អាជ្ញាធរខេត្តស្វាយរៀង បាននឹងកំពុងចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺប៉េសជ្រូកអាហ្វ្រិក

ថ្ងៃអាទិត្យ ទី ១៤ កក្កដា ២០១៩​
5

ស្វាយរៀង : នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្រ្តីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០០,០០០ រៀល សម្រាប់ទិញថ្នាំការពារមេរោគ និងបានផ្សព្វផ្សាយ អប់រំដល់បងប្អូនប្រជាពលរដ្ឋបានគ្រប់គ្រួសារចំនួន៩ភូមិ ក្នុងរង្វង់៣គីឡូម៉ែត្រក្នុងរង្វង់ហ៊ុំព័ទ្ធនៃជម្ងឺប៉េស្តជ្រូកអាហ្វិ្រក ដោយបានបាញ់ថ្នាំសម្លាប់មេរោគបាន ១៧លើក និងបាន១០៦ទ្រុង ដើម្បីការពារមេរោគក្នុងឃុំក្រោលគោ ។

សូមបញ្ចាក់ថា បច្ចុប្បន្ននេះ ស្ថានភាពជ្រូកនៅភូមិឫស្សីជួរខាងត្បូង មានសភាពស្ងប់ស្ងាប់សត្វជ្រូកនៅក្នុងទ្រុងសរុប ២៧ ក្បាលងាប់ ( គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩) ។

អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ បានសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្មបន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការណ៍ទប់ស្កាត់តាមប្រកាសរបស់ក្រសួង និងសេចក្តីណែនាំរបស់ខេត្តស្វាយរៀង មកដល់ពេលនេះស្ថានភាពនៃការរីករាលដាលមានសភាពធូរស្រាល៕

ចែករំលែក

បញ្ចេញយោបល់