗ នេះកើតមានទៀតឡើយ។

ឃ- កម្ពុជាគឺជាប្រទេសតូចមួយដែលបានឆ្លងកាត់ភ្លើងសង្គ្រាមវិនាសកម្មយ៉ាងខ្លោចផ្សារ ណាស់។ ដូច្នេះពេលនេះ កម្ពុជាត្រូវការសុខសន្តិភាពនិងត្រូវការរួមរស់ដោយសន្តិសហវិជ្ជមានជា​មួយគ្រប់បណ្តាប្រទេសនៅលើលោក។ ហេតុដូច្នេះហើយបានជា រដ្ឋធម្មនុញ្ញកម្ពុជា​ប្រកាន់យ​កគោលការណ៍អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ជាពិសេសមិនឲ្យមានមូលដ្ឋានកងទ័ពបរទេសណា មួយនៅលើទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាគ្មានចេតនាអ្វីទាំងអស់ចង់ទៅ រករឿងជាមួយប្រទេសណាឡើយពោលគឺកម្ពុជា សុំតែម៉ាសុខតែប៉ុណ្ណោះ តែគឺជាសេចក្តីសុខដែល មិនស្ថិតក្រោមការដាក់ សម្ពាធសង្កត់សង្កិន ឬសេចក្តីសុខតាមបែបអាយ៉ងរបស់ប្រទេសណាមួយនោះឡើយ។ សេចក្តីសុខដែលកម្ពុជា និងប្រជាពលរដ្ឋនៃ ប្រទេសនេះត្រូវការគឺជាសេចក្តីសុខ ស​ន្តិភាព និងការអភិវឌ្ឍន៍ក្នុងដែនអធិបតេយ្យភាពជាតិរបស់ខ្លួន។ នេះគឺជាសេចក្តីប្រាថ្នាដ៏តិចតួចដែលមិនបានបៀតបៀនអ្នកណា ហើយជាសេចក្តីសុខដែលគួរតែកម្ពុជាទទួលបាន។ ខ្ញុំក៍សង្ឃឹមថា លោកMurphy នឹងយល់អំពីបញ្ហានេះហើយមិនព្យាយាមរំខានបំផ្លាញដល់ប្រទេ​ស​ដ៏តូចនិងដ៏កំសត់ មួយនេះឡើយ។

សរុបទៅ បាល់ស្ថិតនៅក្នុងជើងរបស់ភាគីអាមេរិកនិយាយជារួម និងនិយាយដោយឡែកគឺស្ថិ​តនៅក្នុងជើងរបស់លោកឯកអគ្គរដ្ឋទូតហើយ។ សូមលោក លេងតាមសប្បាយចុះ។ អ្វីដែលប្រជាជនកម្ពុជាចង់បាន គឺសុំឲ្យការលេង នោះគោរពតាមលក្ខខណ្ឌបច្ចេកទេសឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ កម្ពុជាមិនចង់ឃើញគេ លេងខូចហើយធ្វើបាបខ្លួននោះឡើយ។ ខ្ញុំសុំតែប៉ុ​ណ្ណឹង គឺសុំអោយលោកអគ្គរដ្ឋទូតអាម៉េរិកថ្មីមកកម្ពុជាដោយមានពណ៌ បេះដូងថ្មី។ តើបានទេ លោកទូត?

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

បញ្ចេញយោបល់