ក្រសួងសង្គមកិច្ច ផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាពជូនជនពិការក្រីក្រជាង ៣០០នាក់ តាមសហគមន៍នៅស្រុកថ្មគោល

ថ្ងៃពុធ ទី ២៤ កក្កដា ២០១៩​
7

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការក្រីក្រតាមសហគមន៍ ចំនួន៣២៨នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមធិបតីភាពលោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក យី វាសនា សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ ក្នុងពិធីបើកផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព និងបើកគណនីធនាគារជូន ជនពិការភាពក្រីក្រនៅតាមសហគមន៍ ចំនួន៣២៨នាក់ មកពីស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងបរិវេណសាខាធនាគារអេស៊ីលីដា ស្រុកថ្មគោល។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំរបស់មូលនិធិជនពិការ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ គណៈអភិបាលស្រុកថ្មគោល ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត និងបងប្អូនជនពិការជាច្រើនរូបទៀត។

នាឱកាសនោះ លោក សែម សុខា បានលើកឡើងពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើបងប្អូនជនពិការ ដោយបានដាក់ចេញនូវយន្តការមួយចំនួនសម្រាប់លើកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ ដើម្បីពួកគាត់មានលទ្ធភាពចូលរួមគ្រប់សកម្មភាពរបស់សង្គម។ លោក បានបន្តថា យោងតាមអនុក្រឹត្យ ១៣៧អនក្រ.បក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ ស្តីពីរបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ និងមានការចង្អុលបង្ហាញពី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គឺកម្មវិធីបើកផ្តល់របបគោលនយោបាយពិនិត្យ និងថែទាំសុខភាព ជូនជនពិការភាពក្រីក្រនៅតាមសហគមន៍នេះ បានចាប់ផ្តើមពីឆ្នាំ ២០១៥មក ដោយគិតមកដល់បច្ចុប្បន្នមូលនិធិជនពិការ បានបើកផ្តល់ប្រាក់ របបគោលនយោបាយនេះបានចំនួន ៥.១១៦នាក់ នៅខេត្តប៉ៃលិន ត្បូងឃ្មុំ ស្វាយរៀង កំពង់ចាម ព្រៃវែង និងកណ្តាល៕

បញ្ចេញយោបល់