លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គគ្រូបង្គោលជំនាញវាស់ស្ទង់

ថ្ងៃអង្គារ ទី ២៣ កក្កដា ២០១៩​
12

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក នីស្សជា យ៉ាស៊ូណូរិ (NISHIDA Yasunori) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល ជំនាញវាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អ.ស.ប ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញឋានលេខា ឧបត្ថម្ភដោយប្រទេសជប៉ុន ដល់កងទ័ពមួកខៀវកម្ពុជាដើម្បីត្រៀមលក្ខណៈចេញបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងថា៖ គិតចាប់ពីឆ្នាំ២០១៣ រហូតមកទល់នឹងបច្ចុប្បន្ន ភាគីជប៉ុនបានផ្តល់វគ្គហ្វឹកហ្វឺនសរុបចំនួន៥វគ្គ ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទចំនួន១១៤រូប និងសិក្ខាកាមចំនួន០៧រូប បានទទួលការហ្វឹកហ្វឺនផ្ទាល់នៅប្រទេសជប៉ុន ហើយសិក្ខាកាមទាំងអស់ សុទ្ធសឹងតែទទួលបានឱកាសចូលរួមបេសកកម្ម អ.ស.ប នៅសាធារណៈរដ្ឋម៉ាលី លីបង់ និងអាហ្វ្រិកកណ្តាល ដោយផ្តល់ការគាំទ្រលើសំណង់ផ្តេក-បញ្ឈរ និងវិស្វកម្មព្រលានយន្តហោះ។

លោកបានបន្តថា វគ្គហ្វឹកហ្វឺននេះ គឺជាវគ្គទី៦ ដែលមានសិក្ខាកាមជាគ្រូបង្គោលចំនួន៣០០រូប ធ្លាប់មានបទពិសោធន៍ ចេញបំពេញបេសកកម្មក្នុងបណ្តាប្រទេសនានា ដើម្បីទទួលបានឱកាសក្នុងការបន្តចែករំលែកមេរៀន ដែលបានសិក្សានាពេលនេះ ដល់ទាហានរួមជំនាន់ និងទាហានជំនាន់ក្រោយ អោយបង្កើនចំណេះដឹងចំណេះធ្វើ ដែលអាចឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្ដែងក្នុងតំបន់ប្រតិបត្តិការ ទទួលបានលទ្ធផលកាន់តែប្រសើរឡើង។ វគ្គហ្វឹកហ្វឺននេះ ក៏ឆ្លើយតបបានទាន់ពេលវេលារទៅនឹងសកម្មភាព ដើម្បីសន្តិភាព ដែលផ្តួចផ្តើមឡើងដោយអគ្គលេខាធិការ អ.ស.ប កាលពីឆ្នាំ២០១៨ ព្រមទាំងជាការត្រៀមលក្ខណៈជាបណ្តើរៗ ដើម្បីឈានដល់ការធ្វើជាម្ចាស់ផ្ទះ លើគម្រោងត្រីភាគី ដែលផ្តួចផ្តើមឡើងដោយលោក ស៊ិនស៊ូ អាបេ (Shinzo ABE) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន។ គម្រោងត្រីភាគីនេះ ត្រូវបានអនុវត្តដោយជោគជ័យក្នុងទ្វីបអាហ្វ្រិក ហើយក៏ឈានដល់ការពង្រីកកាន់ទ្វីបអាស៊ី ដែលត្រូវបានអនុវត្តជាលើកដំបូងនៅសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីចុងឆ្នាំ២០១៨ ដោយធ្វើការវិលជុំរយៈពេល២ឆ្នាំម្តង រវាងបណ្តាប្រទេសដែលត្រូវបានជ្រើសរើសដោយ អ.ស.ប។ ទន្ទឹមនឹងការបិទវគ្គហ្វឹកហ្វឺននេះ យោធាចារ្យឥណ្ឌាចំនួន៧រូប ក៏បាននឹងកំពុងផ្តល់ការហ្វឹកហ្វឺនផ្នែករក្សាសន្តិភាព បោសសំអាតមីន និងប្រឆាំងបន្សាបឧបករណ៍គ្រឿងផ្ទះកែច្នៃ ដល់សិក្ខាកាម នៃកងយោធពលខេមរភូមិន្ទចំនួនប្រមាណ៧០នាក់ ដើម្បីត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការសន្តិភាពនាពេលខាងមុខ។

លោក នីស្សជា យ៉ាស៊ូណូរិ (NISHIDA Yasunori) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទភាពខ្លាំងណាស់ ចំពោះកម្ពុជាដែលខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែករក្សាសន្តិភាពពិភពលោកដោយឥតលក្ខខណ្ឌ។ លោក បានបញ្ជាក់ថា ជប៉ុនគាំទ្រការពង្រឹង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន និងប្រទេសកម្ពុជា ដើម្បីធានាសន្តិភាព និងវិបុលភាពក្នុងតំបន់។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍នៅក្នុងឱកាសថា ក្នុងឆ្នាំនេះ និងទៅអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពជាអទិភាព ក្នុងប្រតិបត្តិការសន្តិភាព និងស្ថិរភាពក្នុងប្រទេស ក៏ដូចជាបន្តសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប ដែលនិន្នាការនេះក៏ស្របគ្នា នឹងការលើកឡើងរបស់លោក អានតូនីញូ ហ្វូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប ដោយបានសង្កត់ធ្ងន់ លើកិច្ចប្រតិបត្តិការសន្តិភាព និងសន្តិសុខក្នុងពិភពលោក។ លោកបានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពប្រគល់ភារកិច្ចដល់មជ្ឈមណ្ឌលជាតិ ទទួលយកការធ្វើជាម្ចាស់ផ្ទះគម្រោងត្រីភាគី ហ្វឹកហ្វឺនការប្រើប្រាស់វិស្វកម្មធន់ធ្ងន់ តាមគំនិតផ្តួចផ្តើមរបស់ជប៉ុននៅកម្ពុជា។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិ បានបញ្ជូនកម្លាំងមួកខៀវ សរុបចំនួន៦,២៧៨នាក់ ក្នុងនោះមាននារីចំនួន១៥នាក់ ទៅកាន់បេសកកម្មចំនួន១០ ក្នុងប្រទេសចំនួន៨ រួមមាន៖ ប្រទេសស៊ូដង, ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី និងអាហ្វ្រិកកណ្តាល ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណងផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ សុខាភិបាល កម្ទេចត្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕

បញ្ចេញយោបល់