ពិធីដង្ហែរទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃចំនួន ២៤វត្ត មកពីស្រុករលាប្អៀរ

ថ្ងៃពុធ ទី ១៧ កក្កដា ២០១៩​
5

កំពង់ឆ្នាំង៖ ពិធីបុណ្យចូលព្រះវស្សានឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបាននាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៤វត្ត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីប្រគេនទេយ្យទាន និងទៀនព្រះវស្សាបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅវត្តព្រះឃ្លាំង ស្ថិតក្នុងភូមិចន្លោះរេន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកបណ្ឌិតបានមានប្រសាសន៍សំណេះសំណាលបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ការរៀបចំពិធីបុណ្យសាសនាមិនថា តែសាសនាព្រះពុទ្ធនោះទេ បានប្រព្រឹត្តទៅមានលក្ខណៈអធិបអធម និងសប្បាយជ្រះថ្លាជាទីបំផុត តាមជំនឿរបស់ប្រជាពលរដ្ឋរៀង​ៗ​ខ្លួន។

លោកបានមានប្រសាសន៍បន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនទន្ទឹមគ្នា។ វត្តអារាម ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹក សា​លា​រៀន មន្ទីរពេទ្យ សំណង់អគារតូចធំ បានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកជីវភាពប្រជាពលរដ្ឋបានប្រសើរឡើងជាលំដាប់ផងដែរ ៕

បញ្ចេញយោបល់