ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៣ថ្មីទៀតសរុបទុនវិនិយោគជិត១៧លានដុល្លារអាមេរិក

ថ្ងៃអង្គារ ទី ២៣ កក្កដា ២០១៩​
12

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគបើករោងចក្រថ្មីចំនួន៣កន្លែង សរុបទុនវិនិយោគជិត១៧លានដុល្លារអាមេរិក។

នៅក្នុង Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះ គម្រោងវិនិយោគទាំង៣នោះរួមមាន៖
១៖ ក្រុមហ៊ុន KAI TUO ZHE (CAMBODIA) INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៦កន្លែង។

២៖ ក្រុមហ៊ុន JIANGSU HENGWEI TEXTILE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់ស្រោមពូក ស្រោមខ្នើយ ភួយ ស្រោមដៃ វាំងនន កម្រាលតុ កម្រាលជូតជើង សម្លៀកបំពាក់ផ្ទះបាយ កន្សែង និងសម្ភារៈក្មេងលេងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨៥០កន្លែង។

៣៖ ក្រុមហ៊ុន CHUAN LIH INTERNATIONAL CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសឹង្ហ ឃុំសឹង្ហ និងភូមិស្វាយ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៩៩កន្លែង៕

បញ្ចេញយោបល់