លោក ទៀ បាញ់ ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន

ថ្ងៃអង្គារ ទី ២៣ កក្កដា ២០១៩​
5

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយ និងលោក នីស្សីដា យ៉ាស៊ូណូរិ (NISHIDA Yasunori) អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន។ ក្នុងឱកាសនោះ លោក ទៀ បាញ់ បានចាត់ទុកថា វត្តមានអនុរដ្ឋមន្ត្រីការពារជាតិជប៉ុននាពេលនេះ គឺពិតជាបានផ្តល់នូវភាពកក់ក្តៅដល់កម្ពុជា ពិសេសដល់កងកម្លាំងកងរក្សាសន្តិភាព ខ.ភ.ម ព្រមទាំងការពង្រឹងឲ្យកាន់តែល្អប្រសើរឡើងថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជា និងជប៉ុនតទៅអនាគត និងបន្តថែរក្សាសមិទ្ធផលទាំងឡាយបន្តទៅទៀត។

លោក ទៀ បាញ់ បានមានប្រសាសន៍ថា មុននេះកម្ពុជាធ្លាប់ទទួលកងកម្លាំងកងរក្សាសន្តិភាព អ.ស.ប មកជួយស្វែងរកសុខសន្តិភាពនៅកម្ពុជា តែបច្ចុប្បន្នកម្ពុជាបានបញ្ជូនកងកម្លាំងជាច្រើនទៅចូលរួមជាមួយ អ.ស.ប ដើម្បីជួយស្វែងរកសន្តិភាព នៅបណ្តាប្រទេសនានាវិញ។ កម្ពុជាធ្លាប់ឆ្លងនូវសង្គ្រាម ដូចនេះកម្ពុជាក៏ចង់បាន និងចង់ឃើញបណ្តាប្រទេសដែលមានជម្លោះដទៃទៀតមានសុខសន្តិភាពផងដែរ។ លោក បានថ្លែងអរគុណចំពោះប្រទេសជប៉ុន និងបណ្តាប្រទេសជាមិត្ត ដែលជួយឧបត្ថគាំទ្រជារៀងរហូតមកដល់ការស្វែងរកសុខសន្តិភាព ការកសាង និងអភិវឌ្ឍប្រទេសជាតិកម្ពុជា ពិសេសការជួយបណ្តុះបណ្តាលធនធានមនុស្សដល់ជួរ ខ.ភ.ម ក្នុងផ្នែកកងរក្សាសន្តិភាព។ លោកក៏បានស្នើសុំផងដែរ ដល់ភាគីជប៉ុន បន្តជួយគាំទ្រដល់កម្ពុជា និងខ.ភ.ម ជាបន្តទៀតនៅលើផ្នែកកងរក្សាសន្តិភាពនេះ។

លោក នីស្សីដា យ៉ាស៊ូណូរិ (NISHIDA Yasunori) បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក បានបញ្ជាក់ថា ជប៉ុន និងកម្ពុជា ជាប្រទេសមួយមានប្រវត្តិទំនាក់ទំនងមិត្តភាពដ៏ល្អនឹងគ្នា ពិសេសនៅក្នុងទស្សវត្ស៩០ ដែលជប៉ុនបានបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព អ.ស.ប នៅកម្ពុជា។ កន្លងមកនេះក្នុងវិស័យការពារជាតិ មានកិច្ចសហប្រតិបតិការល្អផងដែរ ក្នុងនោះដូចជាការចូលចតនាវាជប៉ុននៅកម្ពុជា ការផ្លាស់ប្តូរប្រតិភូ និងការបណ្តុះបណ្តាធនធានមនុស្ស។ លោកអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន បានបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនមានដៃគូជាត្រីកោណ រវាងជប៉ុន និង អ.ស.ប និងជាមួយបណ្តាប្រទេសអាស៊ាន នៅលើវិស័យកងរក្សាសន្តិភាព ហើយជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ និងកម្ពុជាតទៅទៀតនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ៕

បញ្ចេញយោបល់